ព័ត៌មានអន្តរជាតិ

ចក្រភពអង់គ្លេស និងអាល្លឺម៉ង់ ចាប់ដៃគ្នាប្រយុទ្ធប្រឆាំង នឹងការបំផ្លិចបំផ្លាញ និងការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត

បរទេស៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Andy Burnham នឹងបំពេញទស្សនកិច្ចនៅទីក្រុងប៊ែរឡាំង (Berlin) នាថ្ងៃនេះ ខណៈដែលរូបលោក និងសមភាគីអាល្លឺម៉ង់ នឹងប្រកាសភាពជាដៃគូសន្តិសុខថ្មីមួយ ដើម្បី “ទប់ទល់នឹងការបំផ្លិចបំផ្លាញ និងការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត” (Cyber attacks) នេះបើយោងតាមចេះផ្សាយពីសារព័ត៌មាន Sky News ថ្ងៃទី៨​ ខែតុលា ឆ្នាំ២០២៦។។

នៅក្នុងជំនួបផ្ទាល់មុខជាលើកដំបូង រវាងលោក Burnham និងអធិការបតីអាល្លឺម៉ង់ លោក Friedrich Merz ថ្នាក់ដឹកនាំទាំងពីរនឹងពិភាក្សាអំពីវិធីសាស្ត្រការពារប្រទេសទាំងពីរពីការគំរាមកំហែងបែបចម្រុះ (Hybrid threats) ក៏ដូចជាកិច្ចសហការលើការច្នៃប្រឌិត និងកំណើនសេដ្ឋកិច្ចក្នុងតំបន់។ ភាពជាដៃគូសន្តិសុខនេះនឹងអនុញ្ញាតឱ្យប្រទេសទាំងពីរចែករំលែកព័ត៌មាន និងសម្របសម្រួលសកម្មភាពរួមគ្នា ដើម្បីតាមដាន និងបង្ក្រាបការគំរាមកំហែង ព្រមទាំងកាត់បន្ថយសមត្ថភាពប្រតិបត្តិការរបស់ក្រុមអរិភាពនៅអឺរ៉ុប និងការពារហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗផងដែរ។

កិច្ចព្រមព្រៀងនេះកើតឡើងបន្ទាប់ពីចក្រភពអង់គ្លេស បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្រដៀងគ្នានេះជាមួយសហភាពអឺរ៉ុប (EU) និងតួកគី ចាប់តាំងពីគណបក្សពលករ (Labour) បានឡើងកាន់អំណាចកាលពីពីរឆ្នាំមុន។ ក្រៅពីបញ្ហាសន្តិសុខ លោក Burnham និងលោក Merz ក៏នឹងជជែកពិភាក្សាអំពីសង្គ្រាមនៅអ៊ុយក្រែន ស្ថានភាពនៅមជ្ឈិមបូព៌ា និងកិច្ចខិតខំប្រឹងប្រែងដើម្បីបើកច្រកសមុទ្រ Hormuz ឡើងវិញផងដែរ។

ថ្នាក់ដឹកនាំទាំងពីរនឹងប្រកាសអំពី “ច្រករបៀងបច្ចេកវិទ្យាឧស្សាហកម្ម” ដែលនឹងជួយឱ្យក្រុមហ៊ុននៃប្រទេសទាំងពីរអាចបង្កើតភាពជាដៃគូ និងដេញថ្លៃយកមូលនិធិគាំទ្រដែលមានទំហំ ២០ លានអឺរ៉ូ (១៧ លានផោន) ដើម្បីពន្លឿនការស្រាវជ្រាវផ្នែកបច្ចេកវិទ្យា Quantum។ គម្រោងនេះ គឺជាផ្នែកមួយនៃសន្ធិសញ្ញាកិច្ចសហប្រតិបត្តិការទ្វេភាគី Kensington (Kensington Treaty) ដែលត្រូវបានចុះហត្ថលេខាកាលពីឆ្នាំមុនដោយលោក Merz និងលោក Sir Keir Starmer ហើយទទួលបានការគាំទ្រពីក្រុមហ៊ុនឈានមុខរបស់អាល្លឺម៉ង់ដូចជា Allianz, Bosch និង Siemens។

ថ្លែងមុនពេលចេញដំណើរ លោក Burnham បានបញ្ជាក់ថា៖ “ការវាយប្រហារមកលើហេដ្ឋារចនាសម្ព័ន្ធ អាជីវកម្ម និងលទ្ធិប្រជាធិបតេយ្យរបស់យើង លែងជាការគំរាមកំហែងដ៏ឆ្ងាយទៀតហើយ។ វាបានជ្រៀតចូលដល់លំនៅដ្ឋាន និងកន្លែងធ្វើការរបស់ប្រជាពលរដ្ឋ ដែលត្រូវបានរៀបចំឡើងដើម្បីធ្វើឱ្យយើងចុះខ្សោយ និងបែកបាក់។ ចក្រភពអង់គ្លេស និងអាល្លឺម៉ង់កំពុងរួមដៃគ្នាដើម្បីស្វែងរក លាតត្រដាង និងបង្ក្រាបសកម្មភាពទាំងនេះ។ សន្តិសុខ និងកំណើនសេដ្ឋកិច្ចត្រូវដើរទន្ទឹមគ្នា ហើយប្រជាពលរដ្ឋនៅគ្រប់ទីក្រុងនៃប្រទេសទាំងពីរ ត្រូវតែទទួលបានអត្ថប្រយោជន៍ទាំងនេះ។”

នេះគឺជាដំណើរទស្សនកិច្ចក្រៅប្រទេសលើកទីបីរបស់លោក Burnham ក្នុងនាមជានាយករដ្ឋមន្ត្រី បន្ទាប់ពីលោកបានទៅបំពេញទស្សនកិច្ចនៅអ៊ុយក្រែន និងសហរដ្ឋអាមេរិក។ ដំណើរទស្សនកិច្ចនេះ ក៏កើតឡើងស្របពេលដែលលោក Merz កំពុងប្រឈមមុខនឹងសម្ពាធក្នុងស្រុកយ៉ាងតានតឹង ដោយមានការទាមទារឱ្យលោកចុះចេញពីតំណែង ក្រោយលទ្ធផលបោះឆ្នោតថ្នាក់មូលដ្ឋានដ៏ខកចិត្តសម្រាប់គណបក្សរបស់លោក គួបផ្សំនឹងការចាប់ខ្លួនអតីតប្រធានចារកម្មអាល្លឺម៉ង់ លោក August Hanning ពីបទសង្ស័យចារកម្ម កាលពីប៉ុន្មានថ្ងៃមុន។

គួរបញ្ជាក់ផងដែរថា កាលពីដើមសប្តាហ៍នេះ ប្រធានផ្នែកចារកម្មបរទេសរបស់អាល្លឺម៉ង់បានព្រមានថា រុស្ស៊ីកំពុងធ្វើ “សង្គ្រាមស្រមោល” ប្រឆាំងនឹងបណ្តាប្រទេសនៅអឺរ៉ុប។ យ៉ាងណាមិញ វិមានក្រឹមឡាំង (Kremlin) បានទាត់ចោលការចោទប្រកាន់ទាំងនេះ ដោយចាត់ទុកថាជារឿងគ្មានមូលដ្ឋាន និងជាល្បិចដើម្បីរកលេសបង្កើនការចំណាយលើវិស័យការពារជាតិប៉ុណ្ណោះ។

ប្រែសម្រួល៖​ គីរី

To Top