តម្រូវការប្រេងសកល នឹងមានកំណើនយឺត ជាងមុននៅឆ្នាំ២០២៦
វីយែន៖ អង្គការនៃប្រទេសនាំចេញប្រេង (OPEC) បានឱ្យដឹងថា តម្រូវការប្រេងសកល ត្រូវបានព្យាករណ៍ថា នឹងកើនឡើង ២០ម៉ឺនបារ៉ែលក្នុងមួយថ្ងៃនៅឆ្នាំ ២០២៦ (ធៀបនឹងឆ្នាំមុន) ដែលជាតួលេខទាបជាងការវាយតម្លៃ កាលពីខែកញ្ញា។
តួលេខនេះត្រូវបានចេញផ្សាយដោយអង្គការ នៃចេញប្រេង OPEC នៅក្នុងរបាយការណ៍ប្រចាំខែ ចុងក្រោយបំផុតរបស់ខ្លួន ស្តីពីទីផ្សារប្រេងពិភពលោក។
តម្រូវការរបស់ប្រទេសជាសមាជិក OECD (អង្គការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍ) ត្រូវបានព្យាករណ៍ថា នឹងថយចុះប្រហែល ២០ម៉ឺនបារ៉ែល ក្នុងមួយថ្ងៃនៅឆ្នាំ ២០២៦ ខណៈដែលតម្រូវការ របស់ប្រទេសក្រៅ OECD ត្រូវបានព្យាករណ៍ថានឹងកើនឡើងប្រហែល ៤០ម៉ឺនបារ៉ែលក្នុងមួយថ្ងៃ។
នៅក្នុងរបាយការណ៍មុនកាលពីខែកញ្ញា អង្គការនេះបានប៉ាន់ប្រមាណកំណើនតម្រូវការប្រេងសកលចំនួន ៤០ម៉ឺនបារ៉ែលក្នុងមួយថ្ងៃ សម្រាប់ឆ្នាំ ២០២៦។
ទោះបីជាមានការព្យាករណ៍ទាប ជាងមុនសម្រាប់ឆ្នាំ ២០២៦ ក៏ដោយ ក៏របាយការណ៍នេះ បានបន្តកែ សម្រួលការ ព្យាករណ៍សម្រាប់ឆ្នាំ ២០២៧ ឱ្យខ្ពស់ជាងមុន ដោយតម្រូវការប្រេងសកលត្រូវបានរំពឹងថា នឹងកើនឡើងប្រហែល ២,៦ លានបារ៉ែលក្នុងមួយថ្ងៃ (ធៀបនឹងឆ្នាំមុន) បើធៀបនឹងការប៉ាន់ប្រមាណពីមុនដែលមានចំនួន ២,៤ លានបារ៉ែលក្នុងមួយថ្ងៃ។
យោងតាមរបាយការណ៍កាលពីថ្ងៃអង្គារ ការកែសម្រួលតួលេខ ឱ្យខ្ពស់ជាងមុននេះ គឺដោយសារតែការរំពឹង ទុកអំពីតម្រូវការកើនឡើង សម្រាប់ទាំងប្រទេសជាសមាជិក OECD និងប្រទេសក្រៅពីសមាជិក OECD៕
