ប្រធានាធិបតីកូរ៉េខាងជើង បង្ហាញមីស៊ីល ដែលអាចបាញ់ទៅដល់សហរដ្ឋអាមេរិក ខណៈលោក ត្រាំ បង្ហាញសញ្ញាថា អាចនឹងជួបគ្នាជាមួយលោកគីម នៅខែវិច្ឆិកា
បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA របស់កូរ៉េខាងជើង បានរាយការណ៍នៅថ្ងៃអង្គារថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong Un) បានទៅទស្សនាសារមន្ទីរឧស្សាហកម្មការពារជាតិមួយ ដែលដាក់តាំងបង្ហាញមីស៊ីលផ្លោង អន្តរទ្វីប (ICBM) ដែលមានសមត្ថភាពបាញ់ ទៅដល់សហរដ្ឋអាមេរិក។
យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ថា សេចក្តីរាយការណ៍នេះ បានចេញផ្សាយមួយថ្ងៃ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានលើកឡើងថា លោកអាចនឹងជួបជាមួយលោក គីម ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចទៅកាន់តំបន់អាស៊ីដែលបានគ្រោងទុក។ លោក ត្រាំ ត្រូវបានគេរំពឹងថា នឹងចូលរួមកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) នៅប្រទេសចិន ក្នុងអំឡុងពាក់កណ្តាលខែវិច្ឆិកា។
ទីភ្នាក់ងារ KCNA បានឱ្យដឹងថា លោក គីម រួមជាមួយកូនស្រីរបស់លោកដែលមានឈ្មោះថា ជូ អេ (Ju Ae) និងភរិយាគឺលោកស្រី រី សូលជូ (Ri Sol Ju) បានចូលរួមក្នុងពិធីសម្ពោធ សារមន្ទីរបដិវត្តន៍ការពារជាតិ ដែលទើបនឹងបើកថ្មី កាលពីថ្ងៃអាទិត្យ។
រូបថតរបស់ KCNA បានបង្ហាញថា សារមន្ទីរនេះបានដាក់តាំងបង្ហាញនូវអាវុធដែលត្រូវបានអភិវឌ្ឍឡើងក្រោមការដឹកនាំរបស់លោក គីម ចាប់ពីយន្តហោះគ្មានមនុស្សបើក (drones) រហូតដល់មីស៊ីលផ្លោងអន្តរទ្វីប Hwasong-20។
លោក Shin Jong-woo អគ្គលេខាធិការនៃវេទិកាការពារជាតិ និងសន្តិសុខកូរ៉េ បានលើកឡើងថា ការដាក់តាំងបង្ហាញនៅពីមុខឧបករណ៍បាញ់មីស៊ីល Hwasong-20 ហាក់ដូចជាបង្ហាញពីការរចនាក្បាលគ្រាប់ច្រើន និងផែនទីពិភពលោកដែលបង្ហាញពីរយៈចម្ងាយបាញ់ដែលអាចទៅដល់តំបន់នានា ចាប់ពីដីគោករបស់សហរដ្ឋអាមេរិក រហូតដល់មជ្ឈិមបូព៌ា អូស្ត្រាលី និងអាមេរិកខាងត្បូង។
ប្រែសម្រួលៈ ណៃ តុលា
