Update: លោក ត្រាំ ថ្លែងថា យន្តហោះទម្លាក់គ្រាប់បែក របស់សហរដ្ឋអាមេរិក ត្រូវបានផ្លាស់ប្តូរទីតាំងចេញពីព្រីតថេន គឺដោយសារតែមានការគំរាមកំហែង
បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានថ្លែងកាលពីថ្ងៃចន្ទថា ការគំរាមកំហែងមួយដែលពាក់ព័ន្ធនឹងប្រទេសអ៊ីរ៉ង់ បានជំរុញឱ្យមានការផ្លាស់ប្តូរទីតាំងយន្តហោះទម្លាក់គ្រាប់បែក B-1 របស់អាមេរិក ចេញពីមូលដ្ឋានទ័ពអាកាសមួយរបស់ព្រីតថេន (ចក្រភពអង់គ្លេស)។
យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ថា យន្តហោះទាំងនោះធ្លាប់ត្រូវបានដាក់ពង្រាយនៅមូលដ្ឋាន RAF Fairford ដែលជាមូលដ្ឋាននៅអឺរ៉ុប សម្រាប់យន្តហោះទម្លាក់គ្រាប់បែករបស់អាមេរិក ហើយថ្មីៗនេះត្រូវបានប្រើប្រាស់ ក្នុងប្រតិបត្តិការវាយប្រហារ របស់អាមេរិកទៅលើប្រទេសអ៊ីរ៉ង់។ កាលពីសប្តាហ៍មុន បុរសជនជាតិអង់គ្លេសចំនួន ៥ នាក់ត្រូវបានចាប់ខ្លួន នៅក្បែរមូលដ្ឋាននោះ ដែលកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ ធ្លាប់បានអះអាងថា ជាគោលដៅវាយប្រហារដ៏ត្រឹមត្រូវមួយ ដោយសារការសង្ស័យថា ពួកគេកំពុងរៀបចំផែនការ វាយប្រហារភេរវកម្ម។

លោក ត្រាំ បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃចន្ទថា «យើងទទួលបានព័ត៌មានថាអាចមានការគំរាមកំហែង ហើយហេតុអ្វីបានជាខ្ញុំត្រូវទុក យន្តហោះទាំងនោះ នៅទីនោះ? ការផ្លាស់ប្តូរទីតាំងយន្តហោះចំណាយប្រាក់តិចតួចប៉ុណ្ណោះ។ ដូច្នេះ នៅពេលមានការគំរាមកំហែង ហើយប្រសិនបើយើងប្រឈមនឹងការគំរាមកំហែងនោះ យើងគ្រាន់តែផ្លាស់ប្តូរទីតាំងយន្តហោះចេញ ដែលវាជួយកាត់បន្ថយហានិភ័យបាន ហើយតាមពិតទៅ យើងដឹងថាអ្នកណាជាអ្នកធ្វើការគំរាមកំហែងនោះ»។
នៅពេលត្រូវបានសួរថាតើពួកគេមានទំនាក់ទំនងជាមួយអ៊ីរ៉ង់ដែរឬទេ លោក ត្រាំ បានឆ្លើយតបថា៖ «ពួកគេពិតជាមានទំនាក់ទំនងជាមួយអ៊ីរ៉ង់»។
មុននេះនៅថ្ងៃដដែលនោះ អនុប្រធានាធិបតីអាមេរិក គឺលោក JD Vance បានថ្លែងថា អាមេរិកបានផ្លាស់ប្តូរទីតាំងយន្តហោះទម្លាក់គ្រាប់បែកទាំងនោះចេញ ដោយសារតែការប្រុងប្រយ័ត្នខ្ពស់បំផុត។
ប្រែសម្រួលៈ តុលា
