កូរ៉េខាងត្បូង នឹងកោះហៅឯកអគ្គរដ្ឋទូត ប្រចាំអ៊ុយក្រែន ត្រឡប់មកវិញ ចំពេលមានជម្លោះជុំវិញ ការបញ្ចេញព័ត៌មាន អំពីឈ្លើយសឹកកូរ៉េខាងជើង២នាក់
បរទេស៖ ក្រសួងការបរទេសកូរ៉េខាងត្បូង បានប្រកាសនៅថ្ងៃព្រហស្បតិ៍នេះថា ខ្លួននឹងហៅឯកអគ្គរដ្ឋទូតប្រចាំនៅ អ៊ុយក្រែនត្រឡប់មកវិញ ចំពេលមានជម្លោះការទូត ជុំវិញការដែលទីក្រុងគៀវ (Kyiv) បានទម្លាយព័ត៌មានអំពីការ បញ្ជូនឈ្លើយសឹកកូរ៉េខាងជើងចំនួន ២ នាក់ទៅកាន់ទីក្រុងសេអ៊ូល។
យោងតាមទីភ្នាក់ងារព័ត៌មាន យ៉ុនហាប់ ចេញផ្សាយនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ថា រដ្ឋាភិបាលទីក្រុងសេអ៊ូលបានទាមទារឱ្យមានការពន្យល់ជាផ្លូវការ និងការសុំទោសមួយជុំវិញការដែលប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានទម្លាយព័ត៌មានថ្មីៗនេះអំពីការបញ្ជូនទាហានកូរ៉េខាងជើងទាំង ២ នាក់នោះទៅកាន់ទីក្រុងសេអ៊ូល ព្រមទាំងទាមទារសេចក្តីថ្លែងការណ៍ ពីការិយាល័យរបស់លោក ដើម្បីបដិសេធថា គ្មានកិច្ចព្រមព្រៀងណា មួយក្នុងការរក្សាការសម្ងាត់លើបញ្ហានេះឡើយ។
រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង គឺ លោក Cho Hyun បាននិយាយកាលពីថ្ងៃអង្គារថា លោកបានទទួលសារមួយ ពីសមភាគីអ៊ុយក្រែន គឺលោក Andrii Sybiha ដែលមានខ្លឹមសារសុំទោស ប៉ុន្តែវាមិនបានឆ្លើយតបទៅនឹង ការរំពឹងទុករបស់ទីក្រុងសេអ៊ូលនោះទេ។ លោក Cho បានបញ្ជាក់ថា រដ្ឋាភិបាលមានបំណងចាត់វិធានការ “យ៉ាងម៉ឺងម៉ាត់”។
ក្រសួងបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «រដ្ឋាភិបាលបានសម្រេចចិត្តហៅឯកអគ្គរដ្ឋទូត ប្រចាំនៅអ៊ុយក្រែនត្រឡប់មកកាន់ទីក្រុងសេអ៊ូលវិញ»។
ប្រែសម្រួលៈ តុលា
