ព័ត៌មានអន្តរជាតិ

តួលេខអ្នកស្លាប់ ដោយទឹកជំនន់នៅថៃ កើនដល់ ៦០ នាក់ ខណៈនាយករដ្ឋមន្ត្រី បញ្ជាឱ្យរៀបចំសណ្តាប់ធ្នាប់ បន្ទាន់មុនកិច្ចប្រជុំ IMF

ទីក្រុងបាងកក៖ គ្រោះទឹកជំនន់ ដែលបានវាយប្រហារប្រទេសថៃ តាំងពីពាក់កណ្តាលខែកញ្ញាមក បានឆក់យកជីវិតមនុស្សអស់ ៦០ នាក់នៅទូទាំងប្រទេស ខណៈកម្ពស់ទឹកទន្លេនៅតំបន់ មួយចំនួននៅតែបន្តកើនឡើង នេះបើយោងតាមចេះផ្សាយពីសារព័ត៌មាន CNA ថ្ងៃទី៨​ ខែតុលា ឆ្នាំ២០២៦។

យោងតាមសេចក្តីថ្លែងការណ៍ របស់នាយកដ្ឋានបង្ការ និងបំបាត់គ្រោះមហន្តរាយថៃ ស្ថានភាពនៅតែបន្ត ជួបការលំបាកសម្រាប់ប្រជាពលរដ្ឋជាច្រើននៅក្នុងខេត្តប្រាជីនបុរី (Prachinburi) ភាគកណ្តាល ដែលទីនោះមានអ្នកស្លាប់រហូតដល់ទៅ ១៩ នាក់។ ទឹកទន្លេដែលហក់ឡើងហួសប្រមាណ បានជន់លិចលំនៅដ្ឋានក្នុងស្រុកចំនួន ៧ នៃខេត្តនេះ ដោយបង្កផលប៉ះពាល់ដល់ប្រជាជនជាង ១៨៨.០០០ នាក់។

នាយកដ្ឋានដដែលបានបន្ថែមថា មានមនុស្សស្លាប់នៅប្រមាណ ១២ ខេត្តផ្សេងទៀតរួមទាំងរាជធានីផងដែរ ខណៈដែលគ្រោះទឹកជំនន់កំពុងបន្តយាយីខេត្តចំនួន ២៧ ក្នុងចំណោមខេត្តទាំង ៧៧ របស់ប្រទេសថៃ។

ភ្លៀងធ្លាក់ជាបន្តបន្ទាប់កាលពីចុងខែមុន បានជន់លិចតំបន់មួយចំនួន នៃទីក្រុងបាងកក ទោះបីជាបច្ចុប្បន្នទឹកបានស្រកចុះភាគច្រើនហើយក្តី។ គិតចាប់តាំងពីថ្ងៃទី១៦ ខែកញ្ញា មនុស្ស ៤ នាក់បានស្លាប់នៅក្នុងទីក្រុងបាងកក បន្ទាប់ពីភ្លៀងធ្លាក់យ៉ាងគំហុកក្នុងកម្រិតស្មើនឹងភ្លៀងធ្លាក់មួយខែពេញ ត្រឹមតែប៉ុន្មានថ្ងៃកាលពីចុងខែកញ្ញា ដែលជំរុញឱ្យអាជ្ញាធរប្រកាសជាតំបន់គ្រោះមហន្តរាយទូទាំងទីក្រុង។

ជាទូទៅ ខែកញ្ញាគឺជាខែ ដែលភ្លៀងធ្លាក់ខ្លាំងបំផុតនៅប្រទេសថៃ ប៉ុន្តែឆ្នាំនេះស្ថានភាពហាក់ មានសភាពអាក្រក់ជាងមុនសម្រាប់អ្នកទីក្រុងបាងកក ដែលជាទីក្រុងសាងសង់លើអតីតតំបន់ដីភក់ និងខ្វាត់ខ្វែងដោយបណ្តាញព្រែកជីក។ តំបន់មួយចំនួនត្រូវបានលិចលង់ត្រឹម ជង្គង់អស់ជាច្រើនថ្ងៃ ដែលបណ្តាលឱ្យយានយន្តជា ច្រើនត្រូវទុកចោលកណ្តាលផ្លូវទឹកលិច ហើយសាលារៀន ត្រូវបង្ខំបិទទ្វាររយៈពេលពីរថ្ងៃ។

បច្ចុប្បន្ន យុទ្ធនាការសម្អាតទ្រង់ទ្រាយធំ កំពុងដំណើរការ ខណៈដែលទីក្រុងកំពុងត្រៀម ធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងធនាគារពិភពលោក (World Bank) ដែលនឹងចាប់ផ្តើមនៅសប្តាហ៍ក្រោយ។

ជុំវិញបញ្ហានេះ នាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul ដែលរដ្ឋាភិបាលរបស់លោកកំពុងរង ការរិះគន់ពីសាធារណជនជុំវិញ ការឆ្លើយតបនឹងគ្រោះទឹកជំនន់នោះ បានចេញបទបញ្ជាឱ្យទីភ្នាក់ងារ រដ្ឋាភិបាលកាលពីថ្ងៃចន្ទ ធ្វើការគ្រប់គ្រងបញ្ហាទឹកជំនន់ និងប្រព័ន្ធដឹកជញ្ជូនឱ្យបានតឹងរ៉ឹង ដើម្បីចៀសវាងការរំខានណាមួយដល់កិច្ចប្រជុំដ៏សំខាន់នេះ៕

ប្រែសម្រួល៖​ គីរី

To Top