សង្គ្រាមនៅយេម៉ែនកាន់តែក្តៅគគុក ខណៈតួកគី សម្រេចបញ្ជូនជំនួយយោធា ជួយគាំទ្រអារ៉ាប៊ីសាអូឌីត
ទីក្រុងអង់ការ៉ា៖ មន្ត្រីចំនួនពីររូបបានឱ្យដឹងថា ប្រទេសតួកគីកំពុងបញ្ជូន ជំនួយជាចម្បងលើផ្នែកការពារ និងបច្ចេកទេសទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីជួយក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមហ៊ូធី (Houthis) របស់យេម៉ែនដែលគាំទ្រដោយអ៊ីរ៉ង់។ ការផ្តល់ជំនួយនេះ ធ្វើឡើងបន្ទាប់ពីតួកគីដែលជាសមាជិកអង្គការណាតូ (NATO) និងប្រទេសប៉ាគីស្ថាន បានប្តេជ្ញាអនុវត្តតាមកាតព្វកិច្ចការពាររួមគ្នា ក្រោមសម្ព័ន្ធភាព ដែលទើបនឹងបង្កើតថ្មីរបស់ពួកគេ នេះបើយោងតាមចេះផ្សាយពីសារព័ត៌មាន CNA ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦។
កាលពីខែសីហាកន្លងទៅ តួកគី ប៉ាគីស្ថាន និងអារ៉ាប៊ីសាអូឌីត បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ការពារជាតិរួមទីក្រុងមេកា (Mecca Joint Defence Agreement) ដោយផ្អែកលើគោលការណ៍ថា “ការវាយប្រហារដោយអាវុធលើសមាជិកណាមួយ គឺជាការវាយប្រហារលើសមាជិកទាំងអស់”។ ប្រទេសទាំងបីកំពុងរៀបចំរចនាសម្ព័ន្ធនៃសម្ព័ន្ធភាពថ្មីនេះ ហើយបានជួបប្រជុំគ្នាទាំងផ្នែកនយោបាយ និងយោធាជាបន្តបន្ទាប់ ដើម្បីឆ្លើយតបនឹងការ វាយប្រហាររបស់ក្រុមហ៊ូធី។
កាលពីថ្ងៃចន្ទ ប្រទេសជាសម្ព័ន្ធមិត្តទាំងបី បានប្រកាសថា ពួកគេបានឯកភាពគ្នាចាត់វិធានការភ្លាមៗ ដើម្បីអនុវត្តការប្តេជ្ញាចិត្តការពារជាតិរួមគ្នា និងធានាឱ្យមាន “ការដាក់ពង្រាយយ៉ាងឆាប់រហ័ស” នូវកងទ័ព និងសមត្ថភាពយោធានៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត។
ក្នុងនាមជាប្រទេសដែលមាន កងទ័ពធំជាងគេទីពីរក្នុងអង្គការណាតូ និងមានវិស័យឧស្សាហកម្ម ការពារជាតិដ៏រឹងមាំ តួកគីបានថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះការវាយប្រហារ របស់ក្រុមហ៊ូធីមកលើអារ៉ាប៊ីសាអូឌីត ។ បន្ថែមពីនេះ តួកគីក៏បានបង្ហាញឆន្ទៈក្នុង ការជួយបំពេញតម្រូវការ ផ្នែកបច្ចេកទេសយោធារបស់ទីក្រុងរីយ៉ាដ (Riyadh) ព្រមទាំងបានយល់ព្រម ចូលរួមក្នុងក្រុមចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីត ដើម្បីធានាសុវត្ថិភាពនាវាចរណ៍នៅតំបន់សមុទ្រក្រហម (Red Sea) ផងដែរ។
ប្រែសម្រួល៖ គីរី
