ប្រទេសថៃ ស្នើឱ្យក្រុមហ៊ុននានា កាត់បន្ថយការនាំចេញស៊ុត ខណៈដែលទឹកជំនន់ ប៉ះពាល់ដល់ការផ្គត់ផ្គង់
បរទេស៖ ប្រទេសថៃ បានស្នើឱ្យក្រុមហ៊ុននានា កាត់បន្ថយការនាំចេញស៊ុតចំនួនពី ៣០ ទៅ ៥០% រហូតដល់ខែធ្នូ បន្ទាប់ពីទឹកជំនន់ដ៏ធ្ងន់ធ្ងរបានបណ្តាល ឱ្យមេមាន់ពងមួយចំនួនធំងាប់។
យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយកាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ថា លោក Jirawuth Suwanna-arj អគ្គនាយករងនៃនាយកដ្ឋានពាណិជ្ជកម្មក្នុងស្រុក បានថ្លែងកាលពីថ្ងៃអង្គារថា កសិដ្ឋានចិញ្ចឹមមាន់យកពងនៅក្នុងខេត្ត Chachoengsao (ឆាឆឿងសៅ) ដែលស្ថិតនៅចម្ងាយប្រហែល ២ ម៉ោងពីទីក្រុងបាងកកទៅទិសខាងកើត បានរងផលប៉ះពាល់ដោយទឹកជំនន់ ដែលបណ្តាលឱ្យមាន់ពងប្រហែល ៣ លានក្បាលងាប់។
លោក Jirawuth បានឱ្យដឹងថា នាយកដ្ឋានកំពុងធ្វើការស្ទង់មតិជាបន្ទាន់លើតំបន់ដែលមិនរងផលប៉ះពាល់ ដើម្បីស្វែងរកប្រភពស៊ុតសម្រាប់ចែកចាយទៅកាន់អ្នកលក់រាយ។ លើសពីនេះ នាយកដ្ឋានក៏កំពុងសហការជាមួយស្ថាប័នផ្សេងទៀត ដើម្បីពន្យារអាយុកាលផលិតកម្មរបស់មាន់ពងពី ៨០ សប្តាហ៍ ទៅ ៨៥ សប្តាហ៍ ក្នុងគោលបំណងរក្សាការផ្គត់ផ្គង់ស៊ុតឱ្យបានគ្រប់គ្រាន់។
លោកបានបន្ថែមថា នាយកដ្ឋានក៏បានស្នើឱ្យសមាគមអ្នកផលិតស៊ុត និងកសិដ្ឋានធំៗ រក្សាតម្លៃលក់ចេញពីកសិដ្ឋាន ឱ្យនៅត្រឹម ៤ បាត (០,១២ ដុល្លារអាមេរិក) ក្នុងមួយគ្រាប់ផងដែរ។
ប្រែសម្រួល: តុលា
