ព័ត៌មានអន្តរជាតិ

តម្លៃប្រេងឥន្ធនៈនៅអាល្លឺម៉ង់​ បន្ដកើនឡើង ទោះបីមានការកាត់បន្ថយពន្ធ លើប្រេងឥន្ធនៈរបស់រដ្ឋាភិបាល

ប៊ែរឡាំង៖ ក្លឹបអ្នកបើកបររថយន្តអាល្លឺម៉ង់ (ADAC) បានរាយការណ៍អំពីការកើនឡើងជាថ្មី នៃតម្លៃប្រេងសាំង និងប្រេងម៉ាស៊ូត ត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ ពីរដ្ឋាភិបាលបានដាក់ចេញនូវវិធានការ កាត់បន្ថយពន្ធលើថាមពល ដើម្បីកាត់បន្ថយផលប៉ះពាល់នៃតម្លៃប្រេង សកលដ៏ខ្ពស់មកលើអ្នកបើកបរ។

យោងតាម ​​ADAC តម្លៃមធ្យមប្រចាំថ្ងៃនៅទូទាំងប្រទេស​ សម្រាប់ប្រេងសាំងប្រភេទ Super E10 បានកើនឡើងដល់ ២,១៤ អឺរ៉ូ (២,៣៩ ដុល្លារអាមេរិក) ក្នុងមួយលីត្រនៅថ្ងៃអាទិត្យ ដែលកើនឡើង ២,៣ សេនអឺរ៉ូ ឬ២,៦ សេនអាមេរិក​ បើធៀបនឹងថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន​ ចំណែកតម្លៃប្រេងម៉ាស៊ូតបានកើនឡើង ០,៩ សេនអឺរ៉ូ (១,០ សេនអាមេរិក) ដល់ ២,២៥ អឺរ៉ូ (២,៥២ ដុល្លារ) ក្នុងមួយលីត្រ។

ដើម្បីជួយសម្រាលបន្ទុកដល់អ្នកប្រើប្រាស់ពីការកើនឡើងថ្លៃប្រេងឥន្ធនៈចំពេលមានសង្គ្រាមនៅអ៊ីរ៉ង់ រដ្ឋាភិបាលអាល្លឺម៉ង់​ បានដាក់ចេញនូវការកាត់បន្ថយពន្ធលើថាមពលសម្រាប់ប្រេងសាំង និងប្រេងម៉ាស៊ូតរយៈពេល ៣ ខែ ចាប់ពីថ្ងៃទី ១ ខែតុលា ដោយកាត់បន្ថយបន្ទុកពន្ធប្រហែល ១៧ សេនអឺរ៉ូ (១៩ សេនអាមេរិក) ក្នុងមួយលីត្រ រួមទាំងពន្ធលើតម្លៃបន្ថែម (VAT) ផងដែរ។

រដ្ឋាភិបាលបានឱ្យដឹងថា វិធានការនេះត្រូវបានគេរំពឹងថានឹងជួយសម្រាលបន្ទុកហិរញ្ញវត្ថុដល់គ្រួសារ និងអាជីវកម្មនានាបានប្រហែល ២,៥ ពាន់លានអឺរ៉ូ (២,៨ ពាន់លានដុល្លារ)។

ដំបូងឡើយ ការកាត់បន្ថយពន្ធនេះបានធ្វើឱ្យតម្លៃប្រេងឥន្ធនៈធ្លាក់ចុះយ៉ាងខ្លាំង។ ប្រេងសាំងប្រភេទ E10 មានលក់ក្នុងតម្លៃក្រោម ២ អឺរ៉ូ (២,២៤ ដុល្លារ) ក្នុងមួយលីត្រនៅស្ថានីយប្រេងជាច្រើនភ្លាមៗ​ បន្ទាប់ពីការកាត់បន្ថយពន្ធចូលជាធរមាន ដោយតម្លៃបានធ្លាក់ចុះប្រហែល ១៤,៥ សេនអឺរ៉ូ (១៦ សេនអាមេរិក) ក្នុងមួយលីត្រនៅថ្ងៃដំបូង។ យោងតាមទិន្នន័យរបស់ ADAC តម្លៃប្រេងម៉ាស៊ូត​ បានធ្លាក់ចុះប្រហែល ១៥,២ សេនអឺរ៉ូ (១៧ សេនអាមេរិក)៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top