គោលនយោបាយ បម្រុងឧស្ម័នអូស្ត្រាលី រងការរិះគន់ពី Shell ថាអាចបង្កហានិភ័យ ដល់ទីផ្សារថាមពល
ស៊ីដនី៖ ក្រុមហ៊ុនថាមពលខ្នាតយក្ស Shell បានចេញមុខរិះគន់យ៉ាងខ្លាំង ចំពោះផែនការរបស់រដ្ឋាភិបាលអូស្ត្រាលី ដែលតម្រូវឱ្យក្រុមហ៊ុនផលិត ឧស្ម័នធម្មជាតិរាវ (LNG) រក្សាទុកមួយផ្នែក នៃផលិតផល របស់ខ្លួនសម្រាប់ ការប្រើប្រាស់ក្នុងស្រុក។ ក្រុមហ៊ុនបានហៅចំណាត់ការនេះថាប្រៀបបាននឹង “ការប្រើញញួរធំទៅវាយបំបែកគ្រាប់តូច” ខណៈដែលទីផ្សារបច្ចុប្បន្នកំពុងមានដំណើរការល្អស្រាប់ទៅហើយ នេះបើយោងតាមចេះផ្សាយពីសារព័ត៌មាន Reuters ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦។
រដ្ឋាភិបាលអូស្ត្រាលី គ្រោងនឹងដាក់ស្នើសេចក្តីព្រាងច្បាប់នេះទៅកាន់សភាក្នុងសប្តាហ៍នេះ ដើម្បីអនុវត្តគោលនយោបាយបម្រុងឧស្ម័នក្នុងស្រុកថ្មីរបស់ខ្លួន ក្នុងគោលបំណងដោះស្រាយបញ្ហាកង្វះខាតការផ្គត់ផ្គង់ និងដើម្បីជួយបញ្ចុះតម្លៃថាមពល។
លោកស្រី Cecile Wake ប្រធានក្រុមហ៊ុន Shell ប្រចាំអូស្ត្រាលី ដែលជាក្រុមហ៊ុននាំចេញឧស្ម័នពីគម្រោង Queensland Curtis LNG បានបញ្ជាក់ថា ទោះបីជាលោកស្រីមិនប្រឆាំងនឹងគោលគំនិតនៃការបង្កើតទុនបម្រុងឧស្ម័នក្នុងស្រុកក៏ដោយ ប៉ុន្តែការរចនាគោលនយោបាយបច្ចុប្បន្នមានចំណុចខ្វះខាតយ៉ាងធំធេង។
លោកស្រីបានថ្លែងប្រាប់អង្គសន្និសីទនៅទីក្រុងស៊ីដនីថា៖ “ជាមូលដ្ឋាន វាគឺជាវិធានការដ៏តឹងរ៉ឹងហួសហេតុនិងជាការអន្តរាគមន៍ដ៏ធ្ងន់ធ្ងរបំផុតទៅលើទីផ្សារដែលកំពុងដំណើរការយ៉ាងល្អរួចទៅហើយ”។
ក្រុមហ៊ុន Shell ព្រមទាំងក្រុមហ៊ុន Origin Energy និង Santos ដែលជាប្រតិបត្តិករគម្រោងនាំចេញ LNG ធំៗចំនួនបីនៅតំបន់ឆ្នេរសមុទ្រភាគខាងកើត នឹងក្លាយជាអ្នករងផលប៉ះពាល់ខ្លាំងជាងគេពីគម្រោងបម្រុងនេះ។
សេចក្តីព្រាងសំណើនេះ តម្រូវឱ្យអ្នកនាំចេញថាមពល រក្សាទុកបរិមាណរហូតដល់ ២០% នៃផលិតកម្មរបស់ខ្លួន ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៨ តទៅ ។ គោលនយោបាយនេះមានចេតនាផ្គត់ផ្គង់ទីផ្សារឧស្ម័ននៅតំបន់ឆ្នេរសមុទ្រភាគខាងកើតរបស់អូស្ត្រាលីឱ្យលើសពីតម្រូវការជាក់ស្តែងរហូតដល់ទៅ ១១០%។
រដ្ឋាភិបាលបានសង្កត់ធ្ងន់ថា ក្រុមហ៊ុនផលិត “ត្រូវតែផ្គត់ផ្គង់” ជាកាតព្វកិច្ច មិនមែនត្រឹមតែដាក់សំណើលក់ទៅឱ្យអ្នកទិញនោះទេ។ ទាក់ទិននឹងបញ្ហានេះ លោកស្រី Wake បានព្រមានថា វិធានការទាំងនោះអាចទាញទម្លាក់តម្លៃឧស្ម័នឱ្យចុះទាបពេក និងអាច “បណ្តុះគ្រាប់ពូជនៃការដួលរលំទីផ្សារនាពេលអនាគត”។ លោកស្រីបានបន្ថែមថា វិធានការនេះខ្វះភាពបត់បែន ហើយវានឹងទាញតម្លៃឱ្យធ្លាក់ចុះទាបជាងថ្លៃដើមនៃការទាញយកផលិតផលថ្មីៗមកផ្គត់ផ្គង់។
គួររំលឹកផងដែរថា អូស្ត្រាលីគឺជាប្រទេសនាំចេញ LNG ដ៏ធំបំផុតមួយក្នុងពិភពលោក ដោយបាននាំចេញឧស្ម័នទៅបរទេសច្រើនជាងការប្រើប្រាស់ក្នុងស្រុក។ ទោះជាយ៉ាងណាក៏ដោយ បញ្ហាប្រឈមចម្បងនោះគឺ ជម្រកឧស្ម័នធំៗភាគច្រើនរបស់ប្រទេសនេះស្ថិតនៅភាគពាយ័ព្យ ដែលនៅឆ្ងាយពីតំបន់ភាគអាគ្នេយ៍ ដែលជាតំបន់មានដង់ស៊ីតេប្រជាជនច្រើន និងមានតម្រូវការប្រើប្រាស់ថាមពលខ្ពស់បំផុត។
ប្រែសម្រួល៖ គីរី
