ប៉ាគីស្ថាន និងតួកគី យល់ព្រមដាក់ពង្រាយកងកម្លាំង និងសមត្ថភាពយោធានៅអារ៉ាប៊ីសាអូឌីត ចំពេលមានការគំរាមកំហែង ពីក្រុមហ៊ូធី
បរទេស៖ ប្រទេសប៉ាគីស្ថាន និងតួកគី នឹង ផ្តល់កងកម្លាំង និងសមត្ថភាពយោធា ព្រមទាំងធានាឱ្យមានការដាក់ពង្រាយ កងកម្លាំងទាំងនោះយ៉ាងឆាប់រហ័សនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ស្របតាមការប្តេជ្ញាចិត្តរបស់ពួកគេក្រោម «សម្ព័ន្ធភាពការពារជាតិទីក្រុងមេកា» នេះបើតាមការប្រកាសរបស់ប្រទេសទាំងបី ខណៈដែលអារ៉ាប៊ីសាអូឌីត កំពុងប្រឈមមុខនឹងការវាយប្រហារកាន់តែខ្លាំងឡើងពីក្រុមហ៊ូធី របស់ប្រទេសយេម៉ែន។
សេចក្តីថ្លែងការណ៍រួមមួយដែលបានបង្ហោះនៅលើគណនីផ្លូវការរបស់ក្រសួងការពារជាតិអារ៉ាប៊ីសាអូឌីត នៅលើបណ្តាញសង្គម X បានឱ្យដឹងថា ការសម្រេចចិត្តនេះត្រូវបានប្រកាសឡើង បន្ទាប់ពីមានកិច្ចប្រជុំបន្ទាន់ មួយរបស់គណៈកម្មាធិការនយោបាយយុទ្ធសាស្ត្រ និងការពារជាតិ នៃសម្ព័ន្ធភាពទីក្រុងមេកា នៅរដ្ឋធានីរីយ៉ាដ ដើម្បីដោះស្រាយបញ្ហាគំរាមកំហែងផ្នែកសន្តិសុខ ដែលអារ៉ាប៊ីសាអូឌីតកំពុងជួបប្រទះ។
សេចក្តីថ្លែងការណ៍នោះ បានបញ្ជាក់ថា ប្រទេសទាំងបី បានថ្កោលទោសយ៉ាងខ្លាំងក្លាបំផុត ចំពោះការប៉ុនប៉ងវាយប្រហារ លើទីក្រុងមេកា និងទីក្រុងម៉ាឌីណា ក៏ដូចជាការវាយប្រហារជាបន្តបន្ទាប់ទៅលើទីក្រុងនានា និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងសេដ្ឋកិច្ចនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត។
សេចក្តីថ្លែងការណ៍បានបន្ថែមថា ប្រទេសទាំងនោះបានអះអាងថា សន្តិសុខរបស់ភាគីនីមួយៗគឺ ជាផ្នែកមួយដ៏សំខាន់ នៃសន្តិសុខរួមរបស់ប្រទេសទាំងបី ហើយបានកត់សម្គាល់ថា ការអនុវត្តកិច្ចព្រមព្រៀងការពារជាតិរួម នៃទីក្រុងមេកាឱ្យចេញជាលទ្ធផលជាក់ស្តែង នឹងជួយពង្រឹងសមត្ថភាពទប់ស្កាត់ការវាយប្រហារ ក៏ដូចជាការត្រៀមខ្លួន និងការធ្វើសមាហរណកម្ម ផ្នែកយោធាផងដែរ៕
ប្រែសម្រួល ឈូក បូរ៉ា
