ព័ត៌មានអន្តរជាតិ

សំឡេងគ្រាប់ផ្ទុះ កក្រើកចំថ្ងៃកាន់ទុក្ខខួប ៣ ឆ្នាំ ខណៈអ៊ីស្រាអែលសម្លាប់ជនជាតិ ប៉ាឡេស្ទីន ៥ នាក់បន្ថែមទៀត នៅហ្គាហ្សា

ទីក្រុងហ្គាហ្សា៖ កងទ័ពអ៊ីស្រាអែលបានបើកការវាយប្រហារថ្មីៗទៅលើតំបន់ហ្គាហ្សា ស្របពេលនៃការប្រារព្ធខួបទី ៣ នៃការវាយប្រហាររបស់ក្រុមហាម៉ាស (Hamas) កាលពីថ្ងៃទី ៧ ខែតុលា។ យោងតាមរបាយការណ៍ពីមន្ត្រីប៉ាឡេស្ទីន ការវាយប្រហារនេះ បានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ៥ នាក់ស្លាប់បាត់បង់ជីវិត នេះបើយោងតាមចេះ ផ្សាយពីសារព័ត៌មាន CNA ថ្ងៃទី៨​ ខែតុលា ឆ្នាំ២០២៦។

សំឡេងផ្ទុះយ៉ាងខ្លាំងនៅតាមព្រំដែននៃតំបន់ហ្គាហ្សា ត្រូវបានឮចេញពីទីតាំងប្រារព្ធមហោស្រពតន្ត្រី Nova ស្របពេលដែលសមាជិកគ្រួសារជនរងគ្រោះបានប្រមូលផ្តុំគ្នានៅពេលព្រឹកព្រលឹម ដើម្បីកាន់ទុក្ខអ្នកចូលរួមជាង ៣០០ នាក់ដែលត្រូវបានសម្លាប់កាលពីបីឆ្នាំមុន។ ចំពោះជនរងគ្រោះនៅក្នុងហេតុការណ៍វាយប្រហារថ្មីៗនេះរួមមាន៖

នៅទីក្រុងហ្គាហ្សា៖ មន្ទីរពេទ្យ Al-Shifa បានរាយការណ៍ថាមនុស្ស ២ នាក់ត្រូវបានសម្លាប់ក្នុងការវាយប្រហារពេលយប់។ ទីភ្នាក់ងារការពារស៊ីវិលហ្គាហ្សា បានកំណត់អត្តសញ្ញាណជនរងគ្រោះម្នាក់ឈ្មោះ Mohamed Tamous ដែលជាអ្នកស្ម័គ្រចិត្តរបស់ទីភ្នាក់ងារសង្គ្រោះបន្ទាន់មួយនេះ (ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហាម៉ាស)។

មន្ទីរពេទ្យ Nasser បានបញ្ជាក់ថា បុរសវ័យ ៦០ ឆ្នាំម្នាក់ឈ្មោះ Hisham Ibrahim Abu Mustafa ត្រូវបានសម្លាប់ និងមានអ្នកផ្សេងទៀតរងរបួសក្នុងការវាយប្រហាររបស់អ៊ីស្រាអែល។ មន្ទីរពេទ្យនេះក៏ទទួលបានសាកសពលោក Ziad Zaarab ដែលត្រូវបានសម្លាប់ក្នុងការវាយប្រហារតាមអាកាសនៅភាគខាងត្បូងទីក្រុងនេះផងដែរ។

នៅជំរំ Al-Buraq៖ ការវាយប្រហារទៅលើតង់មួយនៅពេលរសៀល បានសម្លាប់មនុស្សម្នាក់ទៀត។

យោធាអ៊ីស្រាអែលបានប្រកាសថា ខ្លួនបានវាយប្រហារសម្លាប់ “ភេរវករហាម៉ាសពីរនាក់ ដែលបានចេញពីមន្ទីរពេទ្យ Kamal Adwan ភាគខាងជើងតំបន់ហ្គាហ្សា”។ IDF បានចោទប្រកាន់ថាម្នាក់ក្នុងចំណោមនោះបាន “បង្កប់គ្រឿងផ្ទុះនៅក្នុងតំបន់បន្ទាត់ពណ៌លឿង (Yellow Line) ក្នុងគោលបំណងវាយប្រហារកងទ័ព IDF”។ (បន្ទាត់ពណ៌លឿងនេះ គឺជាខ្សែបន្ទាត់កំណត់ព្រំដែនតំបន់គ្រប់គ្រងដោយក្រុមហាម៉ាស និងយោធាអ៊ីស្រាអែល)។

យោធាបានបញ្ជាក់បន្ថែមថា ជនដែលត្រូវបាន សម្លាប់នោះគឺលោក Tamous ដោយចោទប្រកាន់ថា គាត់គឺជាខ្មាន់កាំភ្លើងស៊ីបរបស់ផ្នែកយោធាហាម៉ាស ដែលបានយកតួនាទីជាបុគ្គលិកទីភ្នាក់ងារការពារស៊ីវិលមកបិទបាំង។ សម្រាប់ការ វាយប្រហារនៅជំរំ Al-Buraq វិញ យោធាអ៊ីស្រាអែលបានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថាខ្លួនបាន កំណត់គោលដៅលើ “ប្រតិបត្តិករយោធាម្នាក់” ដោយមិនបានធ្វើអត្ថាធិប្បាយលម្អិត លើករណីផ្សេងទៀតឡើយ។

ក្នុងថ្ងៃខួបទី ៣ នៃការចាប់ផ្តើមសង្គ្រាមនេះ លក្ខខណ្ឌរស់នៅរបស់ប្រជាជនប៉ាឡេស្ទីន នៅតំបន់ហ្គាហ្សា នៅតែស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរដដែល ទោះបីជាធ្លាប់មានបទឈប់បាញ់ ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក កាលពីខែតុលា ឆ្នាំ២០២៥ ក៏ដោយ។ លោក Mahmoud Abu Hasira អ្នកស្រុកនៅទីក្រុងហ្គាហ្សា បានបញ្ចេញមតិថា៖ “បន្ទាប់ពីការឡោមព័ទ្ធ ការសម្លាប់ និងការបំផ្លិចបំផ្លាញអស់រយៈពេល ៣ ឆ្នាំ អ៊ីស្រាអែលបានប្រែក្លាយតំបន់ហ្គាហ្សា ទៅជាកន្លែងដែលមិនអាចរស់នៅបានឡើយ”។

ប្រែសម្រួល៖​ គីរី

To Top