ក្រុមហ៊ុនអាកាសចរណ៍កាតា ផ្អាកជើងហោះហើរទៅកាន់ទីក្រុង Riyadh និង Dammam របស់ប្រទេសអារ៉ាប៊ីសាអូឌីត
ដូហា៖ ក្រុមហ៊ុនអាកាសចរណ៍ Qatar Airways បានប្រកាសកាលពីថ្ងៃចន្ទ អំពីការផ្អាកជាបណ្ដោះអាសន្ន នូវជើងហោះហើរទៅ និងមកពីទីក្រុង Riyadh និង Dammam របស់ប្រទេសអារ៉ាប៊ីសាអូឌីត បន្ទាប់ពីមានការវាយប្រហារដោយក្រុមយេម៉ែនទៅលើព្រលានយន្តហោះនានារបស់អារ៉ាប៊ីសាអូឌីត។
ក្រុមហ៊ុនអាកាសចរណ៍នេះបានឧ្យដឹងនៅក្នុងសេចក្តីជូនដំណឹងថ្មីមួយអំពីការធ្វើដំណើរថា៖ «ដោយសារស្ថានភាពបច្ចុប្បន្ន ជើងហោះហើរទៅ និងមកពីទីក្រុង Riyadh និង Dammam ត្រូវបានផ្អាកជាបណ្ដោះអាសន្ន»។
ក្រុមហ៊ុនក៏បានជំរុញឱ្យអ្នកដំណើរពិនិត្យមើលស្ថានភាពជើងហោះហើររបស់ពួកគេតាមរយៈគេហទំព័រផ្លូវការ ឬកម្មវិធីទូរស័ព្ទដៃរបស់ក្រុមហ៊ុនផងដែរ។
ក្រុមហ៊ុនបានបញ្ជាក់ថា ព័ត៌មានថ្មីៗបន្ថែមទៀតនឹងត្រូវបានផ្តល់ជូនតាមរយៈគេហទំព័ររបស់ខ្លួន ប៉ុន្តែមិនបានបញ្ជាក់ច្បាស់លាស់ថាពេលណាទើបសេវាកម្មហោះហើរទៅកាន់ទីក្រុងទាំងពីររបស់អារ៉ាប៊ីសាអូឌីតនឹងដំណើរការឡើងវិញនោះទេ។
ការផ្អាកជើងហោះហើរនេះធ្វើឡើងបន្ទាប់ពីមានការវាយប្រហារដោយក្រុមហ៊ូធី ទៅលើព្រលានយន្តហោះអន្តរជាតិ King Khalid ក្នុងទីក្រុង Riyadh និងព្រលានយន្តហោះអន្តរជាតិ King Fahd នៅជិតទីក្រុង Dammam។
យោងតាមអាជ្ញាធរទូទៅនៃអាកាសចរស៊ីវិលរបស់អារ៉ាប៊ីសាអូឌីត ការវាយប្រហាររបស់ក្រុមហ៊ូធី កាលពីថ្ងៃសៅរ៍មកលើព្រលានយន្តហោះទីក្រុង Riyadh បានបណ្តាលឱ្យមនុស្ស ១២ នាក់ស្លាប់ និង ៣០៩ នាក់ផ្សេងទៀតរងរបួស៕
ប្រែសម្រួល ឈូក បូរ៉ា
