កងកម្លាំងយេម៉ែន គាំទ្រដោយអារ៉ាប៊ីសាអូឌីត បណ្តេញក្រុមឧទ្ទាមហួធី ចេញពីតំបន់មួយចំនួន នៅក្បែរច្រកសមុទ្រយុទ្ធសាស្ត្រ
បរទេស៖ មន្ត្រីយេម៉ែនបាននិយាយកាលពីថ្ងៃចន្ទថា កងកម្លាំងចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីត ដែលកំពុងប្រយុទ្ធគ្នានៅក្នុងប្រទេសយេម៉ែន បានវាយដណ្តើមយកមកវិញនូវតំបន់សំខាន់ៗមួយចំនួននៅជុំវិញច្រកសមុទ្រយុទ្ធសាស្ត្រ Bab el-Mandeb ពីក្រុមឧទ្ទាមហួធី (Houthi) ដែលគាំទ្រដោយអ៊ីរ៉ង់ ខណៈដែលក្រុមហួធីបានអះអាង ពីការវាយប្រហារលើរោងចក្រចម្រាញ់ប្រេង អាកាសយានដ្ឋាន និងមូលដ្ឋានយោធា របស់អារ៉ាប៊ីសាអូឌីត ស្របពេលដែលការប្រយុទ្ធគ្នាបានកើនកម្តៅនៅតំបន់ឆ្នេរភាគខាងលិចរបស់យេម៉ែន នេះបើតាមការចេញផ្សាយពីសារព័ត៌មាន AP ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦។
មន្ត្រីយេម៉ែនបានឱ្យដឹងថា កងកម្លាំងជាសម្ព័ន្ធមិត្តជាមួយរដ្ឋាភិបាលដែលទទួលស្គាល់ដោយអន្តរជាតិ បានវាយដណ្តើមយកទីក្រុង Dhubab ដ៏សំខាន់ ដែលស្ថិតនៅភាគខាងជើងនៃច្រកសមុទ្រនេះ ដែលជាផ្លូវនាវាចរណ៍ដ៏សំខាន់តភ្ជាប់សមុទ្រក្រហម ទៅនឹងឈូងសមុទ្រអាដែន (Gulf of Aden)។
ពួកគេក៏បានវាយកាន់កាប់ទីក្រុង Bab និង Hadeid ផងដែរ នេះបើតាមសម្តីរបស់មន្ត្រី ដែលថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ដោយសារតែពួកគេមិនត្រូវបានអនុញ្ញាតឱ្យនិយាយជាមួយអ្នកសារព័ត៌មាន។ សាក្សីបាននិយាយថា ពួកគេបានឃើញរថក្រោះ និងកងកម្លាំងរដ្ឋាភិបាលចូលទៅក្នុងទីក្រុងទាំងនោះ។
ការវាយសម្រុករបស់រដ្ឋាភិបាលនេះ គឺជាផ្នែកមួយនៃការវាយលុកទ្រង់ទ្រាយធំ ដែលបានចាប់ផ្តើមនៅព្រឹកថ្ងៃចន្ទ ក្រោមការគាំទ្រពីដែនអាកាសដោយកងកម្លាំងយោធាចម្រុះអារ៉ាប៊ីសាអូឌីត។ ឧត្តមសេនីយ៍ត្រី Yahya Saree អ្នកនាំពាក្យយោធារបស់ក្រុមហួធី បានអះអាងនៅក្នុងសេចក្តីថ្លែងការណ៍ដែលបានថតទុកជាមុនថា ក្រុមឧទ្ទាមបានប្រើប្រាស់មីស៊ីលផ្លោង (ballistic missiles) មីស៊ីលគ្រូស (cruise missiles) និងយន្តហោះគ្មានមនុស្សបើក (drones) ក្នុងការវាយប្រហារតម្រង់គោលដៅលើអាកាសយានដ្ឋានអន្តរជាតិ King Khalid ក្នុងរដ្ឋធានីរីយ៉ាដ (Riyadh) របស់អារ៉ាប៊ីសាអូឌីត និងរោងចក្រចម្រាញ់ប្រេងមួយនៅទីក្រុង Rabigh ជាប់សមុទ្រក្រហម។
លោកបានអះអាងទៀតថា ទីតាំងដែលរងការវាយប្រហារផងដែរនោះ រួមមានអាកាសយានដ្ឋាន Abha ទីតាំងយោធានៅ Khamis Mushait និង «ទីតាំងសំខាន់ៗ» ផ្សេងទៀតនៅក្នុងទីក្រុង Najran និងទីក្រុង Jizan។ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Marco Rubio បានប្រាប់អ្នកសារព័ត៌មានថា វាជារឿងដែលត្រូវបានរំពឹងទុកថា រដ្ឋាភិបាលគាំទ្រដោយអារ៉ាប៊ីសាអូឌីត នឹងវាយបកទៅលើក្រុមឧទ្ទាមវិញ ដើម្បីដណ្តើមយកទឹកដីមកវិញ។ នៅពេលត្រូវបានសួរថា តើកងកម្លាំងចម្រុះមានការសម្របសម្រួលសកម្មភាពជាមួយសហរដ្ឋអាមេរិកដែរឬទេ លោក Rubio បានបញ្ជាក់ថា អារ៉ាប៊ីសាអូឌីត និងសហរដ្ឋអាមេរិកមានកិច្ចព្រមព្រៀងការពារជាតិ ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមនោះទេ។ ដោយសារតែរដ្ឋាភិបាលយេម៉ែនត្រូវបានបណ្តេញចេញពីទឹកដីមួយចំនួនរបស់ខ្លួនដោយក្រុមហួធី ហើយអារ៉ាប៊ីសាអូឌីតបានរងការវាយប្រហារ លោក Rubio បានមានប្រសាសន៍ថា៖ «ពួកគេមានសិទ្ធិការពារខ្លួន»។
យោងតាមមន្ត្រីតំបន់ និងមន្ត្រីអាមេរិកម្នាក់ដែលថ្លែង ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ដោយសារតែពួកគេមិន ត្រូវបានអនុញ្ញាតឱ្យនិយាយជាមួយ អ្នកសារព័ត៌មាន បានឱ្យដឹងថា សហរដ្ឋអាមេរិកបានផ្តល់ការគាំទ្រដល់អារ៉ាប៊ីសាអូឌីត នៅក្នុងយុទ្ធនាការដែលកំពុងបន្តប្រឆាំងនឹងក្រុមហួធី។ ការគាំទ្រទាំងនេះរួមមាន ការចែករំលែកព័ត៌មានសម្ងាត់ ការកំណត់អត្តសញ្ញាណគោលដៅ និងការរៀបចំផែនការសម្រាប់ការវាយលុក នេះបើតាមការបញ្ជាក់របស់មន្ត្រីខាងលើ។
ប្រែសម្រួល៖ គីរី
