ព័ត៌មានអន្តរជាតិ

តុលាការឧទ្ធរណ៍ សម្រេចឱ្យអតីតប្រធានាធិបតីកូរ៉េខាងត្បួង លោក Yoon Suk Yeol រួចផុតពីបទចោទប្រកាន់ ក្នុងសំណុំរឿង «ទទួលបានសេវាស្ទង់មតិ ដោយឥតគិតថ្លៃ»

ទីក្រុងសេអ៊ូល៖ តុលាការឧទ្ធរណ៍កូរ៉េខាងត្បូង បានសម្រេចច្រានចោលសាលក្រម របស់តុលាការជាន់ទាប ដោយបានប្រកាសឱ្យអតីតប្រធានាធិបតី លោក Yoon Suk Yeol រួចផុតពីការចោទប្រកាន់ពាក់ព័ន្ធនឹងការទទួលយកសេវាស្ទង់មតិដោយឥតគិតថ្លៃ មុនការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២២ ដែលដើមឡើយត្រូវបានចោទថាបំពានច្បាប់ស្តីពីមូលនិធិនយោបាយ នេះបើតាមការចេញផ្សាយពីសារព័ត៌មាន Yonhap ថ្ងៃទី៧​ ខែតុលា ឆ្នាំ២០២៦។

តុលាការជាន់ខ្ពស់ទីក្រុងសេអ៊ូល បានរកឃើញថា លោក Yoon មិនមានពិរុទ្ធភាពក្នុងការបំពានច្បាប់មូលនិធិនយោបាយ ដែលហាមឃាត់ការបរិច្ចាគ នយោបាយ មិនត្រឹមត្រូវនោះទេ ដោយសម្រេចលុបចោលសាលក្រម របស់តុលាការស្រុកកណ្តាលទីក្រុងសេអ៊ូល កាលពីខែកក្កដា ដែលធ្លាប់បានកាត់ទោសលោកឱ្យជាប់ពន្ធនាគាររយៈពេល ២ ឆ្នាំ។

តុលាការបានបញ្ជាក់ថា ការផ្តល់សេវាស្ទង់មតិពីសំណាក់លោក Myung តាំងខ្លួនជាអ្នកគួគ្លេនអំណាចនយោបាយ មិនអាចចាត់ទុកជាការបរិច្ចាគនយោបាយក្រោមច្បាប់នេះបានទេ ព្រោះវាមិនអាចវាយតម្លៃ ឬបំប្លែងជាអត្ថប្រយោជន៍ផ្នែកទ្រព្យសម្បត្តិបានឡើយ។ ម្យ៉ាងវិញទៀត តុលាការអះអាងថា គ្មានភស្តុតាងណាមួយបញ្ជាក់ថា អតីតប្រធានាធិបតី ភរិយា និងលោក Myung បានធ្វើកិច្ចព្រមព្រៀងគ្នា ដើម្បីទទួលបានការស្ទង់មតិដោយឥតគិតថ្លៃនោះទេ។

លោក Yoon ត្រូវបានចោទប្រកាន់ពីបទឃុបឃិតជាមួយភរិយា ដើម្បីទទួលយកលទ្ធផលនៃការស្ទង់មតិចំនួន ៥៨ លើក ដែលមានតម្លៃសរុបប្រមាណ ២៧០ លានវ៉ុន (ស្មើនឹង ២០២,០០០ ដុល្លារអាមេរិក) ដោយមិនគិតថ្លៃ ពីលោក Myung Tae-kyun ចន្លោះពីខែមេសា ឆ្នាំ២០២១ ដល់ខែមីនា ឆ្នាំ២០២២។ (តុលាការជាន់ទាបធ្លាប់បានរកឃើញពិរុទ្ធភាពលើការស្ទង់មតិចំនួន ១៤ ក្នុងចំណោម ៥៨ លើក ដោយសំអាងថាមាន “កិច្ចព្រមព្រៀងដោយប្រយោល”)។

លោក Myung ដែលកាលពីមុនត្រូវបានតុលាការជាន់ទាបកាត់ទោសឱ្យជាប់ពន្ធនាគារ ១៨ ខែ ក៏ត្រូវបានតុលាការឧទ្ធរណ៍ប្រកាសឱ្យរួចផុតពីការចោទប្រកាន់ផងដែរ (ទោះបីជារដ្ឋអាជ្ញាធ្លាប់ស្នើសុំទោស ៣ ឆ្នាំសម្រាប់លោក Myung និង ៤ ឆ្នាំសម្រាប់លោក Yoon ក៏ដោយ)។

ក្រុមមេធាវីរបស់លោក Yoon បានស្វាគមន៍ចំពោះការសម្រេចនេះ ខណៈដែលក្រុមរដ្ឋអាជ្ញាពិសេសដឹកនាំដោយលោក Min Joong-ki គ្រោងនឹងបន្តប្តឹងសាទុក្ខទៅកាន់តុលាការកំពូល (Supreme Court)។

ចំពោះអតីតស្ត្រីទីមួយ លោកស្រី Kim Keon Hee ក៏ត្រូវបានតុលាការកាត់ក្តីឱ្យរួចផុតពីការចោទប្រកាន់ដូចគ្នានេះដែរ នៅក្នុងសវនាការថ្នាក់បឋម និងឧទ្ធរណ៍កន្លងមក ហើយបច្ចុប្បន្នកំពុងរង់ចាំសាលដីកាស្ថាពរពីតុលាការកំពូល។

គួររំឭកថា បច្ចុប្បន្ន លោក Yoon កំពុងប្រឈមមុខនឹងការកាត់ក្តីព្រហ្មទណ្ឌជាច្រើនផ្សេងទៀត បន្ទាប់ពីការប៉ុនប៉ងប្រកាសច្បាប់អាជ្ញាសឹកមិនបានសម្រេចក្នុងឆ្នាំ២០២៤ ដែលឈានដល់ការទម្លាក់លោកចេញពីតំណែង។ កាលពីខែកុម្ភៈ លោកត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិតពីបទដឹកនាំការបះបោរតាមរយៈការប្រកាសច្បាប់អាជ្ញាសឹក ហើយសំណុំរឿងដ៏ធំមួយនេះកំពុងស្ថិតក្រោមការពិនិត្យរបស់តុលាការឧទ្ធរណ៍នៅឡើយ៕

ប្រែសម្រួល៖ គិរី

To Top