ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីថៃ លោក Anutin បញ្ជាក់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងថៃ និងអាមេរិក ឈានដល់ «ដំណាក់កាលចុងក្រោយ»

សិង្ហបុរី៖ នាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul បាននិយាយកាលពីថ្ងៃពុធ (ទី៧ ខែតុលា) ថា ប្រទេសថៃកំពុងស្ថិតនៅ “ដំណាក់កាលចុងក្រោយ” នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មទៅវិញទៅមក (Agreement on Reciprocal Trade) ជាមួយសហរដ្ឋអាមេរិក ហើយកិច្ចព្រមព្រៀងនេះ អាចនឹងត្រូវចុះហត្ថលេខា ក្នុងអំឡុងពេលដំណើរ ទស្សនកិច្ច របស់ប្រធានាធិបតីអាមេរិក លោក Donald Trump មកកាន់តំបន់អាស៊ីនាពេលខាងមុខ នេះបើយោងតាមចេះផ្សាយ ពីសារព័ត៌មាន CNA ថ្ងៃទី៨​ ខែតុលា ឆ្នាំ២០២៦។

ថ្លែងក្នុងកម្មវិធីជប់លៀងនៃសន្និសីទ Forbes Global CEO Conference នៅសណ្ឋាគារ Shangri-La សិង្ហបុរី លោក Anutin បានបញ្ជាក់ប្រាប់លោក Steve Forbes ថា លោកទទួលបានលិខិតពីលោក Trump កាលពីសប្តាហ៍មុន។ លិខិតនោះបានអះអាងថា ប្រទេសទាំងពីរកំពុងស្ថិតនៅដំណាក់កាលចុងក្រោយ ហើយលោក Trump រំពឹងថាកិច្ចព្រមព្រៀងនេះអាចនឹងត្រូវចុះហត្ថលេខា “ក្នុងដំណើរទស្សនកិច្ចបន្ទាប់របស់លោកមកកាន់អាស៊ី”។

ប្រធានាធិបតីអាមេរិក Donal Trump ត្រូវបានគេរំពឹងថានឹងមកបំពេញទស្សនកិច្ចនៅអាស៊ីក្នុងខែវិច្ឆិកាខាងមុខ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន (ASEAN Summit) នៅប្រទេសហ្វីលីពីន និងកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) នៅទីក្រុងសិនជិន (Shenzhen)។

បច្ចុប្បន្ន ការនាំចេញរបស់ថៃទៅកាន់សហរដ្ឋអាមេរិកកំពុងជាប់ពន្ធ ១២,៥% ពាក់ព័ន្ធនឹងវិធានការទប់ស្កាត់ការប្រើប្រាស់ពលកម្មដោយបង្ខំ (កើនឡើងពីអត្រាបណ្តោះអាសន្ន ១០% ដែលបានផុតកំណត់កាលពីខែកក្កដា)។ ទន្ទឹមនឹងនេះ ការស៊ើបអង្កេតដាច់ដោយឡែកមួយទៀត លើបញ្ហាផលិតកម្មលើសលុប (Overcapacity) កំពុងដំណើរការនៅឡើយ។

សហរដ្ឋអាមេរិក គឺជាទីផ្សារនាំចេញធំបំផុតរបស់ថៃ។ យោងតាមការិយាល័យតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក (USTR) ក្នុងឆ្នាំ២០២៥ ថៃមានអតិរេកពាណិជ្ជកម្មទំនិញ (Trade surplus) ជាមួយអាមេរិករហូតដល់ ៧១,៧ ពាន់លានដុល្លារអាមេរិក កើនឡើង ៥៩,១% ធៀបនឹងឆ្នាំ២០២៤។

ផ្ទុយពីផ្នែកទំនិញ សហរដ្ឋអាមេរិក ទទួលបានអតិរេកពាណិជ្ជកម្មផ្នែកសេវាកម្មចំនួន ១៥ លានដុល្លារជាមួយថៃ ក្នុងឆ្នាំ២០២៥ ដែលជាការស្ដារឡើងវិញពីការខាតបង់ (ឱនភាព) ចំនួន ៥ លានដុល្លារកាលពីឆ្នាំ២០២៤។

ប្រែសម្រួលៈ គីរី

To Top