ព័ត៌មានអន្តរជាតិ

អនុប្រធានាធិបតីអាមេរិក និយាយថា អ៊ីរ៉ង់ត្រូវតែកាត់បន្ថយសមត្ថភាព ចម្រាញ់នុយក្លេអ៊ែរ ដើម្បីបញ្ចប់សង្គ្រាម

បរទេស៖ អនុប្រធានាធិបតីអាមេរិក លោក JD Vance បានថ្លែងនៅក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយទីភ្នាក់ងារព័ត៌មាន Reuters ថា ប្រទេសអ៊ីរ៉ង់ត្រូវតែធ្វើការកាត់បន្ថយ “យ៉ាងសំខាន់” លើសមត្ថភាពចម្រាញ់នុយក្លេអ៊ែររបស់ខ្លួន ដើម្បីបំពេញតាមការទាមទាររបស់សហរដ្ឋអាមេរិក និងបញ្ចប់សង្គ្រាមរយៈពេល ៧ ខែរវាងប្រទេសទាំងពីរ ទោះបីជាទីក្រុងវ៉ាស៊ីនតោន មិនច្បាស់លាស់អំពីរបៀប ដែលទីក្រុងតេអេរ៉ង់ធ្វើការសម្រេចចិត្តក្នុងការចរចាក៏ដោយ។

យោងតាមសារព័ត៌មាន Reuters ចេញផ្សាយ នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ថា លោក Vance ដែលជាអ្នកមានមន្ទិលសង្ស័យ ជាយូរមកហើយ ចំពោះការចូលរួមរបស់សហរដ្ឋអាមេរិកក្នុងសង្គ្រាមនៅបរទេស បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការចរចាដើម្បីដោះស្រាយជម្លោះនេះ និងបានសម្របសម្រួលកិច្ចព្រមព្រៀងសន្តិភាពបណ្តោះអាសន្នមួយកាលពីខែមិថុនា ប៉ុន្តែកិច្ចព្រមព្រៀងនោះបានបរាជ័យយ៉ាងឆាប់រហ័ស។ សង្គ្រាមនេះបានបង្កភាពរង្គោះរង្គើដល់ទីផ្សារថាមពលសកល និងបានក្លាយជាបញ្ហានយោបាយដ៏លំបាកមួយសម្រាប់ប្រធានាធិបតី Donald Trump និងសមាជិកគណបក្សសាធារណរដ្ឋផ្សេងទៀត នៅមុនការបោះឆ្នោតពាក់កណ្តាលអាណត្តិក្នុងខែវិច្ឆិកា។

ថ្លែងកាលពីថ្ងៃចន្ទ បន្ទាប់ពីដំណើរទស្សនកិច្ចឃោសនា បោះឆ្នោតនៅរដ្ឋអាឡាស្កា លោក Vance បាននិយាយថា កិច្ចព្រមព្រៀងណាមួយនឹងតម្រូវឱ្យអ៊ីរ៉ង់ កាត់បន្ថយសមត្ថភាពចម្រាញ់នុយក្លេអ៊ែររបស់ខ្លួន ជាជាងគ្រាន់តែផ្តល់ការធានា អំពីការកាត់បន្ថយនុយក្លេអ៊ែរនៅពេលអនាគតប៉ុណ្ណោះ។

លោក Vance បាននិយាយថា៖ «ប្រសិនបើអ្នកមិនចង់បានអាវុធនុយក្លេអ៊ែរទេនោះ ហេតុអ្វីបានជាអ្នកត្រូវការឥន្ធនៈដែលបានចម្រាញ់ដល់កម្រិត ៦០%? ហើយប្រសិនបើអ្នកចង់បង្ហាញពីការប្តេជ្ញាចិត្តថានឹងមិនផលិតអាវុធនុយក្លេអ៊ែរទេនោះ កុំផលិតឥន្ធនៈដែលបានចម្រាញ់កម្រិតខ្ពស់។ នោះគឺជាបញ្ហាមូលដ្ឋានគ្រឹះដ៏សំខាន់មួយ»។

សូមជម្រាបថា ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ អ៊ីរ៉ង់ និងសហរដ្ឋអាមេរិកបានផ្លាស់ប្តូរការស្នើឡើងផ្សេងៗគ្នាដែលមានគោលបំណងបញ្ចប់សង្គ្រាម និងបើកច្រកសមុទ្រ Hormuz ឡើងវិញ ដែលជាផ្លូវដឹកជញ្ជូនថាមពលដ៏សំខាន់សម្រាប់ពិភពលោក។ លោក Trump បានបដិសេធសំណើចុងក្រោយរបស់ទីក្រុងតេអេរ៉ង់ ហើយបានព្រមានថា ប្រតិបត្តិការយោធាអាចនឹងកើនឡើងខ្លាំងក្លាជាងមុន បន្ទាប់ពីការបោះឆ្នោតពាក់កណ្តាលអាណត្តិ។
ប្រែសម្រួលៈ តុលា

To Top