លោក ដូណាល់ ត្រាំ ប្រកាសបង្កើតក្រុមការងារ សហព័ន្ធថ្មីមួយ ដើម្បីសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងលើវិស័យ AI
វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសបង្កើតក្រុមការងារសហព័ន្ធថ្មីមួយ ដើម្បីសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលលើវិស័យបញ្ញាសិប្បនិម្មិត (AI)។
លោក បានលើកឡើងនៅក្នុងការបង្ហោះលើបណ្តាញសង្គម Truth Social ថា ក្រុមការងារនេះដែលមានឈ្មោះថា “Super Intelligence Force” (កម្លាំងបញ្ញាដ៏អស្ចារ្យ) នឹងសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងរបស់សហព័ន្ធ ដើម្បីធានាថាសហរដ្ឋអាមេរិក បន្តឈានមុខគេលើពិភពលោកក្នុងវិស័យ AI។
យោងតាមការបង្ហោះនោះ ក្រុមការងារនេះក៏នឹងសម្របសម្រួលការចូលរួមរបស់រដ្ឋាភិបាលជាមួយអ្នកប្រើប្រាស់ ក្រុមដែលតំណាងឱ្យផលប្រយោជន៍សាធារណៈ អង្គការសាសនា អ្នកផ្តល់សេវាកម្មហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងក្រុមហ៊ុន AI ផងដែរ។
យោងតាមការបង្ហោះដដែលនេះ លោក Jay Clayton ដែលជានាយកផ្នែកស៊ើបការណ៍សម្ងាត់ជាតិ នឹងដឹកនាំក្រុមការងារនេះ។
លោក ត្រាំ ក៏បានតែងតាំងលោក Andrew Ferguson ប្រធានគណៈកម្មការសហព័ន្ធពាណិជ្ជកម្ម (FTC) លោក Emil Michael ប្រធានផ្នែកបច្ចេកវិទ្យានៃមន្ទីរបញ្ចកោណ និងលោក Scott Kupor នាយកការិយាល័យគ្រប់គ្រងបុគ្គលិក (OPM) ឱ្យចូលរួមក្នុងក្រុមដឹកនាំនេះផងដែរ ដោយក្រុមការងារនឹងត្រូវរាយការណ៍ជូនលោក ត្រាំ និងលោកស្រី Susie Wiles ដែលជាប្រធានបុគ្គលិកនៃសេតវិមាន។
ការប្រកាសនេះធ្វើឡើងបន្ទាប់ពីមានកិច្ចប្រជុំមួយនៅសេតវិមានកាលពីថ្ងៃអង្គារសប្ដាហ៍មុន រវាងលោក ត្រាំ និងថ្នាក់ដឹកនាំមកពីក្រុមហ៊ុន AI ធំៗ ដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ម័គ្រចិត្តមួយ ដើម្បីអំពាវនាវឱ្យមានការត្រួតពិនិត្យផ្ទៃក្នុង និងការវាយតម្លៃឱ្យកាន់តែតឹងរ៉ឹងលើគំរូ AI នានា៕
ប្រែសម្រួល ឈូក បូរ៉ា
