ព័ត៌មានអន្តរជាតិ

ប្រមុខអង្គការសហប្រជាជាតិ​ អំពាវនាវឱ្យមានបទ ឈប់បាញ់ជាអចិន្ត្រៃយ៍​ នៅតំបន់ហ្គាហ្សា

អង្គការសហប្រជាជាតិ ៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានអំពាវនាវឱ្យមានបទឈប់បាញ់ជាអចិន្ត្រៃយ៍ នៅតំបន់ហ្គាហ្សា មុនខួប​៣ឆ្នាំនៃការវាយប្រហារកាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣។

លោក Guterres បានឧ្យដឹង នៅក្នុងសារមួយ​ ដើម្បីរំលឹកខួបលើកទី ៣ នេះថា ភាពភ័យរន្ធត់ នៃការវាយប្រហារ ទាំងនោះមិនត្រូវកើតឡើងម្តងទៀតឡើយ ហើយអរិភាព ដែលបន្តកើតមាននៅតំបន់ហ្គាហ្សា ត្រូវតែបញ្ចប់។

នៅថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ ក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាស់ បានវាយប្រហារលើប្រទេសអ៊ីស្រាអែល​ ចេញពីតំបន់ហ្គាហ្សា ដោយបានសម្លាប់មនុស្សប្រហែល ១,២០០ នាក់ និងចាប់មនុស្ស ២៥១ នាក់ធ្វើជាចំណាប់ខ្មាំង។ ប្រទេសអ៊ីស្រាអែលបានឆ្លើយតបវិញ ដោយការធ្វើសង្គ្រាមប្រឆាំងនឹងក្រុមហាម៉ាស់ នៅតំបន់ហ្គាហ្សា ដែលបានសម្លាប់ជនជាតិប៉ាឡេស្ទីន យ៉ាងហោចណាស់ ៧៤,០០០ នាក់។

ប្រមុខអង្គការសហប្រជាជាតិរូបនេះបានលេីកឡេីងថា «អរិភាពដ៏ធ្ងន់ធ្ងរដែលបានកើតឡើងបន្ទាប់ពីការវាយប្រហារនោះ បានបង្កឱ្យមានការឈឺចាប់យ៉ាងខ្លាំង​ ដែលមិនអាចពណ៌នាបានដល់ជនជាតិប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា រួមទាំងការបាត់បង់ជីវិតយ៉ាងច្រើន ការផ្លាស់ទីលំនៅ និងការបំផ្លិចបំផ្លាញ ។ ប្រជាជនស៊ីវិលនៅតែបន្តរស់នៅ ក្នុងស្ថានភាពដ៏លំបាកលំបាក ដែលមិនអាចទ្រាំទ្របាន។ ការឈឺចាប់របស់ពួកគេ ក៏ទាមទារឱ្យមានការ បញ្ចប់ជាបន្ទាន់ផងដែរ»។

លោកបានកត់សម្គាល់ថា បទឈប់បាញ់ ដែលសម្រេចបានកាលពីឆ្នាំមុន​ បាននាំមកនូវការធូរស្រាលខ្លះ ប៉ុន្តែវាមិនទាន់បានផ្តល់នូវសន្តិសុខ ជំនួយមនុស្សធម៌គ្រប់គ្រាន់ ឬផ្លូវដ៏គួរឱ្យជឿជាក់ឆ្ពោះទៅរកការស្តារឡើងវិញ និងសន្តិភាពនៅឡើយទេ៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top