តុលាការថៃ កាត់ទោសអតីតព្រះសង្ឃមួយអង្គ ឱ្យជាប់ពន្ធនាគារសរុប ៧៤២ ឆ្នាំ ពីបទកិបកេង និងការលាងលុយ ចេញពីប្រាក់បរិច្ចាគរបស់វត្ត
បរទេស៖ តុលាការថៃ បានកាត់ទោសអតីតព្រះសង្ឃមួយអង្គព្រះនាម Alongkot ឱ្យជាប់ពន្ធនាគារសរុបចំនួន ៧៤២ ឆ្នាំ និងម្នាក់ទៀតឈ្មោះ Bee ដែលអះអាងថាជាអ្នកស្នងរូប ឱ្យជាប់ពន្ធនាគាររយៈពេល ៣៨៦ ឆ្នាំ និង ១.៤៨០ ខែ ក្នុងសំណុំរឿងពាក់ព័ន្ធនឹងការកិបកេង និងការលាងលុយចេញ ពីប្រាក់បរិច្ចាគដែលទាក់ទងនឹងវត្ត Phra Bat Nam Phu។
យោងតាមសារព័ត៌មាន khaosod English ចេញផ្សាយនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦នេះថា វត្ត Phrabat Namphu ដែលជាកន្លែងអតីតព្រះសង្ឃ Alongkot ធ្លាប់គង់នៅជាចៅអធិការវត្តនោះ គឺជាវត្តមួយស្ថិតក្នុងខេត្ត Lop Buri ដែលគេស្គាល់ថាជាមជ្ឈមណ្ឌលថែទាំអ្នកជំងឺផ្ទុកមេរោគអេដស៍ (HIV)។
តុលាការក៏បានបញ្ជាឱ្យមានការប្រគល់ប្រាក់ជាង ៣០០ លានបាតត្រឡប់មកវិញផងដែរ ខណៈដែលទ្រព្យសម្បត្តិដែលមានតម្លៃជាង ១០ ពាន់លានបាតត្រូវបានរឹបអូសរួចហើយ ក្នុងអំឡុងពេលនៃការស៊ើបអង្កេត។
