ក្រុមហ៊ុនផលិតរថយន្តនៅអឺរ៉ុប ងាកទៅរកវិធីសាស្ត្រពីអតីតកាល ដើម្បីប្រកួតប្រជែង ជាមួយរថយន្តអគ្គិសនីរបស់ចិន
បរទេស៖ នៅពេលដែលក្រុមហ៊ុនផលិតរថយន្តអគ្គិសនី របស់ចិនកំពុងប្រកួតប្រជែង ជាមួយឧស្សាហកម្មរថយន្តរបស់អឺរ៉ុប ដោយផ្តល់ជូននូវរថយន្តដែលមានតម្លៃទាប និងបច្ចេកវិទ្យាកាន់តែទំនើបនោះ ក្រុមហ៊ុនផលិតរថយន្ត ដែលមានវត្តមានយូរមកហើយកំពុងតបតវិញ ដោយប្រើប្រាស់ចំណុចខ្លាំងមួយដែលគូប្រជែងរបស់ពួកគេមិនមាន នោះគឺប្រវត្តិសាស្ត្រដ៏យូរលង់។
យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ថា ក្រុមហ៊ុនផលិតរថយន្តនៅអឺរ៉ុប កាន់តែច្រើនឡើងកំពុងនាំយក រថយន្តម៉ូដែលបុរាណៗពីទសវត្សរ៍មុនៗមកផលិតឡើងវិញ ដូចជាម៉ូដែល Renault 5 និង Citroen 2CV ដោយសង្ឃឹមថា អារម្មណ៍នឹករលឹកដល់អតីតកាល នឹងជួយឱ្យពួកគេលេចធ្លោជាងគូប្រជែងចិន ដែលមានចំនួនកើនឡើង និងអាចទាក់ទាញចិត្តអ្នកទិញ រថយន្តអគ្គិសនីបាន ។
នេះគឺជាការប្រកួតប្រជែងដ៏សំខាន់មួយ, តម្រូវការរថយន្តអគ្គិសនីនៅអឺរ៉ុបបានកើនឡើងយ៉ាងខ្លាំងស្របពេលដែលតម្លៃប្រេងឥន្ធនៈក៏ឡើងថ្លៃខ្ពស់ដែរ ប៉ុន្តែយោងតាមទិន្នន័យពីក្រុមហ៊ុន Schmidt Automotive Research, ក្រុមហ៊ុនផលិតរបស់ចិនដូចជា BYD និង Geely បានដណ្តើមយកចំណែកទីផ្សារអឺរ៉ុបបានជិត ១១ % រួចទៅហើយនៅក្នុងត្រីមាសទីពីរ ដោយសារតែក្រុមហ៊ុនទាំងពីរមានរថយន្តម៉ូដែល ដែលមានតម្លៃទាបជាង និងមានបច្ចេកវិទ្យាទំនើបជាងម៉ាកយីហោក្នុងស្រុក។
ខណៈពេលដែលក្រុមហ៊ុនផលិតរថយន្តអឺរ៉ុបកំពុងប្រឹងប្រែងកាត់បន្ថយការចំណាយ និងកាត់បន្ថយគម្លាតផ្នែកបច្ចេកវិទ្យា ប្រវត្តិសាស្ត្រ , កេរ្តិ៍ដំណែលយូរអង្វែងបានក្លាយជាគុណសម្បត្តិមួយក្នុងចំណោមគុណសម្បត្តិមួយចំនួនដែលក្រុមហ៊ុនចិនដែលទើបចូលមកក្នុងទីផ្សារថ្មីៗមិនអាចយកតម្រាប់តាមបានដោយងាយស្រួលនោះទេ។
ប្រែសម្រួលៈ តុលា
