ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល​ បដិសេធមិនអនុញ្ញាត ឱ្យក្រុមការងាររបស់គណៈកម្មការ រៀបចំការបោះឆ្នោតប៉ាឡេស្ទីន​ ចូលទៅកាន់តំបន់ហ្គាហ្សា និងទីក្រុងយេរ៉ូសាឡឹមខាងកើត

រ៉ាម៉ាឡា៖​ ទីភ្នាក់ងារព័ត៌មាន និងព័ត៌មានប៉ាឡេស្ទីន (WAFA) បានរាយការណ៍ថា រដ្ឋាភិបាលអ៊ីស្រាអែល​ បានបដិសេធមិនផ្តល់ការអនុញ្ញាតដល់ក្រុមការងាររបស់គណៈកម្មការកណ្តាលរៀបចំការបោះឆ្នោត ប៉ាឡេស្ទីន (CEC) ដើម្បីចូលទៅកាន់តំបន់ហ្គាហ្សា និងក្រុងយេរ៉ូសាឡឹមខាងកើត ក្នុងគោលបំណង ត្រួតពិនិត្យការរៀបចំ​ សម្រាប់ការបោះឆ្នោតជ្រើសរើសសមាជិកសភា។

ដោយដកស្រង់សម្តីមន្ត្រីប៉ាឡេស្ទីនមួយរូប សារព័ត៌មាន​ WAFA បានចុះផ្សាយថា សកម្មភាពនេះអាចបង្កជាភាពស្មុគស្មាញ ដល់កិច្ចខិតខំប្រឹងប្រែងក្នុងការរៀបចំការបោះឆ្នោតឱ្យបានដំណាលគ្នានៅក្នុងតំបន់ទាំងបីរបស់ប៉ាឡេស្ទីន។

ការបដិសេធរបស់អ៊ីស្រាអែលនេះបានកើតឡើងនៅពេលដែលគណៈកម្មការ CEC កំពុងរៀបចំបញ្ចប់នីតិវិធីបច្ចេកទេសសម្រាប់ការបោះឆ្នោតជ្រើសរើសសមាជិកសភាដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី ២៨ ខែវិច្ឆិកា។

ស្ថានភាពនៃក្រុងយេរ៉ូសាឡឹមខាងកើត និងតំបន់ហ្គាហ្សា បានបង្កជាសំណួរថាតើការបោះឆ្នោត អាចប្រព្រឹត្តទៅតាមកាលកំណត់ ដោយមានការចូលរួមពីគ្រប់តំបន់ របស់ប៉ាឡេស្ទីនបានដែរឬទេ។

ប្រភពព័ត៌មានប៉ាឡេស្ទីនមួយ ដែលដឹងពីបញ្ហានេះ បានប្រាប់ទីភ្នាក់ងារព័ត៌មានស៊ីនហួ​ កាលពីពេលមុនថា ការបរាជ័យក្នុងការរៀបចំការបោះឆ្នោត នៅក្រុងយេរ៉ូសាឡឹមខាងកើត និងតំបន់ហ្គាហ្សា ក្នុងពេលដំណាលគ្នា ជាមួយតំបន់វេសប៊ែង​ នឹងនាំឱ្យមានការពន្យារពេលការបោះឆ្នោត៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top