អតិផរណាលក់ដុំរបស់ជប៉ុន នៅតែបន្តកើនឡើង ខណៈទីផ្សាររំពឹងថាធនាគារកណ្តាល នឹងដំឡើងអត្រាការ ប្រាក់បន្ថែមទៀត
តូក្យូ៖ ទិន្នន័យដែលបានចេញផ្សាយបានបង្ហាញថា តម្លៃទំនិញលក់ដុំរបស់ប្រទេសជប៉ុនបានកើនឡើង ៦,៨% គិតត្រឹមខែកញ្ញា។ ទោះបីជាតួលេខនេះមានការថយ ចុះបន្តិចធៀបនឹងខែមុនក៏ដោយ ប៉ុន្តែវាបានបង្ហាញពីសម្ពាធ អតិផរណាដែលកំពុងបន្តកើនឡើង ដែលរក្សាក្តីរំពឹងរបស់ទីផ្សារថា ធនាគារកណ្តាលជប៉ុន (BOJ) អាចនឹងដំឡើងអត្រាការប្រាក់ក្នុងពេលឆាប់ៗខាងមុខ នេះបើយោងតាមចេះផ្សាយពីសារព័ត៌មាន Reuters ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦។
សន្ទស្សន៍តម្លៃទំនិញសាជីវកម្ម (CGPI) បានកើនឡើង ៦,៨% ក្នុងខែកញ្ញា ដែលតួលេខនេះទាបជាងការព្យាករណ៍ របស់ទីផ្សារដែលរំពឹងថាកើន ៧,៦% និងថយចុះបន្តិចពីកំណើន ៧,៦% ក្នុងខែសីហា។ សន្ទស្សន៍នេះ វាស់វែងពីតម្លៃដែលក្រុមហ៊ុនទារពីគ្នាទៅវិញទៅមកសម្រាប់ទំនិញ និងសេវាកម្ម។
ថ្លៃដើមនាំចូលហក់ឡើងខ្ពស់៖ សន្ទស្សន៍តម្លៃនាំចូលគិតជាប្រាក់យ៉េន បានហក់ឡើងដល់ ២៤,៥% ធៀបនឹងឆ្នាំមុន ដែលជាសញ្ញាបញ្ជាក់យ៉ាងច្បាស់ថា ភាពទន់ខ្សោយនៃប្រាក់យ៉េន បាននិងកំពុងរុញច្រានថ្លៃដើមនាំចូលវត្ថុធាតុដើមឱ្យកាន់តែថ្លៃ។
ទោះបីជាតម្លៃកសិផលធ្លាក់ចុះ ១៣,៣% (ដោយសារតម្លៃអង្ករធ្លាក់ចុះយ៉ាងគំហុក) ប៉ុន្តែទំនិញផ្សេងៗទៀតបានកើនឡើងយ៉ាងខ្លាំង ដូចជា ផលិតផលគីមី (+១៣,៣%), ប្លាស្ទិក (+១២,៨%), និងលោហៈក្រៅពីដែក (+៤០,២%)។ កំណើននេះបង្កឡើងដោយសម្ពាធពីការធ្លាក់ថ្លៃប្រាក់យ៉េន សង្គ្រាមរបស់អាមេរិកនិងអ៊ីស្រាអែលទៅលើប្រទេសអ៊ីរ៉ង់ និងតម្រូវការខ្ពស់ពាក់ព័ន្ធនឹងបច្ចេកវិទ្យា AI។
លោក Masato Koike អ្នកសេដ្ឋកិច្ចជាន់ខ្ពស់នៅវិទ្យាស្ថាន Sompo Institute Plus បានលើកឡើងថា អតិផរណាលក់ដុំអាចនឹងស្ទុះងើបឡើងវិញ ដោយសារភាពមិនប្រាកដប្រជាខ្ពស់ជុំវិញជម្លោះនៅមជ្ឈិមបូព៌ា ដែលធ្វើឱ្យតម្លៃប្រេងឆៅនៅតែបន្តកើនឡើង។ ប៉ុន្តែលោកកត់សម្គាល់ថា៖ “មិនទាន់មានសញ្ញាណាមួយដែលបង្ហាញថាសម្ពាធអតិផរណានឹងកើនឡើងខ្លាំងភ្លាមៗនោះទេ” ដែលមានន័យថា BOJ អាចនឹងរក្សាអត្រាការប្រាក់ឱ្យនៅថេរក្នុងខែតុលានេះ ហើយរង់ចាំដល់ខែធ្នូ ទើបសម្រេចចិត្តដំឡើងម្តងទៀត។
ទិន្នន័យថ្មីនេះ នឹងក្លាយជាកត្តាសំខាន់មួយដែលធនាគារកណ្តាលជប៉ុនត្រូវយកមកពិនិត្យយ៉ាងល្អិតល្អន់ នៅក្នុងកិច្ចប្រជុំគោលនយោបាយរបស់ខ្លួននៅថ្ងៃទី២៩ និង ៣០ ខែតុលាខាងមុខ។ ការស្ទុះឡើងនៃអតិផរណាលក់ដុំនាពេលថ្មីៗនេះ គឺជាកត្តាមួយក្នុងចំណោមកត្តាផ្សេងទៀត ដែល BOJ ធ្លាប់បានយកធ្វើជាសំអាងក្នុងការសម្រេចចិត្តដំឡើងអត្រាការប្រាក់កាលពីខែមិថុនា និងខែកញ្ញា។
លោក Kazuo Ueda ទេសាភិបាលធនាគារកណ្តាលជប៉ុន បានបញ្ជាក់ថា ល្បឿន និងពេលវេលានៃការដំឡើងអត្រាការប្រាក់នាពេលអនាគត គឺអាស្រ័យលើថាតើសម្ពាធតម្លៃលក់ដុំនេះ នឹងជះឥទ្ធិពលដល់អតិផរណាអ្នកប្រើប្រាស់ និងប៉ះពាល់ដល់ការចំណាយទូទៅក្នុងកម្រិតណា។ គួររំលឹកថា អតិផរណាស្នូលនៅទីក្រុងតូក្យូ ដែលជាសញ្ញាណឈានមុខគេនៃនិន្នាការតម្លៃទូទាំងប្រទេស បានកើនឡើងក្នុងល្បឿនលឿនបំផុតក្នុងរយៈពេល ១០ខែចុងក្រោយ កាលពីខែកញ្ញា។
ប្រភពពី Reuters បានឱ្យដឹងថា BOJ អាចនឹងផ្តល់សញ្ញាក្នុងខែនេះថា អតិផរណាស្នូលបានឈានដល់គោលដៅ ២% របស់ខ្លួន ដែលបង្ហាញពីការត្រៀមខ្លួនក្នុងការដំឡើងអត្រាការប្រាក់បន្ថែមទៀត។ កាលពីខែមុន BOJ បានដំឡើងអត្រាការប្រាក់គោលដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល ៣១ឆ្នាំរួចទៅហើយ។ ទីផ្សារ និងអ្នកវិភាគភាគច្រើនរំពឹងថា ធនាគារកណ្តាលមួយនេះ នឹងដំឡើងអត្រាការប្រាក់ម្តងទៀតនៅមុនដំណាច់ឆ្នាំនេះ។
ប្រែសម្រួល៖ គីរី
