អ្នកឡើងភ្នំបរទេស ជាង ១០០នាក់ ជាប់គាំង ដោយសារគ្រោះទឹកជំនន់ នៅតំបន់ Gorkha ប្រទេសនេប៉ាល់
កដ្ឋមណ្ឌុ៖ អាជ្ញាធរមូលដ្ឋានបានរាយការណ៍ថា យ៉ាងហោចណាស់មានអ្នកឡើងភ្នំបរទេស ជាង ១០០នាក់ កំពុងជាប់គាំងនៅតំបន់ ភាគកណ្តាល នៃប្រទេសនេប៉ាល់ បន្ទាប់ពីគ្រោះទឹកជំនន់ភ្លាមៗ (Flash floods) នៅស្រុក Gorkha បានវាយប្រហារកាលពីថ្ងៃអាទិត្យ ដោយបានកួចយកស្ពាន ផ្លូវឡើងភ្នំ និងផ្ទះសម្បែងរាប់រយខ្នង នេះបើយោងតាមចេះផ្សាយពីសារព័ត៌មាន Aljazeera ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦។
ស្ថានភាពរបស់អ្នកជាប់គាំង៖ លោក Bhuwan Raj Ojha មន្ត្រីនៃគម្រោងតំបន់អភិរក្ស Manaslu បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃចន្ទថា ភ្ញៀវទេសចរទាំងនោះកំពុងជាប់គាំង នៅតាមតំបន់ផ្សេងៗគ្នានៃផ្លូវឡើងភ្នំ Manaslu ដ៏ពេញនិយម ដោយសារតែផ្នែកខ្លះ នៃផ្លូវត្រូវបានទឹកគួចយកទៅបាត់។ លោកបានបញ្ជាក់ថា៖ “អ្នកឡើងភ្នំដែលចង់ត្រឡប់មកវិញ គឺត្រូវការការជួយសង្គ្រោះ។ ចំណែកអ្នកដែលចង់បន្តដំណើរ គឺអាចបន្តបានពីទីតាំង ដែលមានសុវត្ថិភាព ដោយមានភោជនីយដ្ឋាន និងផ្ទះសំណាក់នៅតាមផ្លូវ ដែលផ្តល់សុវត្ថិភាពជូនពួកគេ”។
មូលហេតុ និងទំហំនៃការខូចខាត៖ គ្រោះទឹកជំនន់នេះបានកើតឡើង បន្ទាប់ពីមានការបាក់ដីនៅមុនពេលព្រឹកព្រលឹម ដែលបានបិទរាំងស្ទះផ្លូវទឹកទន្លេ Budhi Gandaki ក្នុងស្រុក Gorkha (ចម្ងាយប្រមាណ ១០០គីឡូម៉ែត្រភាគខាងលិចរដ្ឋធានីកដ្ឋមណ្ឌុ)។ អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយជាតិបានរាយការណ៍ថា មិនមានអ្នកស្លាប់នៅក្នុងគ្រោះទឹកជំនន់ចុងក្រោយនេះទេ ប៉ុន្តែមានអ្នកភូមិចំនួន ៥នាក់បានបាត់ការទាក់ទង ខណៈដែលកម្ទេចកំទី និងភក់បានហូរគួចយកផ្ទះជាង ២០០ខ្នង និងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ រួមទាំងរោងចក្រវារីអគ្គិសនីចំនួន ៣កន្លែង។
កាលពីថ្ងៃចន្ទ អាជ្ញាធរបានជួយសង្គ្រោះមនុស្សចំនួន ៣២១នាក់ (រួមទាំងជនបរទេស ១២នាក់)។ កងទ័ពបានបញ្ជាក់ថា ប្រតិបត្តិការជួយសង្គ្រោះនឹងនៅតែបន្តនៅថ្ងៃអង្គារ ទោះបីជាកម្រិតទឹកទន្លេបានស្រកចុះក៏ដោយ។
លោក Md Shahadat Hossain អ្នកឡើងភ្នំជនជាតិបង់ក្លាដែសដែលកំពុងជាប់គាំងនៅភូមិ Jagat បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Anadolu ថា មានជនជាតិបង់ក្លាដែស ៩នាក់កំពុងរង់ចាំការជម្លៀសតាមឧទ្ធម្ភាគចក្រ។ លោកបានរៀបរាប់ថា៖ “យើងមានសុវត្ថិភាពទេ ប៉ុន្តែមិនមានអគ្គិសនីប្រើប្រាស់តាំងពីម្សិលមិញ ការទាក់ទងជាមួយពិភពខាងក្រៅត្រូវបានកាត់ផ្តាច់ ហើយការផ្គត់ផ្គង់ស្បៀងអាហារក៏កំពុងខ្វះខាតបន្តិចម្តងៗ”។
ជុំវិញបញ្ហានេះ អាជ្ញាធរស្រុក Gorkha រួមទាំងអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយជាតិ បានប្រកាសអាសន្ន និងស្នើឱ្យអ្នកភូមិដែលរស់នៅតាមច្រាំងទន្លេផ្នែកខាងក្រោមក្នុងស្រុក Gorkha, Tanahun, Chitwan, East Nawalparasi និង West Nawalparasi ធ្វើការជម្លៀសខ្លួនចេញជាបន្ទាន់ ដើម្បីសុវត្ថិភាព។
គួររំលឹកផងដែរថា ទន្លេនេះគឺជាដៃទន្លេរបស់ទន្លេ Trishuli ។ នៅខ្សែទឹកខាងក្រោមនៃដៃទន្លេមួយទៀត កាលពីខែសីហាកន្លងទៅ ធ្លាប់មានករណីបាក់ផ្ទាំងទឹកកកដែលបានបង្កជាទឹកជំនន់ដ៏មហន្តរាយផ្តាច់យកជីវិតមនុស្សរហូតដល់ ១.៤៥៧នាក់ ខណៈរាប់ពាន់នាក់ផ្សេងទៀតនៅតែបន្តបាត់ខ្លួននៅឡើយ។
ប្រែសម្រួល៖ គីរី
