អ៊ីស្រាអែល គំរាមបើកប្រតិបត្តិការ វាយប្រហារប្រឆាំងនឹងអាជ្ញាធរ ប៉ាឡេស្ទីន ខណៈអំពើហិង្សាក្នុងតំបន់វេសប៊ែង កើនឡើងខ្លាំង
រ៉ាម៉ាឡា៖ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Israel Katz បានគំរាមថា នឹងបើកប្រតិបត្តិការវាយប្រហារទ្រង់ទ្រាយធំ ប្រឆាំងនឹងអាជ្ញាធរប៉ាឡេស្ទីន ប្រសិនបើកងកម្លាំងសន្តិសុខប៉ាឡេស្ទីន “បែរអាវុធប្រឆាំង” ទៅលើក្រុមអ្នកតាំងលំនៅ និងកងទ័ពអ៊ីស្រាអែល។
ការគំរាមនេះធ្វើឡើងចំពេល ដែលមានប្រតិបត្តិការយោធា ការរុះរើផ្ទះសម្បែង និងអំពើហិង្សាពីសំណាក់ក្រុមអ្នកតាំងលំនៅអ៊ីស្រាអែល នៅក្នុងតំបន់វេសប៊ែង។
ថ្លែងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី លោកបានលើកឡើងថា កងទ័ពអ៊ីស្រាអែល កំពុងត្រៀមខ្លួនសម្រាប់សេណារីយ៉ូ ដែលអាចកើតមានឡើងពាក់ព័ន្ធនឹងកងកម្លាំង សន្តិសុខប៉ាឡេស្ទីន និងក្រុមប្រដាប់អាវុធដែលមានទំនាក់ទំនងជាមួយចលនា Fatah។
លោកបានលេីកឡេីងថា «ក្នុងករណីបែបនេះ សង្គ្រាមនឹងត្រូវប្រកាសប្រឆាំងនឹងអាជ្ញាធរប៉ាឡេស្ទីន ហើយកងទ័ពនឹងបើកប្រតិបត្តិការវាយប្រហារទ្រង់ទ្រាយធំ»។
យោងតាមការិយាល័យអង្គការសហប្រជាជាតិ សម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ (UNOCHA) អាជ្ញាធរអ៊ីស្រាអែលបានរុះរើ ឬបិទខ្ទប់សំណង់ចំនួន ៧៣ ដែលជាកម្មសិទ្ធិរបស់ជនជាតិប៉ាឡេស្ទីន នៅចន្លោះថ្ងៃទី ២២ និង ២៨ ខែកញ្ញា ដែលបណ្តាលឱ្យមនុស្ស ៩៣ នាក់ ក្នុងនោះមានកុមារ ៥៥ នាក់ ត្រូវបាត់បង់ទីលំនៅ។
ស្ថាប័នដដែលនេះក៏បានកត់ត្រាផងដែរនូវករណីវាយប្រហារចំនួន ៥៣ លើកដោយក្រុមអ្នកតាំងលំនៅ ដែលបណ្តាលឱ្យមានអ្នករងរបួស ឬខូចខាតទ្រព្យសម្បត្តិក្នុងអំឡុងពេលដូចគ្នានេះ។
យោងតាមប្រភពព័ត៌មានរបស់ប៉ាឡេស្ទីន នៅថ្ងៃអង្គារនោះ ក្រុមអ្នកតាំងលំនៅអ៊ីស្រាអែល បានដុតបំផ្លាញផ្ទះមួយខ្នង និងយានយន្តមួយចំនួននៅក្នុងតំបន់វេសប៊ែង ខណៈដែលកងកម្លាំងអ៊ីស្រាអែល បានរុះរើអគារលំនៅដ្ឋានមួយកន្លែង ដែលជាទីលំនៅរបស់ជនជាតិប៉ាឡេស្ទីនចំនួន ៧០ នាក់ នៅតំបន់យេរ៉ូសាឡឹមខាងកេីត៕
ប្រែសម្រួល ឈូក បូរ៉ា
