ប្រាក់អឺរ៉ូ ធ្លាក់ចុះដល់កម្រិតទាបបំផុត ក្នុងរយៈពេល ១៧ខែ ដោយសារវិបត្តិបំណុលបារាំង ខណៈទីផ្សារភាគហ៊ុនអាស៊ីស្ទុះងើបឡើង
បរទេស៖ ទីផ្សារហិរញ្ញវត្ថុសកលកំពុងបង្ហាញរូបភាពចម្រុះ ដោយរូបិយប័ណ្ណអឺរ៉ូ បានរងសម្ពាធយ៉ាងធ្ងន់ធ្ងរ ខណៈដែលទីផ្សារភាគហ៊ុន នៅតំបន់អាស៊ីវិញបានស្ទុះងើបឡើងយ៉ាង គំហុកកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ នេះបើតាមការចេញផ្សាយពី Reuters ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦។
រូបិយប័ណ្ណអឺរ៉ូបានធ្លាក់ចុះរហូតដល់កម្រិតទាបបំផុតមិនធ្លាប់មានក្នុងរយៈពេល ១៧ខែចុងក្រោយនេះ។ ភាពទន់ខ្សោយនៃរូបិយប័ណ្ណរួមរបស់អឺរ៉ុបនេះ គឺបណ្តាលមកពីក្តីព្រួយបារម្ភកាន់តែខ្លាំងឡើងរបស់វិនិយោគិន ជុំវិញភាពដុនដាបនៃស្ថានភាពហិរញ្ញវត្ថុរបស់ប្រទេសបារាំង។ បន្ទុកបំណុលសាធារណៈដ៏ធ្ងន់ធ្ងរ រួមផ្សំជាមួយនឹងភាពមិនច្បាស់លាស់ នៃគោលនយោបាយសារពើពន្ធរបស់ប្រទេស ដែលមានទំហំសេដ្ឋកិច្ចធំ បំផុតទីពីរនៅក្នុង តំបន់ចាយប្រាក់អឺរ៉ូមួយនេះ បានធ្វើឱ្យទីផ្សារបាត់បង់ទំនុកចិត្តយ៉ាងខ្លាំង។ អ្នកវិភាគសេដ្ឋកិច្ចមើលឃើញថា បញ្ហារបស់បារាំង អាចនឹងជះឥទ្ធិពលអវិជ្ជមានដល់ស្ថិរភាពសេដ្ឋកិច្ចនៃតំបន់អឺរ៉ុបទាំងមូល។
កំណើនទីផ្សារភាគហ៊ុនអាស៊ី និងឥទ្ធិពលធនាគារកណ្តាលអាមេរិក (Fed)
ផ្ទុយពីស្ថានភាពតានតឹងនៅតំបន់អឺរ៉ុប ទីផ្សារភាគហ៊ុននៅតំបន់ អាស៊ីកាលពីថ្ងៃចន្ទ បានបង្ហាញសញ្ញាវិជ្ជមាន និងកើនឡើងយ៉ាងឆាប់រហ័ស។ កំណើននេះកើតឡើងបន្ទាប់ពីវិនិយោគិនបានកាត់បន្ថយការរំពឹងទុករបស់ពួកគេទាក់ទងនឹងការសម្រេចចិត្តរបស់ ធនាគារកណ្តាលអាមេរិក (Federal Reserve) ដោយជឿជាក់ថា Fed អាចនឹងមិនដំឡើងអត្រាការប្រាក់បន្ថែមទៀតនោះទេនៅក្នុងខែនេះ។
ជាទូទៅ ការផ្អាក ឬការថយចុះនៃលទ្ធភាពដំឡើងអត្រាការប្រាក់របស់សហរដ្ឋអាមេរិក តែងតែផ្តល់ផលចំណេញដល់ទីផ្សារអាស៊ី ដោយសារវាជួយកាត់បន្ថយសម្ពាធលើការ ប្រាក់កម្ចី ធ្វើឱ្យរូបិយប័ណ្ណក្នុងតំបន់មានដង្ហើមដក និងទាក់ទាញលំហូរទុនវិនិយោគបរទេស ឱ្យងាកមកកាន់ទីផ្សារកំពុងអភិវឌ្ឍន៍វិញ។
ជារួម ព្រឹត្តិការណ៍នេះបង្ហាញពីការប្រែប្រួលយ៉ាងរហ័ស នៃចរន្តមូលធនសកល ដែលវិនិយោគិនកំពុងបង្វែរ ទិសដៅពីតំបន់អឺរ៉ុបដែលកំពុងមានហានិភ័យ មកសម្លឹងមើលឱកាសចំណេញនៅតំបន់អាស៊ីវិញ ក្រោមឥទ្ធិពលនៃគោលនយោបាយរូបិយវត្ថុរបស់សហរដ្ឋអាមេរិក៕
ប្រែសម្រួល៖ គីរី
