ព័ត៌មានអន្តរជាតិ

សហរដ្ឋអាមេរិក​ ចាំបាច់ត្រូវដោះស្រាយបញ្ហាកោះតៃវ៉ាន់​ ដោយប្រុងប្រយ័ត្ន

ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិនបានឧ្យដឹងថា សហរដ្ឋអាមេរិក​ ចាំបាច់ត្រូវគោរពតាមគោលការណ៍ «ចិនតែមួយ» និងសេចក្តីថ្លែងការណ៍ រួមទាំងបីរវាងចិន និងសហរដ្ឋអាមេរិក ព្រមទាំងដោះស្រាយបញ្ហាកោះតៃវ៉ាន់ ដោយប្រុងប្រយ័ត្ន និងចាត់វិធានការជាក់ស្តែង​ ដើម្បីរក្សាទំនាក់ទំនងរួមរវាងចិន និងសហរដ្ឋអាមេរិក ក៏ដូចជាសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។

អ្នកនាំពាក្យលោកស្រី ម៉ៅ​ នីង​ បានថ្លែងបែបនេះនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ បន្ទាប់ពីក្រសួងការបរទេសសហរដ្ឋអាមេរិកកាលពីសប្តាហ៍មុនបានលើកឡើងថា សកម្មភាពដែនសមុទ្ររបស់ចិន​ នៅតំបន់ឆ្នេរសមុទ្រភាគខាងកើតនៃកោះតៃវ៉ាន់ គឺជាសកម្មភាពដែល «បង្កឱ្យមានអស្ថិរភាពយ៉ាងខ្លាំង»។

លោកស្រីបានលេីកឡេីងថា «ប្រទេសចិន​ បានបញ្ជាក់យ៉ាងច្បាស់នូវជំហររបស់ខ្លួនលើបញ្ហានេះជាច្រើនលើកច្រើនសារមកហើយ»។ លោកស្រីបានបន្ថែមថា ប្រទេសចិនមានតំបន់សេដ្ឋកិច្ចផ្តាច់មុខ និងខ្ពង់រាបបាតសមុទ្រ​ នៅក្នុងដែនទឹកភាគខាងកើតនៃកោះតៃវ៉ាន់។

ការដែលចិន​ ធ្វើសកម្មភាពនៅក្នុងដែនទឹកទាំងនេះ គឺស្ថិតនៅក្នុងដែនអំណាចអធិបតេយ្យភាព និងដែនសមត្ថកិច្ចរបស់ចិនទាំងស្រុង ដូច្នេះវាជាសកម្មភាពស្របច្បាប់ និងត្រឹមត្រូវ ដែលមិនអាចមានការរិះគន់បានឡើយ។

លោកស្រីបានសង្កត់ធ្ងន់ថា «ភាគីដែលបង្កបញ្ហា និងរំខានដល់ស្ថិរភាពនៅក្នុងតំបន់ដែនទឹកនេះ មិនមែនជាភាគីចិនឡើយ»។ លោកស្រីក៏បានបញ្ជាក់ផងដែរថា បញ្ហាកោះតៃវ៉ាន់គឺជាកិច្ចការផ្ទៃក្នុងរបស់ចិន ដែលមិនអនុញ្ញាតឱ្យមានការជ្រៀតជ្រែកពីខាងក្រៅឡើយ៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top