ព័ត៌មានអន្តរជាតិ

សង្គ្រាមអាមេរិក​ និងអ៊ីរ៉ង់​ ឈានចូលដល់ខែទី៧​ ប៉ុន្ដែកាតា​ បញ្ជាក់ថា ការចរចា និងការផ្លាស់ប្តូរសារកំពុងបន្ត​ ដើម្បីបញ្ចប់ជម្លោះក្នុងតំបន់

ដូហា៖​ ប្រទេសកាតា​ បានប្រកាសថា ការចរចា និងការផ្លាស់ប្តូរសាររវាងភាគីនានាដែលពាក់ព័ន្ធនឹងជម្លោះក្នុងតំបន់ កំពុងបន្តដំណើរការ តាមរយៈទីក្រុងដូហា និងដៃគូក្នុងតំបន់របស់ខ្លួន។

លោក Ibrahim bin Sultan Al-Hashmi នាយកផ្នែកប្រព័ន្ធផ្សព្វផ្សាយ និងទំនាក់ទំនងនៃក្រសួងការបរទេសកាតា បានថ្លែងនៅក្នុងសន្និសីទ សារព័ត៌មានប្រចាំសប្តាហ៍ថា ទីក្រុងដូហា​ មិនអាចបង្ហាញព័ត៌មានលម្អិតអំពីការផ្លាស់ប្តូរផ្នែកការទូត​ ដែលកំពុងបន្តនោះទេ ប៉ុន្តែបានបញ្ជាក់ថា កិច្ចពិភាក្សានានា នៅតែបន្តដំណើរការ។

លោកបានលេីកឡេីងថា «ទំហំនៃជម្លោះនេះ និងផលប៉ះពាល់ដ៏ធ្ងន់ធ្ងរ​ ដែលពិភពលោកទាំងមូលកំពុងទទួលរង ទាមទារឱ្យយើងខិតខំប្រឹងប្រែងអស់ពីសមត្ថភាព​ ដើម្បីបញ្ចប់វាជាបន្ទាន់ តាមរយៈដំណោះស្រាយដែលសម្រេចបាននៅតុចរចា»។

លោកបានបន្ថែមថា ការចរចាទាំងនោះបានគិតគូរពីកង្វល់របស់ភាគីនានា ដោយមិនបានបញ្ជាក់លម្អិតនោះទេ។​ ការលើកឡើងនេះធ្វើឡើងនៅពេលដែលជម្លោះរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានអូសបន្លាយពេលជាង ៧ ខែមកហើយ ដោយមិនទាន់មានសញ្ញានៃការឈានទៅរកដំណោះស្រាយណាមួយនៅឡើយទេ៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top