ព័ត៌មានអន្តរជាតិ

ភាពស្ទាក់ស្ទើរ របស់លោក ត្រាំ កំពុងក្លាយជាសម្ពាធថ្មី សម្រាប់លោក ណេតាន់យ៉ាហ៊ូ មុនការបោះឆ្នោតដ៏តានតឹង

វ៉ាស៊ីនតោន ៖ បើទោះបីជាធ្លាប់មានប្រវត្តិទំនាក់ទំនងដ៏ជិតស្និទ្ធយូរអង្វែងក៏ដោយ លោក ដូណាល់ ត្រាំ ហាក់កំពុងរក្សាភាពស្ទាក់ស្ទើរ និងមិនទាន់បង្ហាញការគាំទ្រដាច់អហង្ការចំពោះនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) នោះទេ ខណៈដែលការបោះឆ្នោតនៅអ៊ីស្រាអែលនាថ្ងៃទី២៧ ខែតុលា កាន់តែខិតជិតមកដល់ នេះបើយោងតាមចេះផ្សាយពីសារព័ត៌មាន Aljazeera ថ្ងៃទី១៣​ ខែតុលា ឆ្នាំ២០២៦។។

ចាប់តាំងពីចូលកាន់តំណែងនៅសេតវិមានកាលពីឆ្នាំ២០១៧ លោក ត្រាំ តែងតែសម្រេចនូវបំណងប្រាថ្នារបស់ក្រុមស្តាំនិយមអ៊ីស្រាអែល និងបានអនុវត្តគោលនយោបាយការបរទេសដែលជួយលើកស្ទួយជោគវាសនានយោបាយរបស់លោក ណេតាន់យ៉ាហ៊ូ។ ជាការឆ្លើយតប មេដឹកនាំអ៊ីស្រាអែលរូបនេះ បានបង្ហាញខ្លួនឯងថាជាអ្នកគ្រប់គ្រងទំនាក់ទំនងការបរទេសដ៏ល្អបំផុតជាមួយអាមេរិក ដោយអាចជម្នះនូវការរិះគន់ជាសាធារណៈ និងភាពមិនពេញចិត្តមួយចំនួនពីសំណាក់លោក ត្រាំ ដោយមិនធ្វើឱ្យមានការផ្លាស់ប្តូរគោលនយោបាយជាក់ស្តែងនោះឡើយ។

សម្រាប់ការបោះឆ្នោតនាពេលខាងមុខនេះ លោក ត្រាំ បានបង្ហាញឥរិយាបថមិនសូវខ្វាយខ្វល់ ខណៈដែលគណបក្ស Likud របស់លោក ណេតាន់យ៉ាហ៊ូ និងសម្ព័ន្ធមិត្តស្តាំនិយមជ្រុល កំពុងរងការគំរាមកំហែងកាន់តែខ្លាំងពីសំណាក់មេដឹកនាំគណបក្ស Yashar លោក Gadi Eisenkot និងប្លុកប្រឆាំងដែលលោកកំពុងកសាង។

លោក Yousef Munayyer ប្រធានកម្មវិធីប៉ាឡេស្ទីន/អ៊ីស្រាអែល នៅមជ្ឈមណ្ឌលអារ៉ាប់ប្រចាំរដ្ឋធានីវ៉ាស៊ីនតោន (Arab Center Washington DC) បានលើកឡើងថា ភាពស្ទាក់ស្ទើរជាសាធារណៈនេះ ទំនងជាបណ្តាលមកពីការផ្លាស់ប្តូរចរន្តនយោបាយទាំងនៅក្នុងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ព្រមទាំងការវិវឌ្ឍនៃទំនាក់ទំនងរវាងមេដឹកនាំទាំងពីរ។

លោក Munayyer បានបញ្ជាក់ប្រាប់សារព័ត៌មាន Al Jazeera ថា៖ “លោក [ត្រាំ] ហាក់ដូចជារក្សាគម្លាតឆ្ងាយជាងការរំពឹងទុក បើយើងក្រឡេកមើលប្រវត្តិដែលលោកធ្លាប់គាំទ្រសម្ព័ន្ធមិត្តស្តាំនិយម និងភាពជិតស្និទ្ធរវាងពួកគេទាំងពីរនាពេលកន្លងមក”។

នៅក្នុងបទសម្ភាសន៍ថ្មីៗនេះជាមួយទស្សនាវដ្តី Time លោក ត្រាំ បានគេចវេះរហូតដល់ទៅបីដង ក្នុងការប្រកាសគាំទ្រដោយផ្ទាល់ដល់លោក ណេតាន់យ៉ាហ៊ូ បើទោះបីជាលោកបានចេញមុខការពារភាពជាអ្នកដឹកនាំរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែលរូបនេះ ជុំវិញព្រឹត្តិការណ៍វាយប្រហាររបស់ក្រុមហាម៉ាស់ (Hamas) លើភាគខាងត្បូងអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ក៏ដោយ។

ប្រែសម្រួល៖​ គីរី

To Top