ប្រធានទីភ្នាក់ងារស៊ើបការណ៍ សម្ងាត់របស់អាល្លឺម៉ង់ថា ប្រទេសអាល្លឺម៉ង់កំពុងប្រឈមនឹងលទ្ធភាពនៃ «ជម្លោះហិង្សា» ជាមួយរុស្ស៊ី
បរទេស៖ ប្រធានទីភ្នាក់ងារ ស៊ើបការណ៍សម្ងាត់ក្រៅប្រទេសរបស់អាល្លឺម៉ង់បានព្រមានថា ប្រទេសអាល្លឺម៉ង់ គឺអាចនឹង «ធ្លាក់ចូលទៅក្នុងជម្លោះដ៏ ហិង្សាជាមួយរុស្ស៊ី» ដោយអះអាងថា ហេតុការណ៍ទាក់ទងនឹងយន្តហោះគ្មានមនុស្សបើក (drone) ដ៏អាថ៌កំបាំងមួយនៅឯព្រលានយន្តហោះ Leipzig គឺជាឧទាហរណ៍មួយនៃហានិភ័យ «ពិតប្រាកដ និងអាចកើតឡើងក្នុងពេលឆាប់ៗ» ដែលបង្កឡើងដោយទីក្រុងម៉ូស្គូ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ថា ថ្លែងទៅកាន់សមាជិកសភាក្នុងកិច្ចប្រជុំសភាកាលពីថ្ងៃចន្ទ លោក Martin Jaeger ប្រធានទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាល្លឺម៉ង់ (BND) បានប្រកាសថា «ការប្រឈមមុខដាក់គ្នាដែលយើងកំពុងជួបប្រទះជាមួយរុស្ស៊ី បានឈានចូលដល់កម្រិតថ្មីមួយដែលមានគ្រោះថ្នាក់ជាងមុន»។
លោកបានបន្តថា «អាល្លឺម៉ង់កំពុង ប្រឈមនឹងហានិភ័យនៃការធ្លាក់ចូលទៅក្នុងជម្លោះដ៏ហិង្សាជាមួយរុស្ស៊ី ហើយការប៉ុនប៉ងវាយប្រហារ នៅព្រលានយន្តហោះ Leipzig គ្រាន់តែជាឧទាហរណ៍មួយប៉ុណ្ណោះ»។ លោកសំដៅលើការរកឃើញយន្តហោះ គ្មានមនុស្សបើកមួយគ្រឿងដែលផ្ទុកគ្រឿងផ្ទុះ នៅក្បែរយន្តហោះដឹកជញ្ជូនរបស់អ៊ុយក្រែនមួយគ្រឿង នៅឯព្រលានយន្តហោះនៃទីក្រុងនោះ កាលពីខែសីហា។

អាជ្ញាធរអាល្លឺម៉ង់ មិនទាន់បានបញ្ចេញភស្តុតាងណាមួយដែលភ្ជាប់ហេតុការណ៍នេះទៅនឹងរុស្ស៊ីនៅឡើយទេ ខណៈដែលទីក្រុងម៉ូស្គូ បានពណ៌នាហេតុការណ៍នេះថាជា «ការបង្កហេតុដែលរៀបចំឡើងយ៉ាងប្រញាប់ប្រញាល់» ដែលបម្រើ «តែគោលបំណងរបស់ទីក្រុងគៀវ និងក្រុមអ្នកនយោបាយអឺរ៉ុបដែលមាននិន្នាការយោធានិយមប៉ុណ្ណោះ»។
លោក Dmitry Peskov អ្នកនាំពាក្យវិមានក្រឹមឡាំង បាននិយាយកាលពីខែមុនថា៖ «វាច្បាស់ណាស់ថា អាល្លឺម៉ង់កំពុងបន្តជំរុញឱ្យស្ថានការណ៍កាន់តែតានតឹងឡើងថែមទៀត»។
ប្រែសម្រួលៈ តុលា
