ព័ត៌មានអន្តរជាតិ

ប្រជាជននៅអឺរ៉ុប ទិញរថយន្តអគ្គិសនីចំនួន ១,៦៤ លានគ្រឿងក្នុងរយៈពេល ៨ ខែ ដែលជាតួលេខខ្ពស់បំផុតមិនធ្លាប់មាន

បរទេស៖ យោងតាម T&E បានឱ្យដឹងថា ប្រជាជននៅអឺរ៉ុបបានទិញរថយន្តអគ្គិសនីចំនួន ១,៦៤ លានគ្រឿងក្នុងរយៈពេល ៨ ខែ ដែលជាតួលេខខ្ពស់បំផុតមិនធ្លាប់មាន ដោយសារតែមានរថយន្តដែលមានតម្លៃសមរម្យដាក់លក់កាន់តែច្រើន ចំណែកតម្លៃប្រេងឥន្ធនៈបានកើនឡើង។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយកាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ថា អង្គការតស៊ូមតិផ្នែកបរិស្ថាន Transport & Environment (T&E) ដែលមានមូលដ្ឋាននៅទីក្រុងប្រ៊ុចសែល បានរាយការណ៍ថា ការលក់រថយន្តអគ្គិសនីនៅអឺរ៉ុបក្នុងរយៈពេល ៨ ខែដំបូងនៃឆ្នាំនេះ បានកើនឡើង ៤៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២៥។ បច្ចុប្បន្ន រថយន្តទាំងនេះកាន់កាប់ចំណែកទីផ្សារ ២២% ដែលជាការកើនឡើងចំនួន ៦ ភាគរយ។

ការលក់បានកើនឡើងដល់កម្រិតខ្ពស់បំផុត ដោយសារទីផ្សារមានការដាក់លក់រថយន្តអគ្គិសនីម៉ូដែលថ្មីៗជាច្រើនក្នុងតម្លៃសមរម្យ ស្របពេលដែលតម្លៃប្រេងឥន្ធនៈកើនឡើងដោយសារជម្លោះនៅប្រទេសអ៊ីរ៉ង់។ នៅក្នុងឆមាសទីមួយនៃឆ្នាំ ២០២៦ មានការដាក់បង្ហាញរថយន្តម៉ូដែលថ្មីៗជិត ៤០ ម៉ូដែល ដែលធ្វើឱ្យចំនួនសរុបនៃរថយន្តអគ្គិសនីសុទ្ធដែលមានលក់នៅអឺរ៉ុបកើនឡើងដល់ជាង ១៥០ ម៉ូដែល។

លោក Lucien Mathieu ប្រធានផ្នែករថយន្តនៅ T&E បាននិយាយថា ទីបំផុតប្រជាជនអឺរ៉ុបបានឃើញមានរថយន្តអគ្គិសនីម៉ូដែលតូចៗ និងមានតម្លៃថោកជាងមុន។ លោកបានមានប្រសាសន៍ថា៖ «វិបត្តិប្រេងឥន្ធនៈបានជំរុញឱ្យពួកគេងាកមកចាប់អារម្មណ៍យ៉ាងខ្លាំងលើរថយន្តអគ្គិសនីខ្នាតតូចដែលមានតម្លៃសមរម្យ»។ នៅឆ្នាំនេះ ការលក់រថយន្តអគ្គិសនីដែលមានតម្លៃក្រោម ២៥.០០០ អឺរ៉ូ ត្រូវបានគេព្យាករថានឹងកើនឡើងដល់ទៅ ៧ ដង បើធៀបនឹងឆ្នាំ ២០២៤។
ប្រែសម្រួលៈ តុលា

To Top