កូរ៉េខាងជើងច្រានចោល គម្រោងផ្តល់ជំនួយវេជ្ជសាស្ត្រ ពីកូរ៉េខាងត្បូង ដោយចាត់ទុកថាជា «ការប្រមាថ»
ទីក្រុងសេអ៊ូល៖ ប្រទេសកូរ៉េខាងជើង នៅថ្ងៃព្រហស្បតិ៍ ទី០៨ ខែតុលា បានច្រានចោលគម្រោង របស់ទីក្រុងសេអ៊ូល ក្នុងការបញ្ជូនជំនួយមនុស្សធម៌ជាសម្ភារៈវេជ្ជសាស្ត្រ ដោយបានចាត់ទុកសកម្មភាពនេះថាជា «ការប្រមាថ» និងជា «ការបង្ករឿងខាងនយោបាយ» នេះបើយោងតាមការចេញផ្សាយ ពីសារព័ត៌មាន Yonhap។
យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) លោកស្រី គីម យ៉ូជុង (Kim Yo-jong) ប្អូនស្រីដ៏មានឥទ្ធិពល របស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានបញ្ជាក់នៅក្នុងសេចក្តី ថ្លែងការណ៍មួយថា ទង្វើនេះគឺជាការប្រមាថ និងជាការបំពានយ៉ាងធ្ងន់ធ្ងរដល់ច្បាប់ជាតិរបស់លោកស្រី។ លោកស្រីបានទាត់ចោលគម្រោងជំនួយនេះ ដោយហៅវាថាជា «ទង្វើដ៏រំខាន និងគួរឱ្យស្អប់ខ្ពើម» ព្រមទាំងចាត់ទុកថាវាគ្រាន់តែជា «រឿងល្ខោន» មួយផ្សេងទៀតប៉ុណ្ណោះ។
គួរបញ្ជាក់ថា កន្លងមកក្រសួងឯកភាពជាតិកូរ៉េខាងត្បូង បានរៀបចំផែនការបញ្ជូនសម្ភារៈវេជ្ជសាស្ត្រចំនួន ១.៤៣១ មុខ (ស្មើនឹង ១៦៦ ប្រភេទ) ទៅកាន់មន្ទីរពេទ្យមួយនៅរដ្ឋធានីព្យុងយ៉ាង។ សម្ភារៈទាំងនោះរួមមាន ឧបករណ៍ចាំបាច់សម្រាប់ធ្វើរោគវិនិច្ឆ័យ ការវះកាត់ និងការព្យាបាល ដែលជាផ្នែកមួយនៃកម្មវិធីគាំទ្រផ្នែកវេជ្ជសាស្ត្រមនុស្សធម៌។ ដើម្បីសម្រួលដល់ការបញ្ជូននេះ ក្រសួងថែមទាំងទទួលបានការលើកលែងទណ្ឌកម្មពីគណៈកម្មាធិការទណ្ឌកម្មកូរ៉េខាងជើង នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីខែឧសភាកន្លងទៅផងដែរ។
ទោះជាយ៉ាងនេះក្តី លោកស្រី គីម យ៉ូជុង បានភ្ជាប់ការផ្តល់ជំនួយនេះទៅនឹងព្រឹត្តិការណ៍បន្ទុះគ្រាប់មីន កាលពីថ្ងៃទី២១ ខែកញ្ញា ដែលបណ្តាលឱ្យទាហានកូរ៉េខាងត្បូង ៣នាក់រងរបួស។ គួររំលឹកថា ពេលនោះ លោកស្រីក៏បានប្រើពាក្យ «រឿងល្ខោន» នេះដែរ ដើម្បីទាត់ចោលការសន្និដ្ឋានរបស់កូរ៉េខាងត្បូង ដែលថាគ្រាប់មីននោះជារបស់កូរ៉េខាងជើង។
លោកស្រីបានបន្ថែមថា ដោយសារតែ «រឿងល្ខោន» គ្រាប់មីនមិនសូវទទួលបានការចាប់អារម្មណ៍ កូរ៉េខាងត្បូងក៏បានបង្កើតរឿងថ្មីមួយទៀត គឺគម្រោងជំនួយឧបករណ៍វេជ្ជសាស្ត្រនេះឯង។
ទន្ទឹមនឹងនេះ លោកស្រីបានសង្កត់ធ្ងន់ម្តងទៀតថា ទីក្រុងព្យុងយ៉ាងគ្មានបំណងធ្វើកិច្ចសន្ទនាណាមួយជាមួយទីក្រុងសេអ៊ូលឡើយ ដោយបញ្ជាក់ថា ភាពជាសត្រូវរវាងប្រទេសទាំងពីរនឹងមិនមានការផ្លាស់ប្តូរនោះទេ។
ជាការឆ្លើយតប មន្ត្រីជាន់ខ្ពស់នៃក្រសួងឯកភាពជាតិកូរ៉េខាងត្បូង បានគូសបញ្ជាក់នៅថ្ងៃដដែលនេះថា ដោយសារតែការកាត់ផ្តាច់ទំនាក់ទំនងជាទូទៅ លទ្ធភាពនៃការបញ្ជូនសម្ភារៈទាំងនេះទៅតាមការគ្រោងទុក គឺសឹងតែមិនអាចទៅរួចទេ ខណៈដែលរដ្ឋាភិបាលទីក្រុងសេអ៊ូល កំពុងពិចារណាស្នើសុំការពន្យារពេល អាជ្ញាប័ណ្ណបន្ថែមទៀតពីអង្គការសហប្រជាជាតិ។
ប្រែសម្រួល៖ គីរី
