ព័ត៌មានអន្តរជាតិ

សហរដ្ឋអាមេរិក បើកកិច្ចចរចា ដោយផ្ទាល់ ជាមួយក្រុមឧត្តមសេនីយ៍យោធា មីយ៉ាន់ម៉ា ដោយផ្លាស់ប្តូរគោល នយោបាយ ដាក់ឱ្យឯកោដែលបានអនុវត្ត អស់រយៈពេលជាច្រើនឆ្នាំ

បរទេស៖ យោងតាមមន្ត្រីអាមេរិក និងបុគ្គលផ្សេងទៀត ដែលដឹងពីដំណើរការនេះ គឺរដ្ឋបាលលោក Trump បានចាប់ផ្តើមការចរចាដោយផ្ទាល់ជាមួយរដ្ឋាភិបាល ដែលត្រូវបានតែងតាំង ដោយយោធានៃប្រទេសមីយ៉ាន់ម៉ា។ នេះគឺជាការផ្លាស់ប្តូរគោលជំហរយ៉ាងខ្លាំងពីកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងវ៉ាស៊ីនតោនក្នុងការដាក់ប្រទេសនេះឱ្យនៅឯកោ បន្ទាប់ពីព្រឹត្តិការណ៍រដ្ឋប្រហារឆ្នាំ ២០២១។

យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ថា លោក Michael Vance ដែលជាជំនួយការរដ្ឋមន្ត្រីការបរទេសអាមេរិកទទួលបន្ទុកផ្នែកស៊ើបការណ៍សម្ងាត់ និងការស្រាវជ្រាវ បានដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចទំនាក់ទំនងនេះ ។ កិច្ចពិភាក្សាផ្តោតសំខាន់ លើការបិទមជ្ឈមណ្ឌលឆបោក តាមអ៊ីនធឺណិតដែលកំណត់គោល ដៅលើជនជាតិអាមេរិក ប៉ុន្តែក៏អាចឈានទៅរកកិច្ច សហប្រតិបត្តិការកាន់តែទូលំទូលាយផងដែរ រួមទាំងបញ្ហាទាក់ទងនឹងធនធានរ៉ែដ៏កម្ររបស់មីយ៉ាន់ម៉ា។ ព័ត៌មាននេះត្រូវបានផ្តល់ ដោយមន្ត្រីបច្ចុប្បន្ន និងអតីតមន្ត្រីចំនួន ៧ រូប រួមទាំងបុគ្គលផ្សេងទៀត ដែលដឹងអំពីការផ្លាស់ប្តូរគោលនយោបាយនេះ។

លោក Michael Vance បានចូលរួមក្នុងការចរចា ជាមួយលោកឧត្តមសេនីយ៍ Min Aung Hlaing ដែលជាមេដឹកនាំរដ្ឋប្រហារ និងក្រោយមកបានក្លាយជាប្រធានាធិបតី នៅរដ្ឋធានី Naypyitaw កាលពីថ្ងៃទី ១៥-១៦ ខែកញ្ញា។ កិច្ចប្រជុំនេះមានគោលបំណងស្វែងរកការដោះលែងអ្នកជំនួញអាមេរិកម្នាក់ឈ្មោះ Adam Castillo ប៉ុន្តែក៏បានបើកផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការបន្ថែមទៀតផងដែរ, នេះបើយោងតាមការបញ្ជាក់របស់បុគ្គលចំនួន ៤ រូប។

កិច្ចប្រជុំកាលពីខែមុន ដែលជាកិច្ចទំនាក់ទំនង កម្រិតខ្ពស់បំផុត ចាប់តាំងពីមានរដ្ឋប្រហារមក បានបង្ហាញយ៉ាងច្បាស់ អំពីការផ្លាស់ប្តូរគោលនយោបាយការបរទេសរបស់រដ្ឋបាលលោក Trump ដែលងាកចេញពីការលើកកម្ពស់ លទ្ធិប្រជាធិបតេយ្យ ទៅរកកិច្ចសហប្រតិបត្តិការ ដែលផ្អែកលើផល ប្រយោជន៍ជាក់ស្តែងវិញ។
ប្រែសម្រួលៈ តុលា

To Top