ព័ត៌មានអន្តរជាតិ

ប្រធានផ្នែកសន្តិសុខ អ៊ីរ៉ង់ថា អ៊ីរ៉ង់នឹងបំផ្លាញមជ្ឈមណ្ឌលទិន្នន័យ និងទីតាំងបច្ចេកវិទ្យា AI របស់សហរដ្ឋអាមេរិក ប្រសិនបើខ្លួនរងការវាយប្រហារជាថ្មី

បរទេស៖ លោក Mohsen Rezaei អគ្គលេខាធិការ នៃក្រុមប្រឹក្សាសន្តិសុខជាតិជាន់ខ្ពស់របស់ប្រទេសអ៊ីរ៉ង់ បានព្រមានថា អ៊ីរ៉ង់នឹងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា របស់សហរដ្ឋអាមេរិកនៅក្នុងតំបន់ឈូងសមុទ្រពែក្ស ប្រសិនបើទីក្រុងវ៉ាស៊ីនតោន បើកការវាយប្រហារម្តងទៀត។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦ថា នៅក្នុងបទសម្ភាសន៍ជាមួយបណ្តាញព័ត៌មាន Press TV ដែលបានចាក់ផ្សាយ កាលពីចុងសប្តាហ៍ លោក Rezaei បានលើកឡើងជាពិសេសអំពីទ្រព្យសម្បត្តិ និងហេដ្ឋារចនាសម្ព័ន្ធ របស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសអារ៉ាប់រួម (UAE) និងនៅជុំវិញច្រកសមុទ្រ Hormuz។ លោកបានប៉ាន់ប្រមាណថា ទ្រព្យសម្បត្តិទាំងនោះមានតម្លៃជាង ២ ពាន់ពាន់លានដុល្លារ (២ ទ្រីលានដុល្លារ) ហើយបានពណ៌នាថា វាជា «ជីពចរនៃសេដ្ឋកិច្ចអាមេរិក នៅក្នុងតំបន់នេះ»។

លោកបានមានប្រសាសន៍ថា «យើងមិនទាន់បានដាក់បញ្ចូលទ្រព្យសម្បត្តិទាំងនេះទៅក្នុងបញ្ជីគោលដៅវាយប្រហាររបស់យើងនៅឡើយទេ។ ប៉ុន្តែប្រសិនបើសង្គ្រាមផ្ទុះឡើង ខ្សែបណ្តាញទំនាក់ទំនង មជ្ឈមណ្ឌលទិន្នន័យ ទីតាំងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) និងទីតាំងសំខាន់ៗជាច្រើនទៀត នឹងត្រូវបំផ្លាញចោល»។

សូមជម្រាបថា សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានបើកយុទ្ធនាការយោធាប្រឆាំង នឹងអ៊ីរ៉ង់កាលពីថ្ងៃទី ២៨ ខែកុម្ភៈ។ ទោះបីជាការប្រយុទ្ធគ្នា បានថយចុះចាប់តាំងពីពេលនោះមកក៏ដោយ ប៉ុន្តែការបិទខ្ទប់ផ្លូវសមុទ្រនៅតាមកំពង់ផែអ៊ីរ៉ង់ដោយសហរដ្ឋអាមេរិកនៅតែបន្ត ខណៈដែលការដឹកជញ្ជូន ទំនិញតាមផ្លូវសមុទ្រកាត់តាមច្រក Hormuz នៅតែជួបការរំខាន។
ប្រែសម្រួលៈ តុលា

To Top