តួកគី ទំនងជានឹងផ្តល់បច្ចេកវិទ្យា ការពារជាតិ ដល់ទីក្រុងរីយ៉ាដ ជាជាងបញ្ជូនកងទ័ពប្រយុទ្ធ ក្រោមលក្ខខណ្ឌ នៃកិច្ចព្រមព្រៀងទីក្រុងមេក្កា
អ៊ីស្តង់ប៊ុល៖ កិច្ចព្រមព្រៀងការពារជាតិរួមទីក្រុងមេក្កា ដែលបានចុះហត្ថលេខាដោយប្រទេសអារ៉ាប៊ីសាអូឌីត ប៉ាគីស្ថាន និងតួកគី កំពុងប្រឈមមុខ នឹងការសាកល្បងដ៏សំខាន់មួយជាលើកដំបូង បន្ទាប់ពីមានការវាយប្រហារ ដ៏សាហាវមួយដោយក្រុមហ៊ូធី របស់ប្រទេសយេម៉ែន ទៅលើអាកាសយានដ្ឋានអន្តរជាតិទីក្រុងរីយ៉ាដ។ ហេតុការណ៍នេះបានបង្កជាសំណួរថា តើតួកគីមានឆន្ទៈ និងលទ្ធភាពកម្រិតណា ដើម្បីការពារដៃគូរបស់ខ្លួន។
អ្នកវិភាគលើកឡើងថា ទីក្រុងអង់ការ៉ា (តួកគី) ទំនងជានឹងផ្តល់បច្ចេកវិទ្យាការពារជាតិដល់អារ៉ាប៊ីសាអូឌីត ជាជាងបញ្ជូនកងទ័ពប្រយុទ្ធ ដោយសារតួកគីចង់ជៀសវាងការចូលរួមដោយផ្ទាល់នៅក្នុងជម្លោះនេះ។
សម្ព័ន្ធភាពទីក្រុងមេក្កាបានប្រកាសកាលពីថ្ងៃទី ៥ ខែតុលាថា ខ្លួននឹងដាក់ពង្រាយកងកម្លាំង និងសមត្ថភាពយោធាទៅកាន់អារ៉ាប៊ីសាអូឌីត ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារកាន់តែខ្លាំងឡើងរបស់ក្រុមហ៊ូធីមកលើព្រះរាជាណាចក្រមួយនេះ។
រដ្ឋមន្ត្រីការបរទេសតួកគី លោក Hakan Fidan បានសង្កត់ធ្ងន់នៅពេលក្រោយមកថា កិច្ចព្រមព្រៀងដែលបានចុះហត្ថលេខានៅទីក្រុងមេក្កាកាលពីថ្ងៃទី ៧ ខែសីហា គឺមានលក្ខណៈការពារសុទ្ធសាធ និងមិនអនុញ្ញាតឱ្យមានប្រតិបត្តិការយោធា ដែលមានលក្ខណៈវាយលុកនោះទេ។
នៅពេលដែលផែនការដាក់ពង្រាយកងកម្លាំងទៅកាន់អារ៉ាប៊ីសាអូឌីតខិតជិតដល់ការអនុម័តដោយសភាតួកគី ការជជែកដេញដោលជាសាធារណៈបានកើតឡើងជុំវិញហានិភ័យនៃការដែលប្រទេសនេះអាចនឹងត្រូវទាញចូលទៅក្នុងជម្លោះ។
លោកស្រី Canan Tercan អ្នកជំនាញផ្នែកគោលនយោបាយការបរទេស នៅសាកលវិទ្យាល័យ Istanbul Aydin បានប្រាប់ទីភ្នាក់ងារព័ត៌មានកាសែតថា ជំនួសឱ្យការដើរតួនាទី ប្រយុទ្ធដោយផ្ទាល់ តួកគីទំនងជានឹងចូលរួមចំណែក ក្នុងកិច្ចព្រមព្រៀងនេះ តាមរយៈគំនិតផ្តួចផ្តើមផ្នែកការទូត បច្ចេកវិទ្យាការពារជាតិ និងកិច្ចសហប្រតិបត្តិការ ផ្នែកស៊ើបការណ៍សម្ងាត់ ដោយប្រើប្រាស់យានអាកាសគ្មានមនុស្សបើក ប្រព័ន្ធការពារដែនអាកាស និងសមត្ថភាពផ្នែកសាយប័រ ជាធនធានសំខាន់ៗ៕
ប្រែសម្រួល ឈូក បូរ៉ា
