អ៊ីរ៉ង់ កំពុងពិនិត្យមើលទស្សនៈ របស់សហរដ្ឋអាមេរិក លើផែនការរយៈពេល ៧ ថ្ងៃដើម្បីបញ្ឈប់អរិភាព
តេអេរ៉ង់៖ យោងតាមទីភ្នាក់ងារព័ត៌មាន Fars ដែលជាស្ថាប័នពាក់កណ្តាលផ្លូវការអ៊ីរ៉ង់បានឱ្យដឹងថា មន្ត្រីការទូតជាន់ខ្ពស់របស់អ៊ីរ៉ង់ម្នាក់បានឧ្យដឹងថា បច្ចុប្បន្នអ៊ីរ៉ង់ កំពុងពិនិត្យមើលទស្សនៈរបស់សហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងសំណើរបស់ទីក្រុងតេអេរ៉ង់ដែលបានស្នើឡើងថ្មីៗនេះ ដើម្បីបញ្ឈប់អរិភាព និងបើកច្រកសមុទ្រហ័រមូស ឡើងវិញ។
លោក Kazem Gharibabadi អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ទទួលបន្ទុកកិច្ចការច្បាប់ និងអន្តរជាតិ បានថ្លែងបែបនេះនៅក្នុង ទីក្រុងតេអេរ៉ង់ ដោយបញ្ជាក់ថា សហរដ្ឋអាមេរិក បានដាក់ជូននូវទស្សនៈរបស់ខ្លួនលើសំណើរបស់អ៊ីរ៉ង់ តាមរយៈភាគីសម្របសម្រួល។
លោកបានសង្កត់ធ្ងន់ថា សំណើរបស់អ៊ីរ៉ង់ គឺជាផែនការរយៈពេល ៧ ថ្ងៃ ដែលត្រូវបានបង្ហាញដល់ភាគីម្ខាងទៀត ដោយរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi នៅទីក្រុងញូវយ៉ក កាលពីចុងខែមុន។
លោក Gharibabadi បានលេីកឡេីងថា “បច្ចុប្បន្ន ទស្សនៈរបស់សហរដ្ឋអាមេរិក កំពុងត្រូវបានពិនិត្យមើលនៅក្នុងប្រទេស តាមរយៈបណ្តាញសមស្របនានា” ហើយបានបន្ថែមថា នៅពេលដែលទស្សនៈចុងក្រោយរបស់អ៊ីរ៉ង់រួចរាល់ សកម្មភាពចាំបាច់នឹងត្រូវអនុវត្តតាមបណ្តាញសមស្របទាំងនោះ៕
ប្រែសម្រួល ឈូក បូរ៉ា
