រុស្ស៊ី បេីកការវាយប្រហារជាថ្មីលេីមជ្ឈមណ្ឌលទិន្នន័យចំនួន ៤ របស់អ៊ុយក្រែន
មូស្គូ៖ ក្រសួងការពារជាតិរុស្ស៊ី បានប្រកាសថា កងកម្លាំងរុស្ស៊ី បានវាយប្រហារលើមជ្ឈមណ្ឌលទិន្នន័យ Parkovyi, Ukrtelecom, Giga និង Podolskyi របស់អ៊ុយក្រែន ដើម្បីកាត់បន្ថយសមត្ថភាពទំនាក់ទំនងរបស់ប្រទេសនេះ និងរំខានដល់ការដឹកជញ្ជូនផ្នែកភស្តុភារយោធា ក៏ដូចជាការបញ្ជា និងគ្រប់គ្រងកងទ័ព។
ក្រសួងបានបញ្ជាក់ថា កងកម្លាំងរុស្ស៊ី ក៏បានវាយប្រហារគោលដៅជាច្រើននៅក្នុងតំបន់ Odesa ផងដែរ រួមមានឃ្លាំងស្តុកមីស៊ីល និងអាវុធធុនធ្ងន់ (កាំភ្លើងធំ) នាវាដឹកទំនិញស្ងួតដែលកំពុងដឹកជញ្ជូនសម្ភារៈយោធា និងហេដ្ឋារចនាសម្ព័ន្ធកំពង់ផែ ដែលប្រើប្រាស់សម្រាប់ការលើកដាក់ និងស្តុកទុកទំនិញយោធា។
នៅព្រឹកថ្ងៃអង្គារ អភិបាលក្រុងមូស្គូ លោក Sergey Sobyanin បានឱ្យដឹងថា យន្តហោះគ្មានមនុស្សបើក ចំនួន ៦៥០ គ្រឿងត្រូវបានស្ទាក់ចាប់ ខណៈដែលយន្ដហោះដ្រូនទាំងនោះ ហោះហើរឆ្ពោះទៅកាន់រដ្ឋធានីរបស់រុស្ស៊ី នៅពេលយប់។
យោងតាមទីភ្នាក់ងារព័ត៌មាន TASS ការវាយប្រហារនេះ គឺជាការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកដ៏ធំបំផុតមួយរបស់អ៊ុយក្រែន ទៅលើតំបន់ទីក្រុងមូស្គូ ក្នុងរយៈពេលជិត ២ ឆ្នាំមកនេះ។
លោក Andrei Vorobyov អភិបាលតំបន់មូស្គូ បានរាយការណ៍ថា មនុស្ស ២ នាក់បានស្លាប់ និងជាច្រើននាក់ទៀតបានរងរបួសនៅក្នុងតំបន់នេះ៕
ប្រែសម្រួល ឈូក បូរ៉ា
