ព័ត៌មានអន្តរជាតិ

អនាគតរបស់អ៊ុយក្រែន​ គឺស្ថិតនៅក្នុងប្លុកសហភាពអឺរ៉ុប

ព្រុចសែល៖ លោកស្រី Kaja Kallas ប្រធានផ្នែកគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប បានឧ្យដឹងថា អនាគតរបស់អ៊ុយក្រែន​ គឺស្ថិតនៅក្នុងសហភាពអឺរ៉ុប ខណៈដែលប្រទេសនេះកំពុងត្រៀម បើកកិច្ចចរចាចូលជាសមាជិកចំនួនពីរ ក្រុមបន្ថែមទៀតជាមួយប្លុកនេះ។

លោកស្រី Kallas បានថ្លែងបែបនេះនៅក្នុងសន្និសីទសារព័ត៌មានមួយ បន្ទាប់ពីកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអឺរ៉ុប​ នៅទីក្រុង Luxembourg។

លោកស្រីបានស្វាគមន៍​ ចំពោះការអនុម័តច្បាប់ចាំបាច់នានារបស់អ៊ុយក្រែន​ នៅថ្ងៃដដែលនោះ ដែលបានបើកផ្លូវសម្រាប់ការចាប់ផ្តើមកិច្ចចរចាទាំងពីរក្រុមខាងលើនៅថ្ងៃអង្គារ។
លោកស្រីបានលេីកឡេីងថា៖ «អនាគតរបស់អ៊ុយក្រែន​ គឺស្ថិតនៅក្នុងសហភាពអឺរ៉ុប» ដោយបន្ថែមថាបណ្តាប្រទេសសមាជិកអឺរ៉ុប​ បានបង្ហាញថាដំណើរការនេះគួរតែប្រព្រឹត្តទៅដោយរលូន។

យោងតាមក្រុមប្រឹក្សាសហភាពអឺរ៉ុប​ កិច្ចចរចាទាំងពីរក្រុមនោះគ្របដណ្តប់លើផ្នែក «ទីផ្សារផ្ទៃក្នុង» និង «ភាពអាចប្រកួតប្រជែង និងកំណើនប្រកបដោយបរិយាបន្ន»។

លោកស្រីក៏បានលើកឡើងផងដែរថា ការពង្រីកសមាជិក ភាពរបស់អឺរ៉ុប​ មិនមែនគ្រាន់តែជាការបង្កើនចំនួន សមាជិកនៃប្លុកនេះប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការធ្វើឱ្យអឺរ៉ុប កាន់តែមានសុវត្ថិភាព និងរឹងមាំជាងមុនផងដែរ នៅក្នុងទិដ្ឋភាពភូមិសាស្ត្រនយោបាយ។

អ៊ុយក្រែន​ បានដាក់ពាក្យសុំចូលជា សមាជិកអឺរ៉ុប​ នៅខែកុម្ភៈ ឆ្នាំ ២០២២ និងទទួលបានឋានៈជាប្រទេសបេក្ខភាព​ នៅខែមិថុនា ឆ្នាំដដែលនោះ ។ សហភាពអឺរ៉ុប​ បានចាប់ផ្តើមកិច្ចចរចា ចូលជាសមាជិកជាមួយអ៊ុយក្រែន ជាផ្លូវការនៅខែមិថុនា ឆ្នាំ ២០២៤៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top