ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន ប្រឹងប្រែងស្វែងរកថវិកា ធ្វើសង្គ្រាម ខណៈការវាយប្រហាររបស់រុស្ស៊ី វាយកម្ទេចសេដ្ឋកិច្ចជាតិ យ៉ាងធ្ងន់ធ្ងរ

កៀវ៖ អ៊ុយក្រែនកំពុងប្រឈមមុខនឹងវិបត្តិថវិកាដ៏ធំបំផុត ចាប់តាំងពីរុស្ស៊ីបើកការឈ្លានពានទ្រង់ទ្រាយធំ ក្នុងឆ្នាំ២០២២ ស្របពេលដែលការវាយប្រហារ តាមអាកាសបានធ្វើឱ្យសេដ្ឋកិច្ចជាតិធ្លាក់ចុះយ៉ាងខ្លាំង និងបង្ខំឱ្យរដ្ឋាភិបាលប្រឹងប្រែងស្វែង រកប្រភពថវិកាដើម្បីបន្តប្រតិបត្តការរបស់ខ្លួន នេះបើតាមការចេញផ្សាយពី Reuters ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦។

ទីក្រុង Kryvyi Rih ដែលជាស្រុកកំណើតរបស់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskiy) កំពុងជួបការលំបាកយ៉ាងខ្លាំងក្នុងការតស៊ូរស់រានមានជីវិត។ ការវាយប្រហាររបស់រុស្ស៊ី បានធ្វើឱ្យរោងចក្រដែកថែប និងអណ្តូងរ៉ែដ៏ធំក្នុងទីក្រុងនេះត្រូវជាប់គាំងទាំងស្រុង ដែលទាញទម្លាក់សេដ្ឋកិច្ចក្នុងតំបន់ឱ្យលុតជង្គង់។

លោក Oleksandr Vilkul អាយុ ៥២ឆ្នាំ ដែលជាអភិបាលក្រុង និងជាអតីតថ្នាក់ដឹកនាំផ្នែករ៉ែ បានបញ្ជាក់ថា អាជ្ញាធរកំពុងខិតខំធ្វើគ្រប់យ៉ាងដើម្បីរក្សាមន្ទីរពេទ្យ សាលារៀន និងសេវាឡានក្រុងឱ្យនៅដំណើរការ។ លោកបានសង្កត់ធ្ងន់ថា៖ “ស្ថានភាពនៅ Kryvyi Rih គឺអាក្រក់ជាងកន្លែងណាៗទាំងអស់ លើកលែងតែនៅសមរភូមិជួរមុខផ្ទាល់ប៉ុណ្ណោះ… ពេលនេះគឺជាពេលវេលាដែលយើងត្រូវតស៊ូរស់រានមានជីវិត។”

ការជាប់គាំងនៃឧស្សាហកម្មដែកថែប និងការធ្លាក់ចុះសេដ្ឋកិច្ច កាលពីខែមុន រោងចក្រចម្រាញ់រ៉ែ និងផលិតដែកថែបដ៏ធំរបស់ក្រុមហ៊ុន ArcelorMittal ដែលជាកន្លែងផ្តល់ការងារធំបំផុតប្រចាំទីក្រុងដែលមានប្រជាជន ៦០ម៉ឺននាក់នេះ បានផ្អាកប្រតិបត្តិការ បន្ទាប់ពីរងការវាយប្រហារដោយមីស៊ីលបាលីស្ទិករុស្ស៊ីជាបន្តបន្ទាប់។
បញ្ហានេះបានឆ្លុះបញ្ចាំងពីទិដ្ឋភាពទូទៅនៃឧស្សាហកម្មដែកថែបរបស់អ៊ុយក្រែនទាំងមូល (ដែលធ្លាប់កាន់កាប់ ១ភាគ១០ នៃទិន្នផលសេដ្ឋកិច្ចជាតិមុនសង្គ្រាម)។

រោងចក្រធំៗនៅភាគអាគ្នេយ៍ទីក្រុង Zaporizhzhia និងទីក្រុងឧស្សាហកម្មផ្សេងៗទៀតកំពុងស្ងាត់ជ្រងំ រីឯការនាំចេញត្រូវបានផ្អាក។ ការកើនឡើងនៃការវាយប្រហារដោយ Drone និងមីស៊ីលរុស្ស៊ីនារដូវក្តៅនេះ បានបំផ្លាញរោងចក្រ ឃ្លាំង កំពង់ផែ ផ្លូវដែក និងបង្ខំឱ្យអាជីវកម្មនានាត្រូវបិទទ្វារ ដែលធ្វើឱ្យកំណើនសេដ្ឋកិច្ច និងចំណូលពន្ធធ្លាក់ចុះយ៉ាងគំហុក។
ស្របពេលដែលសង្គ្រាមកាន់តែប្រើប្រាស់បច្ចេកវិទ្យាទំនើប ការចំណាយរបស់អ៊ុយក្រែនក៏កាន់តែកើនឡើង។ កម្ចីបរទេសរាប់ពាន់លានអឺរ៉ូត្រូវបានពន្យារពេល ដោយសារអ៊ុយក្រែនមិនទាន់អាចអនុម័តច្បាប់កំណែទម្រង់ពន្ធ និងច្បាប់ប្រឆាំងអំពើពុករលួយ តាមការទាមទាររបស់សម្ព័ន្ធមិត្តលោកខាងលិច ដែលបន្សល់ទុកនូវចន្លោះប្រហោងដ៏ធំនៅក្នុងហិបថវិកាជាតិ។

ក្នុងឆ្នាំនេះ អ៊ុយក្រែនត្រូវការថវិកាចំនួន ៥៦ពាន់លានដុល្លារ ដើម្បីបំពេញចន្លោះប្រហោងនេះ (ស្មើនឹងប្រមាណ ១ភាគ៤ នៃទិន្នផលសេដ្ឋកិច្ចសរុប) ដោយក្នុងនោះ ២៧ពាន់លានដុល្លារ គឺជាការចំណាយលើវិស័យយោធា។ ដើម្បីដោះស្រាយបញ្ហានេះ មន្ត្រីអ៊ុយក្រែនបានជួបជាមួយដៃគូអឺរ៉ុបនៅទីក្រុងប្រ៊ុចសែលកាលពីសប្តាហ៍មុន ដើម្បីពិភាក្សាទាញយកកញ្ចប់ប្រាក់កម្ចីសហភាពអឺរ៉ុប (EU) ចំនួន ៩០ពាន់លានអឺរ៉ូ (១០១ពាន់លានដុល្លារ) ដែលគ្រោងសម្រាប់ឆ្នាំក្រោយ យកមកប្រើប្រាស់មុន។ គណៈកម្មការអឺរ៉ុប និងអ៊ុយក្រែនបានអះអាងថា ពួកគេបានរកឃើញប្រភពមូលនិធិដើម្បីបិទបញ្ចប់ភាពខ្វះខាតក្នុងឆ្នាំនេះហើយ។ ប៉ុន្តែប្រភពជិតស្និទ្ធនឹងការចរចាបានព្រមានថា ការទាញលុយមកប្រើមុននេះ នឹងបង្កើនសម្ពាធថវិកាកាន់តែខ្លាំងសម្រាប់ឆ្នាំក្រោយ ជាពិសេសនៅពេលដែលយុទ្ធនាការបោះឆ្នោតនៅប្រទេសសម្ព័ន្ធមិត្ត (ដូចជាបារាំង និងប៉ូឡូញ) អាចនឹងធ្វើឱ្យការគាំទ្រចំពោះទីក្រុងកៀវមានការធ្លាក់ចុះ។

លោកនាយករដ្ឋមន្ត្រី Sergii Koretskyi បានទទួលស្គាល់ថា ស្ថានភាពបច្ចុប្បន្នគឺពិតជា “មានបញ្ហាប្រឈមខ្លាំង”។ រដ្ឋាភិបាលត្រូវបានបង្ខំឱ្យបង្កកការចំណាយ ដែលមិនចាំបាច់នានា  រួមទាំងការកសាងឡើងវិញនូវអគារ និងហេដ្ឋារចនាសម្ព័ន្ធដែលខូចខាត ដើម្បីផ្តល់អាទិភាពជាចម្បងដល់ការចំណាយយោធា ប្រាក់ខែមន្ត្រីរាជការ និងប្រាក់សោធននិវត្តន៍ជំនួសវិញ ៕

ប្រែសម្រួល់៖​គីរី

To Top