សេតវិមានច្រានចោល ការចោទប្រកាន់ថា លោក Trump បានលើកឡើងឱ្យអ៊ីរ៉ង់ “វាយកម្ទេច” ទីក្រុងរបស់សហរដ្ឋអាមេរិក
វ៉ាស៊ីនតោន៖ កាលពីថ្ងៃអង្គារ (ទី៦ ខែតុលា) សេតវិមាន បានចេញមុខច្រានចោលយ៉ាងដាច់អហង្ការ បន្ទាប់ពីគណបក្សប្រជាធិបតេយ្យ បានចោទប្រកាន់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ថាបានលើកឡើងជាយោបល់ឱ្យប្រទេសអ៊ីរ៉ង់ “វាយកម្ទេច (Take out)” ទីក្រុងធំៗរបស់អាមេរិក រួមមានទីក្រុង Los Angeles និង San Diego នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន CNA។
ដើមចមនៃបញ្ហា និងការលើកឡើង របស់លោក Trump វីដេអូដែលកំពុងល្បីសុះសាយ នៅលើ បណ្តាញសង្គម បានបង្ហាញពីការថ្លែងសុន្ទរកថារបស់លោក Trump នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតពាក់កណ្តាលអាណត្តិនៅរដ្ឋ Nebraska កាលពីថ្ងៃចន្ទ ដោយលោកបានលើកឡើងថា តម្លៃប្រេងដ៏ខ្ពស់ដោយសារសង្គ្រាមអ៊ីរ៉ង់ គឺជារឿងដែលស័ក្តិសមដើម្បីជាថ្នូរនឹងការទប់ស្កាត់រដ្ឋាភិបាលទីក្រុងតេអេរ៉ង់ ពីការទទួលបានអាវុធនុយក្លេអ៊ែរ។
លោក Trump បានថ្លែងថា៖ “វា [តម្លៃប្រេង] រាងខ្ពស់បន្តិចមែន។ ប៉ុន្តែវាជាការលះបង់ដ៏តូចមួយដើម្បីរក្សាពិភពលោក និងប្រទេសរបស់យើងឱ្យមានសុវត្ថិភាព។ ពួកគេអាចវាយកម្ទេចទីក្រុងណាមួយ។ ទុកឱ្យពួកគេវាយកម្ទេចចុះ ទុកឱ្យពួកគេវាយកម្ទេចទីក្រុង Los Angeles ទុកឱ្យពួកគេវាយកម្ទេចទីក្រុង San Diego ចុះ។ នេះគឺជាការលះបង់ដ៏តូចតាចមួយ ហើយវានឹងត្រូវបានបញ្ចប់ក្នុងពេលឆាប់ៗនេះ។”
គណបក្សប្រជាធិបតេយ្យ ដែលបច្ចុប្បន្នកំពុងគ្រប់គ្រងរដ្ឋកាលីហ្វ័រញ៉ា (ទីតាំងនៃទីក្រុង Los Angeles និង San Diego) បានចោទប្រកាន់ប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋវ័យ ៨០ ឆ្នាំរូបនេះ ថាបានលើកទឹកចិត្តឱ្យអ៊ីរ៉ង់វាយប្រហារលើទីក្រុងទាំងពីរ។
លោក Gavin Newsom អភិបាលរដ្ឋកាលីហ្វ័រញ៉ា៖ បានសរសេរលើបណ្តាញសង្គម X ថា “ពេលនេះ លោក Donald Trump កំពុងនិយាយថាសត្រូវបរទេសរបស់យើងគួរតែ ‘វាយកម្ទេច’ ទីក្រុង Los Angeles និង San Diego។ គាត់ពិតជាមានសតិមិនប្រក្រតី និងបង្កគ្រោះថ្នាក់ខ្លាំងណាស់។”
លោក Hakeem Jeffries ប្រធានសំឡេងភាគតិចនៃគណបក្សប្រជាធិបតេយ្យប្រចាំរដ្ឋសភាអាមេរិក៖ បានលើកឡើងលើ X ថា “ការបំផ្លិចបំផ្លាញទីក្រុងរបស់អាមេរិកដោយអាវុធនុយក្លេអ៊ែរ មិនមែនជារឿងលេងសើចនោះទេ។”
យ៉ាងណាមិញ សេតវិមានបានអះអាងយ៉ាងមុតមាំថា លោក Trump កំពុងតែនិយាយសំដៅទៅលើការគំរាមកំហែងបង្កឡើងដោយប្រទេសអ៊ីរ៉ង់ ហើយបានចាត់ទុកការចោទប្រកាន់នេះថាជា “ការបំផ្លើសរបស់ប្រព័ន្ធផ្សព្វផ្សាយ (Media freakout)” ដែល “គ្មានមូលដ្ឋានការពិត”។
លោក Steven Cheung នាយកផ្នែកទំនាក់ទំនងនៃសេតវិមាន បានបញ្ជាក់លើ X ថា៖ “គាត់ [លោក Trump] បានបញ្ជាក់យ៉ាងច្បាស់ថា ទីក្រុងនានារបស់អាមេរិកនឹងរងការគំរាមកំហែង ប្រសិនបើការអភិវឌ្ឍអាវុធនុយក្លេអ៊ែររបស់អ៊ីរ៉ង់មិនត្រូវបានទប់ស្កាត់នោះទេ។”
ទន្ទឹមនឹងនេះ គណនីឆ្លើយតបរហ័សរបស់សេតវិមាន (White House’s Rapid Response) នៅលើបណ្តាញសង្គម X ក៏បានរិះគន់យ៉ាងចាស់ដៃទៅលើចំណងជើងព័ត៌មានរបស់សារព័ត៌មាន Los Angeles Times ដែលបានសរសេរថា លោក Trump បានស្នើ “ឱ្យមានការបណ្តោយឱ្យអ៊ីរ៉ង់វាយកម្ទេចទីក្រុង Los Angeles និង San Diego”។ គណនីនោះបានឆ្លើយតបថា៖ “ទេ គាត់មិនបាននិយាយបែបនេះទេ ពួកល្ងីល្ងង់។ គាត់កំពុងនិយាយថា សហរដ្ឋអាមេរិកកំពុងប្រយុទ្ធដើម្បីបញ្ឈប់អ៊ីរ៉ង់ពីការមានសមត្ថភាពប្រើប្រាស់អាវុធនុយក្លេអ៊ែរមកវាយកម្ទេច LA និង San Diego — ដែលពួកគេប្រាកដជាធ្វើ ប្រសិនបើមានឱកាស។”
បច្ចុប្បន្នលោក Trump កំពុងមមាញឹកចុះធ្វើយុទ្ធនាការឃោសនានៅក្នុងខែចុងក្រោយ មុនការបោះឆ្នោតពាក់កណ្តាលអាណត្តិ ខណៈដែលមានការព្រួយបារម្ភពីផ្ទៃក្នុងគណបក្សសាធារណរដ្ឋថា កំហឹងរបស់អ្នកបោះឆ្នោតចំពោះបញ្ហាសង្គ្រាមអ៊ីរ៉ង់ និងការកើនឡើងនៃតម្លៃទំនិញ អាចធ្វើឱ្យពួកគេបាត់បង់អំណាចគ្រប់គ្រងនៅក្នុងសភាអាមេរិក។
ប្រែសម្រួល៖ គីរី
