ព័ត៌មានអន្តរជាតិ

រុស្ស៊ី​ ថ្កោលទោសកញ្ចប់វិធានការ ដាក់ទណ្ឌកម្មរបស់ជប៉ុនថា​ ជាសកម្មភាពខុសច្បាប់

មូស្គូ៖ រដ្ឋាភិបាលរុស្ស៊ី​ បានថ្កោលទោសកញ្ចប់វិធានការដាក់ទណ្ឌកម្មលើកទី ២៧ របស់ជប៉ុនថាជាសកម្មភាពខុសច្បាប់​ នេះបៀយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។

អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «រដ្ឋាភិបាលជប៉ុន​ នៅតែបន្តចាត់វិធានការ ដោយមិនគិតគូរឱ្យបានល្អិតល្អន់ ដែលបង្កឱ្យមានការធ្លាក់ចុះបន្ថែមទៀត នៃទំនាក់ទំនងដ៏តិចតួចដែល នៅសេសសល់រវាងប្រទេសជប៉ុន​ និងរុស្ស៊ី»។

កាលពីថ្ងៃទី ២ ខែតុលា ទីក្រុងតូក្យូ​ បានប្រកាសពីកញ្ចប់វិធានការលើកទី ២៧ ប្រឆាំងនឹងរុស្ស៊ី ដែលប៉ះពាល់ដល់ស្ថាប័ន ផ្លូវច្បាប់របស់រុស្ស៊ីចំនួន ៣៣ និងបុគ្គលចំនួន ៩ នាក់ ព្រមទាំងក្រុមហ៊ុនមួយចំនួននៅបរទេសផងដែរ។ លោកស្រី Zakharova បានកត់សម្គាល់ថា ជាលើកដំបូងហើយដែលការរឹតបន្តឹងទាំងនេះ គ្របដណ្តប់លើវិស័យដឹកជញ្ជូន តាមផ្លូវសមុទ្រ។

លោកស្រី Zakharova បានរិះគន់អាជ្ញាធរជប៉ុន​ ចំពោះការប៉ុនប៉ងផ្តល់ហេតុផលសម្រាប់វិធានការទាំងនេះ ដោយលើកឡើងពីស្ថានភាពបច្ចុប្បន្នជុំវិញ បញ្ហាអ៊ុយក្រែន​ និងការបង្ហាញវិធានការទាំងនោះថា ជាការរួមចំណែកដល់ដំណោះស្រាយដោយសន្តិវិធី។

លោកស្រីបានលេីកឡេីងថា «យើងមើលឃើញថា នេះគឺជាការបញ្ជាក់មួយទៀត អំពីកង្វះឯករាជ្យភាព នៃគោលនយោបាយការបរទេសរបស់ទីក្រុងតូក្យូ ដែលមិនត្រូវបានកំណត់ដោយផលប្រយោជន៍ជាតិឡើយ ប៉ុន្តែត្រូវបានកំណត់ដោយភាពសាមគ្គីភាពដ៏ប្រថុយប្រថានរបស់ជប៉ុន​ ជាមួយបណ្តាប្រទេស​ ដែលគេហៅថា​ មានទស្សនៈដូចគ្នានៅក្នុងតំបន់អឺរ៉ុប-អាត្លង់ទិក»៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top