ព័ត៌មានអន្តរជាតិ

រុស្ស៊ីប្តេជ្ញាបង្កើន ​ការវាយប្រហារ លើទីក្រុងគៀវ និងតំបន់ផ្សេងទៀត នៃប្រទេសអ៊ុយក្រែន ដើម្បីឆ្លើយតបទៅ នឹងបទសម្ភាសន៍ របស់ប្រធានាធិបតីអ៊ុយក្រែន ជាមួយ Reuters

បរទេស៖ ក្រសួងការពារជាតិរុស្ស៊ី បានប្រកាសកាលពីថ្ងៃអាទិត្យថា រុស្ស៊ីនឹងបង្កើនការវាយប្រហារលើទីក្រុងគៀវ និងតំបន់ផ្សេងទៀតនៃប្រទេសអ៊ុយក្រែន។ ការប្រកាសនេះធ្វើឡើងដើម្បីឆ្លើយតបទៅនឹងបទសម្ភាសន៍របស់ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy ដែលបានប្តេជ្ញាបង្កើនការវាយប្រហារលើរោងចក្រចម្រាញ់ប្រេងរបស់រុស្ស៊ី។

យោងតាមសារព័ត៌មាន Reuters ចេញផ្សាយកាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ថា ក្រសួងការពារជាតិរុស្ស៊ី បានបញ្ជាក់ថា កងកម្លាំងរុស្ស៊ីនឹងបង្កើនការវាយប្រហារលើមូលដ្ឋានយោធា ទីតាំងឧស្សាហកម្មការពារជាតិ និងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធនានា ទាំងនៅក្នុងទីក្រុងគៀវ និងតំបន់ផ្សេងទៀតនៃប្រទេសអ៊ុយក្រែន។

សូមជម្រាបថា លោក Zelenskiy បានប្រាប់ទីភ្នាក់ងារ ព័ត៌មាន Reuters នៅក្នុងបទសម្ភាសន៍មួយ ដែលបានចេញផ្សាយកាលពីថ្ងៃសៅរ៍ថា អ៊ុយក្រែននឹងបង្កើនការវាយប្រហារលើរោងចក្រចម្រាញ់ប្រេងរបស់រុស្ស៊ីជាខ្លាំង ដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្ត្រថ្មី នៃការវាយប្រហារតាមផ្លូវអាកាសរបស់ទីក្រុងមូស្គូ ដែលមានគោលបំណង បង្ខំឱ្យប្រជាជនចាកចេញពីទីក្រុងគៀវ និង ទីក្រុងផ្សេងទៀត ប៉ុន្តែអ៊ុយក្រែននឹងមិនកំណត់គោលដៅ វាយប្រហារលើជនស៊ីវិលឡើយ។

ថ្មីៗនេះ រុស្ស៊ីបានបង្កើនការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធនៅក្នុងរដ្ឋធានីរបស់អ៊ុយក្រែន រួមទាំងការវាយប្រហារលើស្ពានឆ្លងកាត់ទន្លេ Dnipro ផងដែរ។ យុទ្ធនាការវាយប្រហារដែលកាន់តែខ្លាំងក្លានេះ បានបង្កការរំខានយ៉ាងធ្ងន់ធ្ងរដល់ជីវភាពរស់នៅរបស់ប្រជាជនចំនួន ៣ លាននាក់នៅក្នុងរដ្ឋធានីនេះ នៅមុនពេលឈានចូលដល់ខែរដូវរងាដ៏ត្រជាក់ខ្លាំង។

ក្រសួងការពារជាតិរុស្ស៊ីបានលើកឡើងថា ការវាយប្រហារថ្មីៗរបស់ខ្លួនលើទីក្រុងគៀវ និងតំបន់ផ្សេងទៀតរបស់អ៊ុយក្រែន គឺជាការឆ្លើយតបទៅនឹងអ្វីដែលខ្លួនបានចាត់ទុកថាជាការវាយប្រហាររបស់អ៊ុយក្រែនលើគោលដៅស៊ីវិលនៅខាងក្នុងទឹកដីរុស្ស៊ី។
ប្រែសម្រួលៈ តុលា

To Top