មនុស្សយ៉ាងហោចណាស់ ៣២ នាក់បានស្លាប់នៅ អ៊ុយក្រែន ខណៈលោក ហ្សេលេនស្គី ថ្កោលទោសការវាយប្រហារ របស់រុស្ស៊ីថាជា «ការវាយប្រហារដ៏ឃោរឃៅបំផុត»
បរទេស៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បានថ្លែងថា នៅថ្ងៃពុធ ប្រទេសរុស្ស៊ីបានវាយប្រហារ អ៊ុយក្រែនយ៉ាងខ្លាំងក្លាដោយប្រើប្រាស់មីស៊ីល និងយន្តហោះគ្មានមនុស្សបើក (drones) ជាច្រើន នៅក្នុងអ្វីដែលលោកចាត់ទុកថាជា “ការវាយប្រហារ ដ៏ឃោរឃៅបំផុតមួយ” ។ ការវាយប្រហារនេះ បានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ៣២ នាក់ស្លាប់ រួមទាំងកុមារ និងបង្កការខូចខាតដល់រោងចក្រឧស្សាហកម្ម និងហេដ្ឋារចនាសម្ព័ន្ធថាមពល។
យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយ នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ថា ការខាតបង់ធ្ងន់ធ្ងរបំផុត បានកើតឡើងនៅទីក្រុង Pryluky ក្នុងតំបន់ Chernihiv ភាគខាងជើងប្រទេសអ៊ុយក្រែន ដែលនៅទីនោះ មីស៊ីលរបស់រុស្ស៊ីបានបំផ្លាញអគារលំនៅដ្ឋានកម្ពស់ ៥ ជាន់មួយកន្លែង។
អាជ្ញាធរសេវាសង្គ្រោះបន្ទាន់របស់អ៊ុយក្រែនបានប្រកាសនៅលើបណ្តាញ Telegram ថា ចំនួនអ្នកស្លាប់នៅទីក្រុង Pryluky បានកើនឡើងដល់ ២២ នាក់គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍ ។ ទន្ទឹមនឹងនេះ សាកសពចំនួន ២ នាក់បន្ថែមទៀត ត្រូវបានរកឃើញបន្ទាប់ពីការវាយប្រហារតាមអាកាសរបស់រុស្ស៊ីទៅលើអគារអាផាតមិន (Apartment) មួយកន្លែងក្នុងរដ្ឋធានី គៀវ ដែលធ្វើឱ្យចំនួនអ្នកស្លាប់នៅទីនោះកើនឡើងដល់ ៤ នាក់។
មុននេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អ៊ុយក្រែន លោក Ivan Vyhivskyi បានរាយការណ៍ថា ចំនួនអ្នកស្លាប់សរុបនៅទូទាំង ប្រទេសមាន ២៨ នាក់ ដែលក្នុងនោះរួមមានមនុស្ស ២០ នាក់បានស្លាប់នៅក្នុងការវាយប្រហារនៅទីក្រុង Pryluky (រួមទាំងកុមារ ៥ នាក់)។
ប្រែសម្រួលៈ តុលា
