ព័ត៌មានអន្តរជាតិ

កូរ៉េខាងជេីង ចាត់ទុកការចោទ ប្រកាន់របស់កូរ៉េខាងត្បូង​ ជុំវិញហេតុការណ៍ផ្ទុះមីននៅតំបន់គ្មានយោធាថា​ ជាការបង្កហេតុដ៏ធ្ងន់ធ្ងរ

ព្យុងយ៉ាង៖ ក្រសួងការបរទេសកូរ៉េខាងជេីងបានឧ្យដឹងថា ហេតុការណ៍ផ្ទុះមីនថ្មីៗនេះនៅក្នុងតំបន់គ្មានយោធានៅលើឧបទ្វីបកូរ៉េ គឺជារឿងប្រឌិត​ ដែលបង្កើតឡើង និងកំណត់ដោយឯកតោភាគីដោយកូរ៉េខាងត្បូង។

ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) បានដកស្រង់សម្តីរបស់ក្រសួងនេះមកចុះផ្សាយថា ការប៉ុនប៉ងរបស់ទីក្រុងសេអ៊ូល​ ក្នុងការទម្លាក់ការទទួលខុសត្រូវ ចំពោះហេតុការណ៍នេះទៅលេីកូរ៉េខាងជេីង និងធ្វើឱ្យខូចខាតដល់រូបភាពអន្តរជាតិរបស់ខ្លួន គឺជាការបង្កហេតុដ៏ធ្ងន់ធ្ងរមួយ​ ដែលមិនអាចមើលរំលងបានឡើយ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការបរទេសកូរ៉េខាងជេីង​ បានបញ្ជាក់ថា ហេតុការណ៍នេះ​ គឺជាផែនការរបស់យោធាកូរ៉េខាងត្បូង ដើម្បីចាត់ទុកការរៀបចំប្រព័ន្ធការពារនៅព្រំដែនភាគខាងត្បូងរបស់កូរ៉េខាងជេីង ថាជាការឈ្លានពានផ្នែកយោធា និងដើម្បីទម្លាក់កំហុស​ ចំពោះឧបទ្ទវហេតុនេះទៅលើទីក្រុងព្យុងយ៉ាង។

ក្រសួងបានបន្ថែមថា កូរ៉េខាងជេីង នឹងចាត់វិធានការប្រកបដោយភាពម៉ឺងម៉ាត់ និងក្លាហានជាងមុន ដើម្បីធានាសុវត្ថិភាពនៃព្រំដែនភាគខាងត្បូងរបស់ខ្លួន។

គួរបញ្ជាក់ថា​ ទាហានកូរ៉េខាងត្បូងចំនួន ៣ នាក់បានរងរបួស ដែលក្នុងនោះ ២ នាក់រងរបួសធ្ងន់ធ្ងរ ដោយសារការផ្ទុះមីនកាលពីថ្ងៃទី ២១ ខែកញ្ញា ខណៈពេលកំពុងបំពេញបេសកកម្មនៅក្នុងតំបន់គ្មានយោធា នៅផ្នែកខាងកូរ៉េខាងត្បូង ក្បែរបន្ទាត់កំណត់ព្រំដែនយោធា៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top