ព័ត៌មានអន្តរជាតិ

តម្លៃប្រេងបានធ្លាក់ចុះ ខណៈដែលការរំពឹងទុកអំពីការ ផ្គត់ផ្គង់ប្រេងម៉ាស៊ូតរបស់រុស្ស៊ី បានទប់ទល់នឹងហានិភ័យ នៃការផ្គត់ផ្គង់ពីតំបន់ឈូងសមុទ្រ

បរទេស៖ តម្លៃប្រេងបានធ្លាក់ចុះនៅថ្ងៃអង្គារនេះ ហើយកំពុងឆ្ពោះទៅរកការធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេលជិតមួយសប្តាហ៍ ខណៈដែលពាណិជ្ជករកំពុងវាយតម្លៃហានិភ័យ នៃការផ្គត់ផ្គង់ដែលបណ្តាលមកពីការវាយប្រហារលើប្រទេសអារ៉ាប៊ីសាអូឌីត ព្រមទាំងពិចារណាអំពីលទ្ធភាពនៃការទទួលបានការផ្គត់ផ្គង់ប្រេងម៉ាស៊ូតបន្ថែមពីប្រទេសរុស្ស៊ី។

យោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ថា តម្លៃប្រេងឆៅប្រភេទ Brent បានធ្លាក់ចុះ ១,៣០ ដុល្លារ ឬ ១,២% មកនៅត្រឹម ១០៥,៣៥ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅប្រភេទ West Texas Intermediate (WTI) របស់សហរដ្ឋអាមេរិក បានធ្លាក់ចុះ ១,២៥ ដុល្លារ ឬ ១,៣% មកនៅត្រឹម ៩២,៤៩ ដុល្លារក្នុងមួយបារ៉ែល។

តម្លៃប្រេងគោលទាំងពីរប្រភេទនេះបានកើនឡើងជិត ២ ដុល្លារក្នុងមួយបារ៉ែលនៅក្នុងការជួញដូរលើកមុន ដោយប្រេង Brent បានបិទបញ្ចប់ក្នុងតម្លៃខ្ពស់បំផុតគិតចាប់តាំងពីថ្ងៃទី ១៥ ខែកញ្ញាមក។

ប្រធានាធិបតីអាមេរិក លោក Donald Trump បានមានប្រសាសន៍ថា ប្រទេសរុស្ស៊ីបានយល់ព្រមផ្គត់ផ្គង់​ ប្រេងម៉ាស៊ូតដល់ទីផ្សារពិភពលោក ហើយរដ្ឋបាលរបស់លោកបានដកការដាក់ទណ្ឌកម្ម របស់សហរដ្ឋអាមេរិកជាបណ្តោះអាសន្នលើប្រេងឥន្ធនៈរបស់រុស្ស៊ី ដែលដើមឡើយត្រូវបានដាក់ចេញក្នុងគោលបំណងកាត់ផ្តាច់ប្រាក់ចំណូលរបស់ទីក្រុងមូស្គូសម្រាប់ការធ្វើសង្គ្រាមលើប្រទេសអ៊ុយក្រែន។

ការផ្គត់ផ្គង់បន្ថែមអាចជួយកាត់បន្ថយភាពតានតឹងនៅក្នុងទីផ្សារប្រេងឥន្ធនៈពិភពលោក និងជួយបន្ធូរបន្ថយការព្រួយបារម្ភមួយចំនួនទាក់ទងនឹងការផ្គត់ផ្គង់ ដែលកត្តានេះធ្លាប់បានជួយជំរុញតម្លៃប្រេងឆៅឱ្យឡើងខ្ពស់នាពេលថ្មីៗនេះ។
ប្រែសម្រួលៈ តុលា

To Top