អ៊ីរ៉ង់ ប្ដេជ្ញាការពារផលប្រយោជន៍ និង សន្ដិសុខជាតិរបស់ខ្លួន ដោយចោទអាមេរិកថា មានគោលបំណងផ្តួលរំលំរបប នៃសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់
តេអេរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian និងរដ្ឋមន្ត្រីការបរទេស លោក Seyed Abbas Araghchi បានជួបពិភាក្សាដាច់ដោយឡែកពីគ្នា ជាមួយរដ្ឋមន្ត្រីការបរទេសអាមេនី លោក Ararat Mirzoyan ដែលកំពុងបំពេញទស្សនកិច្ច នៅទីក្រុងតេអេរ៉ង់ ដោយអ្នកទាំងពីរបានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់អ៊ីរ៉ង់ ក្នុងការការពារផលប្រយោជន៍ជាតិ និងសន្តិសុខរបស់ខ្លួន។
យោងតាមសេចក្តីថ្លែងការណ៍មួយដែលបានចុះផ្សាយនៅលើគេហទំព័រនៃខុទ្ទកាល័យរបស់លោក លោក Pezeshkian បានឧ្យដឹងនៅក្នុងជំនួបជាមួយលោក Mirzoyan ថា «ការចរចា គឺគ្មានន័យអ្វីឡើយជាមួយសត្រូវ ដែលតែងតែប្រើប្រាស់សកម្មភាពដូចជា ការធ្វើឃាត ការដាក់ទណ្ឌកម្ម ការដាក់សម្ពាធ និងការគំរាមកំហែងជារៀងរាល់ថ្ងៃ ព្រមទាំងមិនគោរពតាមការសន្យារបស់ខ្លួន»។
លោកបានលេីកឡេីងថា «រហូតមកដល់ពេលនេះ សហរដ្ឋអាមេរិកបានវាយប្រហារមកលើពួកយើងចំនួនបីដងហើយ បន្ទាប់ពីមានការចរចាគ្នា ដែលនេះបង្ហាញថា ពួកគេមិនមែនស្វែងរកកិច្ចសន្ទនានោះទេ ប៉ុន្តែផ្ទុយទៅវិញ ពួកគេមានគោលបំណងផ្តួលរំលំរបបនៃសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់»។
លោកបានកត់សម្គាល់ថា ទីក្រុងវ៉ាស៊ីនតោនមិនបានផ្តល់ចម្លើយណាមួយ ចំពោះករណីសម្លាប់កុមារស្លូតត្រង់ចំនួន ១៦៨នាក់ នៅឯសាលារៀនមួយក្នុងទីក្រុង Minab ភាគខាងត្បូងប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃទី ២៨ ខែកុម្ភៈនោះទេ។ លោកបានបន្ថែមថា «គ្មានសកម្មភាព ឬឥរិយាបថណាមួយ របស់ពួកគេចំពោះអ៊ីរ៉ង់ ដែលស្របទៅនឹងច្បាប់ អន្តរជាតិនោះឡើយ»។
យោងតាមសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយក្រសួងការបរទេសអ៊ីរ៉ង់ លោក Araghchi បានឧ្យដឹងថា អ៊ីរ៉ង់នឹងការពារផលប្រយោជន៍ជាតិ និងសន្តិសុខរបស់ខ្លួន «យ៉ាងម៉ឺងម៉ាត់» ប៉ុន្តែមិនដែលស្ទាក់ស្ទើរ ក្នុងការប្រើប្រាស់មធ្យោបាយការទូត ដើម្បីទប់ស្កាត់ការកើនឡើងនៃភាពតានតឹងនោះទេ៕
ប្រែសម្រួល ឈូក បូរ៉ា
