ព័ត៌មានអន្តរជាតិ

កាសែត The Times រាយការណ៍ថា ព្រីតថេន ត្រៀមនឹងដំឡើងពន្ធលើ រថយន្តអគ្គិសនីរបស់ចិន

បរទេស៖ កាសែត The Times បានរាយការណ៍ កាលពីថ្ងៃអាទិត្យថា ព្រីតថេន (ចក្រភពអង់គ្លេស) កំពុងពិចារណាដំឡើង ពន្ធលើការនាំចូលរថយន្តអគ្គិសនី របស់ចិន ចំពេលមានការព្រួយបារម្ភថា ប្រទេសចិនកំពុងបញ្ជូនរថយន្ត ដែលទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋចូលមកក្នុង ទីផ្សារក្នុងបរិមាណដ៏ច្រើនលើសលប់។

យោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ថា របាយការណ៍នោះបានឱ្យដឹងថា រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក Jonathan Reynolds កំពុងរៀបចំផែនការដាក់ពន្ធលើការនាំចូលរថយន្តចិន ដោយលើកឡើងពីក្តីបារម្ភថា ក្រុមហ៊ុនផលិតរបស់ចិនកំពុងបញ្ជូនរថយន្តដែលទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋ ចូលមកក្នុងព្រីតថេនក្នុងតម្លៃទាបខុសប្រក្រតី ។

នៅពេលត្រូវបានសួរនាំអំពីបញ្ហានេះ អ្នកនាំពាក្យរដ្ឋាភិបាលព្រីតថេន (អង់គ្លេស) បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា មិនទាន់មានការដាក់ពន្ធណាមួយលើរថយន្តអគ្គិសនីរបស់ចិននៅឡើយទេ។

អ្នកនាំពាក្យរូបនោះបាននិយាយនៅក្នុងអ៊ីមែលមួយថា៖ «យើងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយវិស័យឧស្សាហកម្ម ដើម្បីធានាថា វិធីសាស្ត្ររបស់យើងឆ្លុះបញ្ចាំងពីផលប្រយោជន៍របស់វិស័យនេះ និងផលប្រយោជន៍ជាតិរបស់ព្រីតថេន»។

កាសែត The Times បានរាយការណ៍ថា រដ្ឋមន្ត្រីព្រីតថេនត្រៀមខ្លួនរួចជាស្រេចក្នុងការអនុវត្តអត្រាពន្ធ ៤៥% ដូចគ្នាទៅនឹងសហភាពអឺរ៉ុបលើរថយន្តអគ្គិសនីរបស់ចិន ដើម្បីបញ្ជៀសផលប៉ះពាល់ពីសំណើគោលនយោបាយ «ផលិតនៅអឺរ៉ុប» (Made in Europe) ដែលអាចជះឥទ្ធិពលដល់ក្រុមហ៊ុននៅព្រីតថេនដែលលក់ផលិតផលទៅកាន់សហភាពអឺរ៉ុប។

គោលនយោបាយ «ផលិតនៅអឺរ៉ុប» របស់សហភាពអឺរ៉ុបមានគោលបំណងកាត់បន្ថយការពឹងផ្អែកលើគ្រឿងបន្លាស់របស់ចិន ដោយផ្តល់អាទិភាពដល់ទំនិញដែលផលិតនៅអឺរ៉ុប។ គោលនយោបាយនេះបានបង្កឱ្យមានការព្រួយបារម្ភក្នុងចំណោមក្រុមហ៊ុនផលិតរថយន្តរបស់ព្រីតថេន ដែលផ្គត់ផ្គង់គ្រឿងបន្លាស់ទៅក្នុងខ្សែសង្វាក់ផលិតកម្មរបស់អឺរ៉ុប និងលក់រថយន្តនៅទូទាំងប្លុកនេះ។

To Top