ព័ត៌មានអន្តរជាតិ

ក្រុមប្រឹក្សាសិទ្ធិមនុស្សអ.ស.ប ថ្កោលទោស ការវាយប្រហារលើ ជនស៊ីវិលនៅស៊ូដង់ និងអំពាវនាវឱ្យមានបទឈប់បាញ់

បរទេស ៖ ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (UNHRC) បានថ្កោលទោសចំពោះការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើក (Drone) និងការវាយប្រហារផ្សេងៗទៀត ទៅលើជនស៊ីវិលនៅក្នុងប្រទេសស៊ូដង់ ព្រមទាំងបានព្រមានដល់ភាគីជម្លោះថា «មិនមានដំណោះស្រាយយោធា ណាមួយចំពោះវិបត្តិ» នៅក្នុងប្រទេសនេះឡើយ នេះបើតាមការចេញផ្សាយពីសារព័ត៌មាន Aljazeera ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦។

សេចក្តីថ្លែងការណ៍កាលពីថ្ងៃចន្ទនេះ ធ្វើឡើងស្របពេលដែលកម្មវិធីស្បៀងអាហារពិភពលោក (WFP) បានឱ្យដឹងថា មានការវាយប្រហារតាមអាកាសមួយបានធ្លាក់ចំរថយន្តដឹកស្បៀងអាហារមួយគ្រឿងនៅតំបន់ North Kordofan ដែលបណ្តាលឱ្យមនុស្សម្នាក់ស្លាប់។

នៅទីក្រុងហ្សឺណែវ ក្រុមប្រឹក្សាដែលមានសមាជិកចំនួន ៤៧ប្រទេសនេះ បានអនុម័តសេចក្តីសម្រេចមួយ ដើម្បីបន្តអាណត្តិរបស់បេសកកម្មស្វែងរកការពិតអន្តរជាតិឯករាជ្យរបស់ខ្លួនសម្រាប់ប្រទេសស៊ូដង់ តាមរយៈការបោះឆ្នោតគាំទ្រ ២៨ ទល់នឹង ១០ និងមាន ៩ប្រទេសអនុប្បវាទ។

ប្រទេសស៊ូដង់បានជំរុញឱ្យរដ្ឋជាសមាជិកច្រានចោលចំណាត់ការនេះ ដោយអះអាងថា ក្រុមប្រឹក្សាមិនបានពិចារណាលើក្តីកង្វល់របស់ខ្លួននោះទេ។

សង្គ្រាមរវាងកងទ័ពស៊ូដង់ និងកងកម្លាំងគាំទ្ររហ័ស (RSF) ដែលបានចាប់ផ្តើមតាំងពីខែមេសា ឆ្នាំ២០២៣ មក បានសម្លាប់មនុស្សរាប់ម៉ឺននាក់ និងបណ្តាលឱ្យមនុស្សជាង ១៣លាននាក់ត្រូវបង្ខំចិត្តជម្លៀសចេញពីលំនៅឋាន នេះបើយោងតាមការប៉ាន់ប្រមាណដែលដកស្រង់ដោយក្រុមសិទ្ធិមនុស្ស។

សេចក្តីសម្រេចនេះបានទាមទារឱ្យមាន «បទឈប់បាញ់បន្ទាន់ និងពេញលេញដោយភាគីទាំងអស់ ដោយគ្មានលក្ខខណ្ឌជាមុន» ព្រមទាំងទាមទារឱ្យមានយន្តការត្រួតពិនិត្យឯករាជ្យ និងការស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន។

សេចក្តីសម្រេចដដែលនេះ ក៏បានថ្កោលទោសយ៉ាងខ្លាំងចំពោះការរំលោភបំពានច្បាប់មនុស្សធម៌អន្តរជាតិយ៉ាងទូលំទូលាយពីសំណាក់កងយោធាស៊ូដង់ និងកងកម្លាំង RSF ដោយលើកឡើងពី «ការវាយប្រហារដោយមិនរើសមុខលើជនស៊ីវិល» និង «ការទម្លាក់គ្រាប់បែកតាមអាកាស ព្រមទាំងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក ដែលបណ្តាលឱ្យជនស៊ីវិលបាត់បង់ជីវិត និងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ» រួមទាំងសាលារៀន និងមន្ទីរពេទ្យផងដែរ។

ភាគីទាំងពីរបានបង្កើនការប្រើប្រាស់យន្តហោះគ្មានមនុស្សបើក (Drone) យ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។ ទិន្នន័យរបស់អង្គការសហប្រជាជាតិបានបង្ហាញថា ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក បានសម្លាប់មនុស្សជាង ១.១០០នាក់ ត្រឹមតែក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំនេះប៉ុណ្ណោះ។

បេសកកម្មស្វែងរកការពិត ដែលប្រមូលភស្តុតាងនៃការរំលោភបំពានដោយភាគីទាំងពីរ បានសន្និដ្ឋានកាលពីខែកុម្ភៈថា ការឡោមព័ទ្ធ និងការវាយដណ្តើមយកទីក្រុង el-Fasher ដែលជារដ្ឋធានីនៃតំបន់ North Darfur ពីសំណាក់កងកម្លាំង RSF គឺមាន «លក្ខណៈនៃការប្រល័យពូជសាសន៍»។

ក្រុមអ្នកស៊ើបអង្កេតបានរកឃើញថា ក្នុងនាមជាទីតាំងរឹងមាំយោធាចុងក្រោយគេនៅតំបន់ Darfur ដែលត្រូវដួលរលំបន្ទាប់ពីការឡោមព័ទ្ធអស់រយៈពេលជាច្រើនខែ ទីក្រុង el-Fasher បានរងនូវការផ្តាច់ស្បៀងអាហារ និងថ្នាំសង្កូវពីជនស៊ីវិលជាប្រព័ន្ធ មុនពេលប្រឈមមុខនឹងការសម្លាប់រង្គាលក្រៅប្រព័ន្ធតុលាការ។

ពួកគេបានកត់ត្រាពីការសម្លាប់ជនជាតិភាគតិច ដែលផ្តោតជាចម្បងលើក្រុមដែលមិនមែនជាជនជាតិអារ៉ាប់ ការប្រើប្រាស់អំពើហិង្សាផ្លូវភេទយ៉ាងទូលំទូលាយ និងការបំផ្លិចបំផ្លាញទីតាំងផ្តល់សេវាពេទ្យជាដើម។

ដោយឡែក ទីភ្នាក់ងារ WFP បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍មួយថា ការវាយប្រហារតាមអាកាសដែលបានធ្លាក់ចំក្បួនរថយន្តរបស់ខ្លួន ដែលធ្វើដំណើរចន្លោះទីក្រុង Dilling និង Kadugli ក្នុងតំបន់ South Kordofan បានសម្លាប់អ្នកបើកបរម្នាក់ និងបំផ្លាញស្បៀងអាហារសង្គ្រោះជីវិតអស់ជាច្រើន។

ទីភ្នាក់ងារនេះបានសង្កត់ធ្ងន់ថា រថយន្តទាំងនោះត្រូវបានបិទសញ្ញាសម្គាល់ឡូហ្គោមនុស្សធម៌ផ្លូវការយ៉ាងច្បាស់លាស់។ WFP បានឱ្យដឹងទៀតថា ការវាយប្រហារនេះបានកើតឡើងកាលពីថ្ងៃសៅរ៍ ហើយធ្វើឡើងត្រឹមតែ ២៤ម៉ោងប៉ុណ្ណោះ បន្ទាប់ពីរថយន្តមួយគ្រឿងទៀតរបស់ខ្លួន បានបើកកិនគ្រាប់មីនផ្ទុះនៅទីក្រុង Dilling ក្រោយពីបានបញ្ចប់ប្រតិបត្តិការចែកចាយស្បៀងអាហារ។

ទីភ្នាក់ងារ WFP បានគូសបញ្ជាក់ថា៖ «បុគ្គលិកមនុស្សធម៌ និងទ្រព្យសម្បត្តិជំនួយសង្គ្រោះ មិនមែនជាគោលដៅនៃការវាយប្រហារនោះទេ» ព្រមទាំងបានទាមទារឱ្យមានការស៊ើបអង្កេតប្រកបដោយតម្លាភាព ដើម្បីនាំយកជនល្មើសមកផ្តន្ទាទោសស្របតាមច្បាប់អន្តរជាតិ។

ប្រែសម្រួល៖ គីរី

To Top