យោធាអាមេរិក ត្រូវបានបញ្ជាឱ្យត្រៀមខ្លួន សម្រាប់ការវាយប្រហារ ដែលអាចកើតមានលើអ៊ីរ៉ង់ មុនការបោះឆ្នោតពាក់កណ្តាលអាណត្តិ
វ៉ាស៊ីនតោន៖ ក្រសួងការពារជាតិអាមេរិក បានណែនាំដល់បញ្ជាការដ្ឋានកណ្តាលរបស់សហរដ្ឋអាមេរិក កាលពីប៉ុន្មានថ្ងៃមុន ឱ្យបញ្ចប់ការត្រៀមខ្លួន សម្រាប់ការចាប់ផ្តើមឡើងវិញនូវប្រតិបត្តិការប្រយុទ្ធទ្រង់ទ្រាយធំនៅក្នុងប្រទេសអ៊ីរ៉ង់។

របាយការណ៍ដដែលបានបញ្ជាក់ថា ប្រភពព័ត៌មានពីអាមេរិក និងអ៊ីស្រាអែល បានឧ្យដឹងថា ការវាយប្រហារទាំងនេះអាចនឹង កើតឡើងមុនការបោះឆ្នោត ពាក់កណ្តាលអាណត្តិរបស់សហរដ្ឋអាមេរិក ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៣ ខែវិច្ឆិកា ហើយអាចនឹងកើតឡើង មុនការបោះឆ្នោតនៅអ៊ីស្រាអែល ដែលនឹងធ្វើឡើងមួយសប្តាហ៍មុននោះផងដែរ។
យោងតាមប្រភពព័ត៌មានទាំងនោះ ប្រតិបត្តិការប្រយុទ្ធដែលអាចនឹងកើតឡើង រួមមានយុទ្ធនាការទម្លាក់គ្រាប់បែកទ្រង់ទ្រាយធំ ដែលកំណត់គោលដៅលើវិស័យថាមពល ហេដ្ឋារចនាសម្ព័ន្ធ និងទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់។
នៅរយៈពេលតិចជាងមួយខែមុនការបោះឆ្នោតពាក់កណ្តាលអាណត្តិរបស់អាមេរិក បញ្ហាធំបំផុត សម្រាប់អ្នកបោះឆ្នោតគឺលទ្ធភាពក្នុងការចំណាយ (តម្លៃទំនិញ និងសេវាកម្ម) ដោយពួកគេកំពុងបន្ទោសគណបក្សសាធារណរដ្ឋ ដែលជាគណបក្សកំពុងកាន់អំណាច។
សង្គ្រាមនៅអ៊ីរ៉ង់ បានបណ្តាលឱ្យតម្លៃប្រេងឥន្ធនៈកើនឡើងយ៉ាងគំហុក ដែលជំរុញឱ្យថ្លៃចំណាយកើនឡើងនៅក្នុងវិស័យឧស្សាហកម្មនានា រួមទាំងការដឹកជញ្ជូនតាមផ្លូវសមុទ្រ ផ្លូវគោក ផ្លូវអាកាស និងវិស័យស្បៀងអាហារ។
លទ្ធផលស្ទង់មតិរបស់ Reuters ដែលបានចេញផ្សាយកាលពីថ្ងៃចន្ទ បានបង្ហាញថា កម្រិតនៃការពេញចិត្ត ចំពោះប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅតែស្ថិតក្នុងកម្រិតទាបបំផុតគឺ ៣២ ភាគរយ ដែលមិនមានការផ្លាស់ប្តូរពីការស្ទង់មតិកាលពីខែកញ្ញា ដែលជាកម្រិតទាបបំផុតក្នុងអាជីពនយោបាយរបស់លោក៕
ប្រែសម្រួល ឈូក បូរ៉ា
