ចិនព្រមានបារាំង និងអាល្លឺម៉ង់ ជុំវិញការប្រើប្រាស់វិធានការ “គាំពារនិយម” ក្នុងវិស័យពាណិជ្ជកម្ម
បរទេស៖ ប្រទេសចិនបានចេញមុខព្រមានប្រទេសបារាំង និងអាល្លឺម៉ង់ ប្រឆាំងនឹងការប្រើប្រាស់ឧបករណ៍ ឬវិធានការពាណិជ្ជកម្ម ដែលមានលក្ខណៈ “គាំពារនិយម (Protectionist)” ចំពេលមានភាពតានតឹង ផ្នែកពាណិជ្ជកម្មកើនឡើងរវាងចិន និងសហភាពអឺរ៉ុប (EU) នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន CNA ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦។
ក្រសួងពាណិជ្ជកម្មចិនបានចេញ សេចក្តីថ្លែងការណ៍មួយដោយបញ្ជាក់ថា៖ “យើងសង្ឃឹមថា បារាំង និងអាល្លឺម៉ង់ ក្នុងនាមជាមហាអំណាចសេដ្ឋកិច្ចធំៗក្នុងពិភពលោក នឹងបន្តគាំទ្រភាពបើកចំហ កិច្ចសហប្រតិបត្តិការ និងពាណិជ្ជកម្មសេរី”។

ទន្ទឹមនឹងការអំពាវនាវនេះ ក្រសួងពាណិជ្ជកម្មចិន ក៏បានព្រមានយ៉ាងច្បាស់ៗថា ប្រទេសទាំងពីរ “គួរតែជៀសវាងការដើរ ខុសផ្លូវ និងប្រើប្រាស់វិធីសាស្ត្រខុសឆ្គង ដែលទីបំផុតនឹងធ្វើឱ្យពួកគេរងនូវផលវិបាកដោយខ្លួនឯង”។
ការព្រមាននេះធ្វើឡើងស្របពេលដែលសហភាពអឺរ៉ុប និងប្រទេសចិន កំពុងត្រៀមរៀបចំកិច្ចពិភាក្សាគ្នានៅទីក្រុងប៉េកាំង ក្នុងគោលបំណងស្វែងរកដំណោះស្រាយ ដើម្បីបញ្ចៀសការផ្ទុះឡើងនូវសង្គ្រាមពាណិជ្ជកម្មរវាងភាគីទាំងពីរ។
ជារួម សារព្រមាននេះបង្ហាញពីជំហរតឹងរ៉ឹងរបស់រដ្ឋាភិបាលទីក្រុងប៉េកាំង ចំពោះគោលនយោបាយសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់ប្រទេស ជាសមាជិកដ៏មានឥទ្ធិពលរបស់សហភាពអឺរ៉ុប ខណៈបញ្ហាសេដ្ឋកិច្ច នៅតែជាប្រធានបទដ៏ក្តៅគគុក នៅលើឆាកអន្តរជាតិ។
ប្រែសម្រួល៖ គីរី
